ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន៖ កម្ពុជាបើកទេសចរណ៍ឡើងវិញ ធ្វើឱ្យអាស៊ានអាចយកគំរូតាម
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីថា ការប្រកាសបើកទេសចរណ៍ឡើងវិញ និងលើកលែងចំពោះការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរទូទៅ ដែលចូលមកកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសកម្ពុជា ក្រោយពីទទួលរងផលប៉ះពាល់រយៈពេលពីរឆ្នាំកន្លងមក។

លោកស្រីអះអាងថា ការបើកឡើងវិញនេះ នឹងជំរុញឲ្យភ្ញៀវទេសចរធ្វើដំណើរចូលមកកម្ពុជា បើទោះបីជាមិនទាន់ធ្វើដំណើរចូលមកភ្លាមៗក៏ដោយ ប៉ុន្តែពេលនេះចាប់ផ្ដើមចូលមកជាបណ្ដើរៗហើយ ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាស បើកប្រទេស ក៏ដូចជាបើកទេសចរណ៍នៅវិញនេះ។
បើតាមលោកស្រី ឆាយ ស៊ីវលីន ស្ថានភាពនេះ នឹងធ្វើឲ្យអាជីវករបានស្ដារអាជីវកម្មរបស់ពួកគាត់ឡើងវិញ ខណៈដែលដំណឹងនេះ ត្រូវបានពួកគាត់ទន្ទឹងរង់ចាំជាយូរមកហើយ ឲ្យតែមានការប្រកាសបើកឡើងវិញនេះពួកគាត់ នឹងប្រញាប់ប្រញាល់ត្រឡប់ចូលមកកាន់កន្លែង រៀបចំការងារ ដើម្បីត្រៀមទទួលភ្ញៀវទេសចរឡើងវិញ។

លោកស្រីអះអាងថា “តាមរយៈទេសចរនេះ នឹងធ្វើឲ្យអន្តរវិស័យទាំងអស់រស់រានមានជីវិតឡើងវិញ ដូចអ្វីដែលយើងបានឃើញស្រាប់ហើយ កន្លងមកនៅពេលដែលវិស័យទេសចរណ៍បានស្លាប់ ធ្វើឲ្យវិស័យមួយចំនួន ក៏មិនអាចរស់បានដែរ ដូច្នេះតាមរយៈវិស័យទេសចរណ៍នេះ អាចធ្វើការអភិវឌ្ឍបានច្រើនវិស័យ តាំងពីចំណូលរបស់ជាតិ ក៏ដូចជាអជីវកម្មមូលដ្ឋានជាដើម”។
ទាក់ទងទៅនឹងហានិភ័យ នៅពេលដែលបើកទេសចរណ៍ ក៏ដូចជាការបើកប្រទេសឡើងវិញ លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា អ្វីក៏មានឧបសគ្គ មានបញ្ហាកើតឡើងដែរ បើទោះបីជាមិនមានការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏យើងនៅតែមានឧបសគ្គទោះតិច ឬច្រើន ប៉ុន្តែបើយើងភ័យពេក ខ្លាចពេក ក៏ធ្វើឱ្យសរសៃឈាមសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងស្លាប់ស្តូកស្តឹងដែរ។

ទោះជាយ៉ាងណា លោកស្រីបានអះអាងថា ការបើកនេះ គឺសម្រាប់ទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ ដូច្នេះប្រសិនបើមានហានិភ័យ ក៏មានក្នុងកម្រិតទាបដែរ។ មានន័យថា ប្រសិនបើឆ្លង ក៏ក្នុងកម្រិតស្រាលដែរ ហើយរយៈពេល២ ឆ្នាំនេះ ក៏ធ្វើឱ្យផ្នែកសុខាភិបាលរបស់យើងមានបទពិសោធន៍ផងដែរ ដើម្បីទប់ស្កាត់ និងព្យាបាល ហើយក៏មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ផងដែរ។
ការចាប់ផ្ដើមបើកទេសចរណ៍ឡើងវិញនេះ នឹងធ្វើឲ្យអ្នកជំនាញទេសចរណ៍វិលត្រឡប់មករកជំនាញដើមរបស់ខ្លួនឡើងវិញ ហើយអាជីវកម្មទេសចរណ៍ទាំងអស់ ក៏នឹងចាប់ផ្ដើមរៀបចំការងាររបស់ខ្លួនឡើងវិញផងដែរ។
ទោះជាយ៉ាងណាលោកស្រីបានអះអាងថា វិស័យទេសចរណ៍ នឹងមិនភ្លេចវិធានការ ដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលនោះឡើយ។
មកដល់ពេលនេះ សម្រាប់ទីភ្នាក់ងារទេសចរណ៍ឯកជន បាននិងកំពុងធ្វើការទំនាក់ទំនង ទៅដល់ដៃគូរបស់ខ្លួន ក៏ដូចជាសហព័ន្ធសហគមន៍ទេសចរណ៍ នៅក្នុងអាស៊ាន និងពិភពលោកដើម្បីផ្ដល់ពីព័ត៌មានចាំបាច់ផ្សេងៗ ដូចជាខ្សែទស្សនកិច្ច ឬផលិតផលថ្មី ឲ្យពួកគាត់បានដឹង នេះបើតាមលោកស្រី ឆាយ ស៊ីវលីន។
លោកស្រីថា តាមរយៈការបើកប្រទេសឡើងវិញរបស់កម្ពុជាបានបណ្ដាលឱ្យប្រទេសជាច្រើននៅក្នុងអាស៊ាន កំពុងតែចាប់អារម្មណ៍ និងជជែកពិភាក្សាគ្នា ហើយលោកស្រីជឿជាក់ថា បណ្ដាប្រទេសអាស៊ាននឹងយកកម្ពុជា ធ្វើជាគំរូ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះអះអាងថា “សម្រាប់វិស័យឯកជនយើងអបអរសាទរយ៉ាងខ្លាំង ចំពោះការបើកដំណើរការប្រទេស ក៏ដូចជាទេសចរណ៍ឡើងវិញនេះ”៕
អត្ថបទៈ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ