ព័ត៌មានជាតិ
កម្ពុជាចាប់ផ្តើមចាក់បញ្ចាំងភាពយន្តនៃព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ីអឺរ៉ុបឆ្នាំ២០២១
ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសហភាពអឺរ៉ុប មូលនិធិអាស៊ីអឺរ៉ុប (ASEF) គាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាក់បញ្ចាំងភាពយន្តនៃព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ីអឺរ៉ុប ឆ្នាំ២០២១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរោងភាពយន្តមេជើស៊ីណេភ្លិច សាខាអេអន១ ក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានឲ្យដឹងនៅក្នុងពិធីថាពិធីបើកការចាក់បញ្ចាំងខ្សែភាពយន្តនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ក្រោមប្រធានបទ អាស៊ី-អឺរ៉ុប៖ ចំណងវប្បធម៌ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បន្ទាប់ពីត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។
លោកបានបន្តថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តនាពេលនេះ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ គឺដើម្បីចូលរួមលើកស្ទួយទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងប្រជាជន និងប្រជាជនៃទ្វីបទាំង២ អាស៊ី និងអឺរ៉ុប ពិសេសបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ ប្រពៃណីទំនៀមទំលាប់ និងភាពចម្រុះនៃវប្បធម៌អាស៊ី និងអឺរ៉ុប។
លោកបានបន្តថា ភាពយន្តចំនួន៤បានដាក់ស្នើសុំចាក់បញ្ចាំងក្នុងមហោស្រពនេះ ក្នុងនោះរួមមានភាពយន្ត ១. ភាពយន្តរឿង ទ្វាររបង (The Gate) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជា បារាំង និងប៊ែលហ្សិក។ ភាពយន្តនេះដឹកនាំរឿងដោយ លោក Régis Wargnier ជនជាតិបារាំង។ ២.ភាពយន្តរឿង កង្វះរូបភាព (Missing the Picture) ផលិតក្នុងឆ្នាំ២០១៣ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជា និងបារាំង ។ រឿងកង្វះរូបភាព ដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ជាផលិតករជនជាតិខ្មែរ ហើយស្នាដៃភាពយន្តរឿងកង្វះរូបភាពនេះទទួលបានពានរង្វាន់ពីមហាស្រពភាពយន្តអន្តរជាតិជាច្រើន ក្នុងនោះពានរង្វាន់ UnCertain regard Prize ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ២០១៣។ ៣.ភាពយន្តរឿង ទាហ៊ានស្បែកស (White Soldier) ផលិតក្នុងឆ្នាំ២០១៥ ដោយប្រើប្រាស់ទីតាំងថតនៅកម្ពុជា ជំនួសប្រទេសវៀតណាម។ ភាពយន្តនេះដឹកនាំរឿងដោយលោក Érick Zonca ជនជាតិបារាំង។ ភាពយន្តរឿង ទាហ៊ានស្បែកស ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា ភាពយន្តទូរទស្សន៍ ឬរឿងភាគល្អបំផុតក្នុងកម្មវិធីពានរង្វាន់ International Emmy Awards។ ៤.ភាពយន្តរឿង ដុំហ្វីលចុងក្រោយ (The Last Reels) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ដោយផលិតកម្មហនុមាន ដឹកនាំរឿងដោយលោកស្រី សុទ្ធោ កូលីកា និងនិពន្ធដោយលោក Ian Master ជនជាតិអង់គ្លេស។ ភាពយន្តរឿង ដុំហ្វីលចុងក្រោយទទួលបានពានរង្វាន់ «Spirit of Asia Award» ដែលជារង្វាន់ពិសេសពីមូលនិធិជប៉ុននៅក្នុងមហោស្រពភាពយន្តអន្តរជាតិតូក្យូឆ្នាំ២០១៤។
លោកបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍មហោស្រពវប្បធម៌អាស៊ីអឺរ៉ុបនេះដែរ ភាពយន្តកម្ពុជាមួយចំណងជើងទៀត គឺរឿង ប៊ូឌីញស (White Building) ក៏បានធ្វើការចាក់បញ្ចាំងនៅក្រុងព្រុចសែល ប្រទេសប៊ែលសហ្សិក ក្នុងកម្មវិធីCurtain Raiser កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅផងដែរ។ ភាពយន្តរឿងប៊ូឌីញស ដែលនិពន្ធ និងដឹកនាំរឿងដោយលោក នាង កាវិច ផលិតក្នុងឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ទទួលបានពានរង្វាន់តួសម្តែងបុរសឆ្នើម ក្នុងមហោស្រពភាពយន្តអន្តរជាតិ ទីក្រុងVenice ប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ។
លោកបានបញ្ជាក់ថា សម្រាប់កម្មវិធីចាក់បញ្ចាំងភាពយន្តទាំង៤ចំណងជើងខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរោងភាពយន្តមេជើស៊ីណេភ្លិច សាខាអេអន១ ។
លោក ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងក្នុងពិធីបើកការចាក់បញ្ចាំងខ្សែភាពយន្តនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ដែលមានរយៈពេល៥ថ្ងៃពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១មានភាពចម្រុះនៃវប្បធម៌អាស៊ីនិងអឺរ៉ុបជាមួយនឹងការសម្តែងសិល្បៈទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សាក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍនិងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។
លោកបានបន្តទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តរាតត្បាតនៅលើសកលលោកទាំងមូលមហោស្រពវប្បធម៌ឆ្នាំនេះប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញផង និងកម្មវិធីមួយចំនួនធ្វើដោយផ្ទាល់ផង។ មានព្រឹត្តិការណ៍វប្បធម៌ជាង៣០ចូលរួមដោយសិល្បករអាស៊ី និងអឺរ៉ុបជាង១០០នាក់ នឹងត្រូវបង្ហាញជូនជាមួយនឹងភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងកិច្ចសហការប្រកបដោយភាពច្នៃប្រឌិតរវាងអាស៊ី និងអឺរ៉ុប តាមរយៈល្ខោន របាំតន្ត្រី សិល្បៈទស្សនីយភាព សិល្បៈសូនរូប និងបទបង្ហាញជាច្រើនទៀត។
ក្នុងនោះនៅរាជធានីភ្នំពេញមានកម្មវិធីវប្បធម៌ចំនួនពីរដែលរៀបចំដោយផ្ទាល់គឺ៖ ការតាំងពិព័រណ៍វប្បធម៌នៅសារមន្ទីរជាតិ ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តMajor Cineplex សាខា AEON1 ចំនួន៣ថ្ងៃគឺ ថ្ងៃទី២២, ២៤ និង២៦ខែវិច្ឆិកានេះ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ដែលក្នុងនោះមាន ៣០ប្រទេស ក្នុងទ្វីបអឺរ៉ុប និង២១ប្រទេសក្នុងទ្វីបអាស៊ីរួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានដែលបង្កើតបានជាដៃគូសរុបចំនួន ៥៣។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នៅថ្ងៃទី២៥និង២៦ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ