ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសឱ្យប្រុងប្រយ័ត្ន និងវិធីបង្ការជំងឺ ពេលអាកាសធាតុចុះត្រជាក់
ក្រសួងសុខាភិបាលបានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺមួយចំនួន នៅកំឡុងពេលដែលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ២២ ខែវិច្ឆិកានេះថា កម្ពុជានឹងចុះត្រជាក់ខ្លាំងចាប់ពីដើមខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ព្រោះចាប់ពីខែធ្នូ ឆ្នាំ ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកត្រឹម ៦០% នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុត្រជាក់ នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងនៅសេចក្តីជូនព័ត៌មានដែលទើបទទួលបាននៅថ្ងៃនេះ ដោយបានណែនាំប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំងត្រូវចេះការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារបានល្អ និងអាចចៀសផុត ពីជំងឺតម្កាត់ដែលអាចកើតមានដោយជាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីធ្នូ ដល់ខែមករា នៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើម បណ្ដាលមកពីវីរុស និងមេរោគស្គ្រីបតូកូក ដែលបង្កឱ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និង រលាកក្រពះពោះវៀនដោយពពួកវីរុស ឬការឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ ជាយថាហេតុជាដើម ដែលនៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោកបានជួបប្រទះរួចទៅហើយ។
លោករដ្ឋមន្ត្រីបានបង្ហាញពីវិធានការសាមញ្ញ មួយចំនួន ដែលលោកអ្នកអាចអនុវត្តដើម្បីថែរក្សាខ្លួនអ្នក និងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ជរា ទារក និងកុមារ គឺត្រូវស្លៀកពាក់អាវក្រាស់ រុំនឹងកន្សែង ពាក់មួក និងស្រោមដៃរងា ដើម្បីការពារកុំឱ្យធាតុអាកាសត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឱ្យមានការក្សាកម្តៅនៅក្នុងខ្លួនជាធម្មតា។ ត្រូវស្វែងរកការព្យាបាលវេជ្ជសាស្ត្រ នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញ ពិបាកដកដង្ហើម ក្តៅ ក្អក ឈឺក និង សាច់ជុំ ឬសង្ស័យថាជាជំងឺកូរីដ-១៩ ឬមានបញ្ហាសុខភាពផ្សេងទៀត។

លោករដ្ឋមន្ត្រីបានបន្ថែមថា សូមធ្វើដំណើរតែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថាមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យាពេលការធ្វើដំណើររហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថ ប្រភេទអង់ទីប៊ីយូទិក (ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ហាឡើយ។ ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមយកដៃអាវខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ដោយមិនត្រូវប្រើដៃទទេទៅខ្ទប់នោះទេ។ ត្រូវ លាងសម្អាត ដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬអាកុល ឬជែលលាងដៃ ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ផ្ទៃមុខ ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងដៃទេនោះ។ បើប្រាស្រ័យទាក់ទងជាមួយអ្នកឈើ ត្រូវចេះការពារខ្លួនកុំឱ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទពេក និងត្រូវអនុវត្តវិធានការ ៣កុំនិង៣ការពារ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះ ទារក កុមារ និងមនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់ ដោយសារទារកបាត់បង់កម្ដៅរាងកាយរហ័សជាងមនុស្សធំ ហើយមនុស្សចាស់ សរីរាង្គពិបាកទប់ទល់ជាមួយអាកាសធាតុត្រជាក់។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សារាងកាយឱ្យបានគ្រប់បានទ។
លោករដ្ឋមន្ត្រីបានណែនាំមិនគួរឱ្យទារកអាយុតិចជាងមួយឆ្នាំ ដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅ និងតណ្តប់ភួយសម្រាប់ទារកឱ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាពឱ្យយបានកក់ក្ដៅសម្រាប់ខ្លួនប្រាណពួកគ ក៏ដូចជានៅក្នុងបន្ទប់របស់ទារក។

ចំណែកមនុស្សវ័យចំណាស់ ជាញឹកញាប់មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះ មនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូង ជាដើម។
ដូចនេះកុមារតូចៗ និងមនុស្សវ័យចំណាស់ គួរតែស្លៀកសម្លៀកបំពាក់ច្រើនជាន់ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្ដៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះ វាអាចរំខានដល់ចរាចរណ៍ឈាមក្នុងរាងកាយ និងបណ្តាលឱ្យបាត់បង់កម្ដៅរាងកាយទៅវិញ។ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅ ក្នុងពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាកម្ដៅក្នុងរាងកាយ ដែលអាចបាត់បង់តាមរយៈដៃ ក្បាល និងជើង។ ត្រូវពិសារទឹកឱ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ