ព័ត៌មានជាតិ
៤ ចំណុចបេក្ខជនត្រៀមប្រឡងបាក់ឌុបត្រូវដឹង ប្រយ័ត្នធ្លាក់ដោយស្វ័យប្រវត្តិ
ក្រសួងអប់រំ យុវជននិងកីឡាបានចេញសេចក្តីណែនាំ ចំពោះបេក្ខជនដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃ ២៧ ធ្នូ ឆ្នាំ២០២១ នេះ។
ក្នុងសេចក្តីប្រកាសបានកំណត់យ៉ាងច្បាស់ពីបទបញ្ញត្តិនិងការដាក់ពិន័យ ចំពោះបេក្ខជនដែលអនុវត្តខុសគោលការណ៍ណែនាំ អាចប្រឈមបាត់បង់សិទ្ធិប្រឡងនិងធ្លាក់ដោយស្វ័យប្រវត្តិ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/exam-1024x682.jpg)
បេក្ខជនដែលមានសកម្មភាព ត្រូវចាត់ទុកថាជាការលួចចម្លង៖
– មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើងលើកន្សែងជូតមុខក្នុងបន្ទប់ប្រឡង
– ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ
– អើតមើលសន្លឹកកិច្ចការអ្នកដទៃ
– ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
– អង្គយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
– រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
– បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លង
– ប្តូរសន្លឹកកិច្ចការគ្នា ប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លងគ្នាជាក់ស្តែង។
កម្រិតវិន័យចំពោះសកម្មភាពលួចចម្លង៖
កម្រិតវិន័យសម្រាប់បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដូចបានកំណត់ក្នុងប្រការនេះត្រូវចាត់ ទុកថាជាអំពើលួចចម្លង ត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត និងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
បេក្ខជនធ្វើសកម្មភាពដែលចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី១ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ៖
– មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌលដោយមិនបន្ថែមម៉ោងឡើយ
– សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន
– ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នាទាំងស្រុង
– ចម្លើយសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណើវិញ្ញាសាដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយការធ្វើកោសល្យវិច័យ
– ឃើញថាសន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។
កម្រិតវិន័យថ្នាក់ទី១៖ បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត១ដូចបានកំណត់នេះត្រូវចាត់ទុកថា ជាអំពើដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ នឹងមិនអនុញ្ញាតឱ្យចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
បេក្ខជនធ្វើសកម្មភាព ដែលចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី២៖
– ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស
– ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស
– ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង
– ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង
– ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន
– សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ
– បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា
– បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ
– ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង
– ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
– យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
– ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។
កម្រិតវិន័យថ្នាក់ទី២ – បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត២ ដូចបានកំណត់ក្នុងប្រការនេះត្រូវបាន កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។
បេក្ខជនធ្វើសកម្មភាព ដែលចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣៖
– យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង
– ឱ្យអ្នកដទៃមកប្រឡងជំនួស
– ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា
– មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នក មានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។
កម្រិតវិន័យថ្នាក់ទី៣៖ បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត៣ ដូចបានកំណត់ក្នុងប្រការនេះ ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័ន មានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ បើតាមជំពូកទី៥ ទោសប្បញ្ញត្តិបទល្មើសការបន្លំក្នុងការប្រឡង តាមមាត្រា៤៩ នៃច្បាប់ស្តីពីការអប់រំ ចែងថា សាមីខ្លួន ឬជនណា ដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងដូចបានបញ្ញត្តិក្នុងមាត្រា២៦ នៃច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល។
ករណីមិនរាងចាល សាមីខ្លួនត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍ខាងលើ ហើយត្រូវព្យួរការប្រឡងសម្រាប់រយៈពេល ២(ពីរ)ឆ្នាំ ឬហាមឃាត់មិនឱ្យចុះឈ្មោះក្នុងបញ្ជី ប្រឡងជាស្ថាពរ។
ចំពោះជនដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច