ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

Published

on

ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​២ ខែធ្នូ ឆ្នាំ​២០២០ សន្ទុះ​នៃ​ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម (​គោ​-​ក្របី ជ្រូក និង​បក្សី​) មានការ​កើនឡើង​សរុប ១៧,៦០% ពី ៤២ ០២២ ១៣៧​ក្បាល ទៅ ៤៩ ៤២៣ ៥៥៨​ក្បាល បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​បាននិងកំពុង​ជួប​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ស្មារតី​ទទួលខុសត្រូវ អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ទាំង​ផ្នែក​សាកវប្បកម្ម វារីវប្បកម្ម និង​ផលិតកម្ម​ចិញ្ចឹមសត្វ ដើម្បី​រួមចំណែក​បង្កើត​ការងារ បង្កើត និង​បង្កើន​ប្រភព​ចំណូល​ក្នុង​គ្រួសារ និង​ធានា​សុវត្ថិភាព​ស្បៀង​។

ជាក់ស្តែង កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ១ ២៣២​កន្លែង ក្នុង​នោះ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​មាន​ចំនួន ៦៨១​កន្លែង មាន​សត្វ​ក្នុង​ស្តុក ១៧ ១៣៤ ៥៨៨​ក្បាល កើន​លើស​ឆ្នាំ​២០១៩ ប្រមាណ​ជា ៣៥,៦០%​។ រីឯ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន ៥៤៧​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន ១ ៣៣៩ ២១០​ក្បាល កើនឡើង ១៥,៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​គឺមាន​សរុប ៥៤​កន្លែង និង​មាន​សត្វ​ក្នុង​ស្តុក​ចំនួន ១២ ៩៧៤​ក្បាល​ផងដែរ​៕
ដោយ ៖ វ​ត្តី

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម