ព័ត៌មានជាតិ
អាថ៌កំបាំង សិល្បៈល្ខោនស្រមោលស្បែកធំ ដែលមិនសូវមានអ្នកដឹង
នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃគម្រប់ខួប ១៦ ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization)។

ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីសតវត្សរ៍ទី ១ មកម្ល៉េះ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឱ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកធំនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧។
ហេតុនេះហើយទើបសក្ខីកម្មនៃល្ខោនស្បែកនេះ ដែលគេហៅថា ល្ខោនអាយ៉ង ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ។ គេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាប ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចម្រើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ក្រោយសតវត្សរ៍ទី ១៣ ជនជាតិជិតខាងខ្លះបានយល់ច្រឡំថា សិល្បៈស្បែកខ្មែរដែលប្រជាជនខេត្តបាត់ដំបងតែងហៅថា ណាំងស្បែក នោះគឺ មានកំណើតចេញពីប្រទេសថៃ។
កេរ្តិ៍មរតកសិល្បៈស្បែកខ្មែរនេះ មានអាយុកាលប្រមាណ ២ ពាន់ឆ្នាំមកហើយ ដែលសូម្បីតែជនជាតិខ្មែរខ្លួនឯង ក៏សឹងតែពុំបានដឹងច្បាស់នាពេលកន្លងមកផង ដោយសារតែខ្វះឯកសារ។ ឯជនជាតិប្រទេសជិតខាងខ្លះក៏បានលើកយកមរតកសិល្បៈខ្មែរនេះ ថាជារបស់ជាតិសាសន៍របស់ខ្លួនក៏មាន ដូចជា ជនជាតិថៃ ឬ ជនជាតិម៉ាឡេ ជាដើម។ តែទោះយ៉ាងណាក៏ដោយ ការស្រាវជ្រាវនាពេលក្រោយៗនេះ បន្ទាប់ពីស្រុកទេសបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃទៅ ទើបបានដឹងច្បាស់ថែមទៀតថា សិល្បៈស្បែកខ្មែរមានកំណើតនាដើមសតវត្សទី ១ ដែលមានលំហូរចូលពីប្រភពប្រទេសឥណ្ឌាមក។

សិល្បៈស្បែកនេះដំបូងឡើយ មាននៅប្រទេសឥណ្ឌាភាគខាងត្បូង ដែលជាសិល្បៈធ្វើឡើងសម្រាប់ជាតង្វាយដល់ព្រះអាទិទេពដ៏មាន មហិទ្ធិឫទ្ធិរបស់ឥណ្ឌា។ តង្វាយសិល្បៈស្បែកនេះ ជាការបួងសួងសុំសេចក្តីសុខចម្រើន និងសិរីមង្គលសម្រាប់ប្រជាជនឥណ្ឌា។ ការកកើតឡើងនូវសិល្បៈស្បែកនេះ លើទឹកនៃព្រះរាជាណាចក្រកម្ពុជាដំបូងបំផុត ដោយឥណ្ឌារូបនីយកម្មនាដើម សតវត្សទី១ នៃគ្រិស្តសករាជ។ ក្នុងពេលមានរំហូរចូលសិល្បៈស្បែកបែបនេះមកក្នុងប្រទេសខ្មែរ នៅឯប្រទេសឥណ្ឌាមានសិល្បៈស្បែកនេះពាសពេញ ដូចជាស្រុកប៉ីជបូរ បៃលារី ជិត្រទូគ៌ា រីង្គាឡ័រមីស័រ ស្សីភេគ ម័ងឌីយ៉ា ទុបកូរ និងស្រុកនាតកា ដែលសិល្បៈស្បែកនេះមានលក្ខណៈស្រដៀងដូចសិល្បៈស្បែកខ្មែរបច្ចុប្បន្ននេះដែរ។
សូមជម្រាបបន្ថែមថា ភាពស្រដៀងគ្នារវាងសិល្បៈស្បែកខ្មែរ និងឥណ្ឌានេះ ជាការបញ្ជាក់ថា សិល្បៈស្បែកទាំងពីរសុទ្ធតែមានភាពចំណាស់នៃប្រវត្តិនៅក្នុងប្រទេសនីមួយៗយ៉ាងពិតប្រាកដ ហើយសិល្បៈស្បែកនេះ ក៏នៅតែបន្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះទៀត ក្រោយពីបានជះឥទ្ធិពលលើ “ណាំងថៃ” នាសម័យសុខោទ័យ និងអាយុធ្យា។ ជារួមដូចប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ សិល្បៈស្បែកខ្មែរ ពិតជាមានប្រភពចេញពីឥណ្ឌាយ៉ាងប្រាកដ។

ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់ ពីសម័យបុរាណ ហាក់បីដូចនៅតាមសិលាចារឹកតាមប្រាសាទ។ ល្ខោនស្រមោលស្បែកធំមានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី ៩។ វាគឺជាសិល្បៈសម្រាប់បូជា ហើយ ដាច់ដោយឡែកពី កាព្យរាមកេរ្តិ៍ ដោយវាមានតុក្កតាស្បែកធំបង្ហាញលើផ្ទាំងក្រណាត់ផ្ទៃស នូវ ស្រមោល។ ឆ្នាំ ១៩៦៨ ក្រុមល្ខោនស្បែកធំបានបង្កើតក្រុមរបាំបុរាណ ហើយបន្ទាប់មក ក៏ក្លាយជា នាយកដ្ឋានវិចិត្រសិល្បៈ។ បន្ទាប់ពីឆ្នាំ ១៩៧៩ សិល្បករដែលសេសសល់ ពីសម័យ ប៉ុល ពត បានប្រមូលតុក្កតាស្បែកពីគ្រប់ទីកន្លែង ក្នុងប្រទេសដើម្បីបន្តការសម្តែងក្នុង ឆ្នាំ ១៩៩១ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយនូវផ្ទៃស្រមោលដ៏ធំមួយទៅសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលជាអ្នកដកស្រង់ និងតែងនិពន្ធរបាំពីរឿង រាមកេរ្តិ៍ គឺ ចំបាំងព្រះឥន្ទ និងចំបាំង សនាគកាបាស់។ ក្រសួងវប្បធម៌ និង អង្គការក្រៅរដ្ឋាភិបាល យ៉ូណេស្កូ ផ្តល់ស្បែកធំមួយឈុត ទៅឱ្យសាស្ត្រាចារ្យ ហង្ស សុត បញ្ជូនទៅកាន់ក្រុមសិល្បករ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន មានតុក្កតាស្រមោលប្រាំ សម្រាប់ក្នុងប្រទេសគឺ ពីរឈុតគ្រប់គ្រងដោយមន្ទីរសិល្បៈនៃរាជធានីភ្នំពេញ ក្នុងខេត្តសៀមរាប (ក្រុមសិល្បករ ឈៀន និងក្រុមសិល្បករវត្តបូរ) និងមជ្ឈមណ្ឌលវប្បធម៌ខេត្តបន្ទាយមានជ័យ។ ល្ខោនស្រមោលស្បែកធំត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

ឧបករណ៍នៃល្ខោនស្រមោលស្បែកធំ មានដូចជា ផ្ទាំងក្រណាត់ស, ផ្ទាំងតួសម្ដែង ធ្វើអំពីស្បែកគោ ដែលឆ្លាក់ចេញជាក្បូរក្បាច់រចនាមានរូប ព្រះរាម ព្រះលក្សណ៍ ឥន្ទ្រជិត នាងសេដា ជាដើម, ភ្លើងបំភ្លឺ (លលាដ៏ដូងដុត គំនរឧស ភ្លើងចន្លុះ)។ ឯវង់តន្ត្រីជូនសិល្បៈស្បែកពណ៌នេះវិញ គឺវង់ភ្លេងពិណពាទ្យ វង់តូចដែលមានឧបករណ៍តន្ត្រីប្រាំមុខគឺ រនាតឯក គងវង់ធំ ស្រឡៃតូច សំភោរ និងស្គរធំ ហើយបទភ្លេងភាគច្រើន គឺខ្ចីមកពីវង់ភ្លេងមហោរី។
គួរបញ្ជាក់ថានេះ ដើម្បីអបអរ នៃការចុះ ល្ខោនស្រមោលស្បែកធំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ខួបលើកទី ១៦ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ សាលាមធ្យមវិចិត្រសិល្បៈសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិរៀបចំសម្តែងល្ខោនស្រមោលស្បែកធំអន្លើ “នាងបុញ្ញកាយ” វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នៅក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅ វិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាធារណជន អាចចូលទៅទស្សនាដោយសេរី និងមិនគិតថ្លៃ ដោយអនុវត្តវិធានការសុខាភិបាលបង្ការជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ (កែសម្រួល និងដកស្រង់ចេញពី ឯកសាររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច