Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចនឹងផ្គត់ផ្គង់ជ្រូកគ្រប់តម្រូវការក្នុងស្រុកនិងអាចនាំចេញនៅឆ្នាំ ២០២២

បានផុស

នៅ

កសិករជាអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា ភាគច្រើននៅមិនទាន់ចិញ្ចឹមបានត្រឹមត្រូវតាមបច្ចេកទេសនៅឡើយទេ ដោយពួកគាត់ចិញ្ចឹមតាមអ្វីដែលខ្លួនគិត មិនបានវិភាគទីផ្សារ ដូច្នេះហើយទើបពេលខ្លះគ្រប់តម្រូវការ ខ្លះទៀតលើសតម្រូវការបណ្តាលឲ្យកកស្ទះ ឬផ្គត់ផ្គង់តម្រូវការក្នុងស្រុកមិនគ្រប់ជាដើម។ នេះជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊្រុន ពៅ បានលើកឡើងទៀតថា កសិករគួរតែចូលជាសមាជិកសមាគម ព្រោះទទួលបានអត្ថប្រយោជន៍ច្រើន ដូចជាសមាគមជួយសម្របសម្រួលដល់ការចិញ្ចឹមបង្ហាត់បង្ហាញពួកគាត់ ឲ្យស្គាល់ជ្រូកពូជ ជួយរកទីផ្សារជូនកសិករ។ លោកបន្តថា ការចូលជាសមាជិក មានការបញ្ជាក់តម្លៃច្បាស់លាស់ ងាយស្រួលសម្រាប់កសិករ មិនចាញ់បោកឈ្មួញក្រឡុកទីផ្សារ។ លោក ស៊ុន​ ពៅ បន្ថែមថា ការចូលជាសមាជិកសមាគមអ្នកចិញ្ចឹមសត្វ មិនចំណាយថវិកានោះទេ។

បើតាមលោក ស្រ៊ុន ពៅ កាលពីឆ្នាំ ២០១៩ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានសមាជិកជាង ១ម៉ឺននាក់។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើកសិករខ្មែរ មានចំណេះដឹងក្នុងការចិញ្ចឹមជ្រូកតាមបច្ចេកទេសត្រឹមនោះ កម្ពុជា អាចនឹងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់មិនចាំបាច់នាំចូលពីខាងក្រៅ និងឈានដល់ការនំាចេញថែមទៀតផង។ ដោយលោកអះអាងថា នៅឆ្នាំ ២០២២ខាងមុខ បើកសិករ រៀបចំការចិញ្ចឹមបានល្អ កម្ពុជា នឹងអាចនាំចេញជ្រូកទៅក្រៅប្រទេសបាន។ ផ្ទុយទៅវិញ បើកសិករនៅតែបន្តចិញ្ចឹមជ្រូកតាមបែបធម្មតាគ្មានបច្ចេកទេនោះ កម្ពុជា នឹងនៅតែបន្តនាំចូលជ្រូកពីខាងក្រៅចន្លោះពីមួយថ្ងៃ ៨,០០០ក្បាលទៅ ១០,០០០ក្បាលរៀងរាល់ថ្ងៃ។

«បច្ចុប្បន្នេះ នៅតាមកសិដ្ឋានក្នុងស្រុកមានមេពូជចន្លោះពី ៤០,០០០ក្បាលទៅ ៥០,០០០ក្បាល បើស្ថានភាពល្អប្រសើរ មេទាំងនេះនឹងធ្លាក់កូនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់ចាប់ពីឆ្នាំ ២០២២ទៅ»។

លើសពីនេះទៀត លោកជំរុញឲ្យប្រជាកសិករចេះជ្រើសរើសជ្រូកពូជមកចិញ្ចឹមឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលចំណេញខ្ពស់ និងមិនខាតពេលវេលា។ លោកថា កសិករខ្លះ យកជ្រូកសាច់មកធ្វើជាមេពូជ ដែលមេទាំងនេះ បង្កើតកូនបានប្រហែល ៧ទៅ១០ក្បាលប៉ុណ្ណោះ ខុសពីមេពូជល្អ អាចបង្កើតកូនបានចន្លោះពី ១០ ទៅ១៥ក្បាល។ ប៉ុន្តែកសិករគ្មានលទ្ធភាពក្នុងការទិញមេពូជមកចិញ្ចឹម ព្រោះមេពូជត្រូវស្តង់ដារក្នុងមួយក្បាលតម្លៃ ៣០០ដុល្លារទៅ ៤០០ដុល្លារឯណោះ។ មេពូជ សព្វថ្ងៃគិតក្នុងស្រុកប្រហែល ១០ម៉ឺនក្បាល នាំចូលពីប្រទេសថៃ វៀតណាម ម៉ាឡេស៊ី អាហ្វ្រិច អាមេរិកជាដើម។

បច្ចុប្បន្នសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងពង្រឹងកសិដ្ឋានធំៗ ដើម្បីធ្វើឲ្យត្រូវតាមស្តង់ដារ ទើបអាចផលិតជ្រូកផ្គត់ផ្គង់ទីផ្សារគ្រប់ និងអាចនាំចេញបាននៅថ្ងៃខាងមុខ។

សព្វថ្ងៃ​កម្ពុជា មានកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួន ៥០០កសិដ្ឋាន ដែលតួលេខនេះ គិតតែកសិដ្ឋានដែលមានជ្រូកធំៗចាប់ពី៥០០ក្បាលឡើង។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម