ព័ត៌មានជាតិ
ស្រាយចម្ងល់ សំនួរកសិករសួររដ្ឋមន្រ្តីក្រសួងកសិកម្ម ច្រើនបំផុត
ដោយបានពិនិត្យឃើញថា មានបងប្អូនជាកសិករនិងពលរដ្ឋមួយចំនួន នៅបន្តលើកយកចម្ងល់លើវិស័យកសិកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកបកស្រាយបំភ្លឺបញ្ជាក់ជូនសារឡើងវិញ។
បើតាមលោករដ្ឋមន្រ្តីបានបញ្ជាក់ថា មួយរយៈកាលកន្លងមកនេះ ក្រសួងបានខិតខំបកស្រាយបញ្ហាចម្ងល់ជាបន្តបន្ទាប់ជូនសាធារណជនជុំវិញការងារកសិកម្ម។ ប៉ុន្តែក្រសួងក៏បានសង្កេតឃើញថានៅតែមានចម្ងល់ជាបន្តបន្ទាប់ តម្រូវឱ្យក្រសួងធ្វើការបកស្រាយបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យកសិកម្ម។
១. តើអ្វីទៅជារបាំងអនាម័យនិងភូតគាមអនាម័យ(Sanitary and Phyto-Sanitary-SPS)?
អនាម័យនិងភូតគាមអនាម័យ គឺជាបណ្តាវិធានការនានារបស់រដ្ឋាភិបាលនីមួយៗបានដាក់ចេញក្នុងគោលបំណងដើម្បីការពារសុខភាព អាយុជិវិត មនុស្ស សត្វ និងរុក្ខជាតិក្នុងដែនដីនៃប្រទេសរបស់ខ្លួន។ ប្រទេសនីមួយៗមានសិទ្ធិអធិបតេយ្យក្នុងការកំណត់ស្តង់ដារអនាម័យនិងភូតគាមអនាម័យរបស់ខ្លួន ដោយត្រូវផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីការពារសុខភាពឬជីវិតមនុស្ស សត្វ និងរុក្ខជាតិក្នុងដែនដីរបស់ខ្លួន។ កិច្ចព្រមព្រៀងអនាម័យនិងភូតគាមអនាម័យរបស់អង្គការពាណិជ្ជកម្មពិភពលោក (Agreement in the Application of Sanitary and Phytosanitary Measures of the World Trade Organization – WTO SPS Agreement) បានកំណត់បទដ្ឋានជាមូលដ្ឋានសម្រាប់លក្ខខណ្ឌផ្សេងៗទាក់ទងនឹងសុវត្ថិភាពចំណីអាហារ និងសុខភាពសត្វ និងសុខភាពរុក្ខជាតិ។ឧទាហរហ៍ៈ ប្រទសថៃមិនទាន់អនុញ្ញាតឱ្យនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជានៅឡើយ ដោយសារមិនទាន់មានកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ដែលនេះជារបាំងបច្ចេកទេសដែលភាគីថៃដាក់ដាក់សម្រាប់ប្រទេសកម្ពុជា។
២. កម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន (CCFTA) រួចហើយ មូលហេតុអ្វីបានជាកម្ពុជាមិនអាចនាំចេញកសិផលមួយចំនួនទៀតទៅកាន់ប្រទេសចិនបាន? តើរបាំងការធ្វើពាណិជ្ជកម្មសេរីទាក់ទង ទៅនឹងSPS ជាអ្វី?
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី អនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយពុំជាប់របាំងពន្ធគយ (Tariff measures) បានជាច្រើនបន្ទាត់ពន្ធ ប៉ុន្តែមិនមានន័យថា ប្រទេសទាំង២អាចនាំចេញ នាំចូលទំនិញជាផលិតផលកសិកម្ម ដោយមិនជាប់ជារបាំងមិនមែនពន្ធគយផ្សេងៗទៀតទេ (Non-tariff measures-NTMs) ដែលរួមមានផងដែរនូវរបាំងអនាម័យនិងភូតគាមអនាម័យ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំផលិតផលកសិកម្មជាច្រើនមុខចូលទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធគយ ក៏ប៉ុន្តែទំនិញជាផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។ ដូចគ្នានេះដែរ ការនាំទំនិញជាផលិតផលកសិកម្មពីប្រទេសចិនចូលកម្ពុជា ក៏ជាកម្មវត្ថុស្ថិតក្រោមរបបគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យដែលមានជាធរមាន។
ទាំងកម្ពុជានិងប្រទេសចិន មានសិទ្ធិរៀងៗខ្លួនដែលបានផ្តល់ដោយ WTO SPS Agreement ក្នុងការបង្ការទប់ស្កាត់ហានិភ័យចំពោះសុខភាពឬជីវិតមនុស្ស សត្វ និងរុក្ខជាតិក្នុងដែនដីរបស់ខ្លួន ដោយធានាថាផលិតផលកសិកម្ម ដែលនាំចូលក្នុងប្រទេសរបស់ខ្លួន ត្រូវតែស្របតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងស្តងដារសុវត្ថិភាពចំណីអាហារដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាតិរៀងៗខ្លួន។
ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មចូលទីផ្សារប្រទេសចិនចំនួន១៧មុខ មានបរិមាណជាង ៧៣៦ ០០០ តោន ក្នុងនោះមានផលិតផលសំខាន់ៗដូចជា ផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមី ម្ស៉ៅដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេងជាដើម។ ផលិតផលទាំងនេះ អាចនាំចេញបាន គឺដោយសារតែប្រទេសទាំងពីរបានចុះពិធីសាររួចរាល់ជាមុនហើយដែរ។
ដើម្បីទាញយកនូវផលប្រយោជន៍ឱ្យបានជាអតិបរមាពីកាលានុវត្តិភាពនេះ បងប្អូនប្រជាកសិករ ផ្នែកឯកជន ជាអ្នកកែច្នៃ វេចខ្ចប់នាំចេញ និងផ្នែកពាក់ព័ន្ធដទៃទៀតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវខិតខំផលិតនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីផលិតនិងកែច្នៃ វេចខ្ចប់ នាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារគុណភាព សុវត្ថិភាព អនាម័យនិងភូតគាមអនាម័យនៃប្រទេសចិន ដែលជាទីផ្សារដែលមានសក្តានុពលបំផុតសម្រាប់ទំនិញកសិកម្មកម្ពុជា ព្រោះមានអ្នកទិញជាង១,៤ពាន់លាននាក់។
ដូច្នេះកម្ពុជាត្រូវតែពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារប្រទេសចិន តាមរយៈការពង្រឹងស្តង់ដារគុណភាព សុវត្ថិភាព និងស្តង់ដារអនាម័យនិងភូតគាមអនាម័យ ដើម្បីអាចទាញបាននូវផលប្រយោជន៍ជាអតិបរមាពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងអាចធានាឧត្តមភាពប្រកួតប្រជែងនេះក្នុងរយៈពេលវែងសម្រាប់ទាំងទីផ្សារប្រទេសចិន និងពង្រីកទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងៗទៀត។
ស្របតាមគំនិតខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវចក្ខុវិស័យដែលមុតស្រួចនៅក្នុងឯកសារគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១០-២០៣០ និងឯកសារផែនការមេអភិវឌ្ឍវិស័យកសិកម្ម២០៣០ ដោយប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។
៣. តើមូលហេតុអ្វីបានជាតម្រូវឱ្យក្រុមហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញចុះបញ្ជីជាចម្ការនាំចេញ?
ក្នុងបណ្តាឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការបច្ចេកទេស បានខិតខំពង្រីកទីផ្សារនាំចេញសម្រាប់កសិផលតាមរយៈការចរចារ និងសម្រេចបានពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញកសិផលមួយចំនួនជាមួយប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗរួមមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសកូរ៉េ ប្រទេសថៃជាដើម។ លក្ខខណ្ឌតម្រូវមួយនៃពិធីសារដែលសម្រេបានកន្លងមក គឺបណ្តារោងចក្រប្រព្រឹត្តកម្មរម្ងាប់សមាសភាពចង្រៃ កែច្នៃ វេចខ្ចប់នាំចេញ (Packinghouses) និងកសិដ្ឋានដំណាំពាក់ព័ន្ធ ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការចុះបញ្ជីទីតាំងនិងកសិដ្ឋានពាក់ព័ន្ធគឺជាផ្នែកមួយនៃការលើកកម្ពស់និរន្តរភាពនិងប្រសិទ្ធភាពផលិតកម្ម និងការគ្រប់គ្រងហានីភ័យពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលត្រូវបានអនុវត្តជាទូទៅនៅក្នុងខ្សែច្រវាក់តម្លៃដំណាំសម្រាប់នាំចេញ ដែលមានអត្ថប្រយោជន៍ដូចខាងក្រោម៖
(១)-ដើម្បីទទួលបានលេខកូដសម្គាល់សម្រាប់កំណត់អត្តសញ្ញាណនៃទីតាំងនិងកសិដ្ឋាន។ ក្នុងករណីរកឃើញនូវករណីមិនមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវនៃការនាំចូលជាយថាហេតុណាមួយ ពាក់ព័ន្ធនឹងទំនិញកសិផលដោយសមត្ថកិច្ចអនាម័យ និងភូតគាមអនាម័យនៃប្រទេសនាំចូល អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញនៃប្រទេសនាំចេញ អាចកំណត់បាននូវប្រភពដើមនៃផលិតផលដើម្បីអនុវត្តវិធានការកែតម្រូវជាក់ស្តែង។
(២)-បង្កលក្ខណៈងាយស្រួលក្នុងកិច្ចប្រតិបត្តិការផ្តល់ការណែនាំបច្ចេកទេសពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីធានាការបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារគុណភាព សុវត្ថិភាព និងស្តង់ដារអនាម័យនិងភូតគាមអនាម័យផ្សេងៗរបស់ប្រទេសនាំចូលឱ្យបានពេញលេញខ្ជាប់ខ្ជួន ឆ្ពោះទៅទទួលបានជំនឿទុកចិត្តកាន់តែខ្ពស់ពីប្រទេសនាំចូលមកលើផលិតផលកម្ពុជា និងចុងក្រោយដើម្បីធានានិរន្តរភាពនៃការនាំចេញផលិតផលនោះទៅកាន់ទីផ្សារនាំចូល និងការធ្វើពិពិធកម្ម ទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងទៀត។
(៣)-ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផែនការផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារឱ្យមាននិរន្តរភាព តាមរយៈការបង្កើតឱ្យបាននូវចំណងទាក់ទងដ៏រឹងមាំនិងស្ថិរភាពរវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់នៅក្នុងខ្សែច្រវាក់តម្លៃ និងភាពងាយស្រួលក្នុងការចុះកិច្ចសន្យាច្បាស់លាស់រវាងក្រុមហ៊ុននាំចេញ និងសហគមន៍អ្នកផលិត។
(៤)-ដើម្បីទទួលបាននូវកម្មវិធីគ្រប់គ្រងចម្ការច្បាស់លាស់ រួមទាំងអនាម័យចម្ការ កម្មវិធីចម្រុះគ្រប់គ្រងសមាសភាពចង្រៃដើម្បីជៀសវាង និងកាត់បន្ថយការកកើតនូវសមាសភាពចង្រៃភូតគាមអនាម័យដែលប្រទេសនាំចូលហាមឃាត់ ក្នុងទិសដៅធានាឱ្យបានសុវត្ថិភាពភូតគាមអនាម័យតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។
ដើម្បីសម្រេចគោលដៅនេះ ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាតាមនីតិវិធីជាធរមានជាមួយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
៤. មូលហេតុអ្វីការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់និងពិភពលោកមានការធ្លាក់ចុះ?
ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩តោន ខ្ពស់ជាងឆ្នាំ២០១៩ចំនួន១១,៤% ដែលត្រូវបាននាំចេញទៅកាន់ទិសដៅចំនួន៦០ប្រទេស។ ទិសដៅប្រទេសចិនកើន១៦,៦% ទិសដៅសហភាពអឺរ៉ុបកើន ០,៣៩% ទិសដៅអាស៊ានកើន ៤,៤៩% និងទិសដៅផ្សេងទៀតកើន២៨,៩៥%។ ការនាំចេញអង្ករក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១នេះ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន។
តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចំបងៗមួយចំនួនដូចខាងក្រោម៖
(១)-បញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃយ៉ាងខ្លាំង ដែលបាននិងកំពុងដាក់សំពាធលើការនាំចេញអង្កររបស់កម្ពុជា។ តម្លៃនៃការដឹកជញ្ជូនបានកើនពី៥ទៅ៦ដង ឬ ពី ១៥០០ ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារ/កុងតេន័រ (២០ហ្វីត) ដែលតម្លៃដឹកជញ្ជូនពេលនេះស្ទើរតែស្មើនឹងតម្លៃអង្ករ១កុងតេន័រ ដែលជាហេតុធ្វើឱ្យអ្នកទិញ មិនបង្ខំ ឬ ដាក់បញ្ជាទិញច្រើន ព្រោះខ្លាចពេលតម្លៃការដឹកជញ្ជូនចុះថោក ហើយស្តុកចាស់លក់មិនអស់នាំឱ្យខាតបង់ធ្ងន់ធ្ងរ ការបញ្ជាទិញសម្រាប់តែតម្រូវការទីផ្សារជាក់ស្តែង មិនស្តុកទុកច្រើន។
(២)-ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតេន័រផ្ទុកទំនិញចំណុះ២០ហ្វីត (ជាស្តង់ដារទូរកុងតេន័រផ្ទុកអង្ករចេញពីកម្ពុជា) ដោយសំបកកុងតេន័រប្រភេទនេះ ភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុប ដោយសារការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបបានរាំងស្ទះ (ខ្វះកម្មករនិងអ្នកបើកឡាន ដឹកកុងតែន័រជាដើម)។
(៣)-មិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ ដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុន ដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើន ហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ។ ជាក់ស្តែង កម្ពុជាត្រូវការ Space លើកប៉ាល់ចន្លោះពី ៣៥០ ទៅ ៤០០ ទូរកុងតេន័រក្នុងមួយសប្តារហ៍សម្រាប់ពីកំពង់ផែមេ ដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុប តែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ ១០០ ទៅ ១៥០ ទូរកុងតេន័រតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។
(៤)-ព្រមគ្នាជាមួយនឹងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះ ការនាំចេញអង្ករក៏បានកំពុងរងឥទ្ធិពលនៃការធ្លាក់ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុក ដែលនាំឱ្យតម្លៃអង្ករក្រអូបនៅលើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រភេទអង្ករសធម្មតា គឺពីជាង ៨០០ ដុល្លារ/តោន ធ្លាក់មកត្រឹម ៦៥០ ដុល្លារ/តោន។ ប្រមាណ៨០%នៃបរិមាណអង្ករនាំចេញរបស់កម្ពុជាជាប្រភេទអង្ករក្រអូប។
៥. មូលហេតុអ្វីដែលកម្ពុជាបាននាំចេញកសិផលត្រឹមតែប្រទេសជិតខាង?
មកទល់បច្ចុប្បន្ននេះ ប្រទេសជិតខាងធំៗ២ដែលជាទីផ្សារដ៏មានសក្តានុពល សម្រាប់កសិផលរបស់កម្ពុជាគឺប្រទេសវៀតណាម និង ប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជាង១៦៧លាននាក់។ ជាសត្យានុម័តប្រទេសទាំង២នេះគឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពល ក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា។ ប៉ុន្តែជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ផលិតផលកសិកម្មកម្ពុជាបានជ្រៀតចូលទីផ្សារពិភពលោក ចំនួន៩០ប្រទេសរួចមកហើយ។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួណ ៦៤,១១% ប្រទេសថៃចំនួន២១,៤៩% ប្រទេសចិនចំនួន៦,៦៩% និងគោលដៅប្រទេសដទៃទៀតចំនួន៤,៧១%តែប៉ុណ្ណោះ។
ស្ថានភាពនៃជញ្ជីងពាណិជ្ជកម្មគឺជាទំនាក់ទំនងរវាងការផ្គត់ផ្គង់និងតម្រូវការ។ ទីណាមានតម្រូវការ លំហូរពាណិជ្ជកម្មនឹងតម្រង់ទិសទៅកាន់ទីនោះ ទៅក្នុងទម្រង់ជាវត្ថុធាតុដើម ឬផលិតផលសម្រេច។ ការធ្វើពាណិជ្ជកម្មជារឿងខាតនិងចំណេញ។ សុភាសិទខ្មែរពីបុរាណបានពោលថា “ជួញជិតជាជាងជួញឆ្ងាយ”។
ការពិតមួយទៀតនោះគឺថាប្រទេសទាំង២ បានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មពិភពលោកមុនកម្ពុជា ដោយទទួលបានបទពិសោធន៍ពេញលេញជាប្រទេសកែច្នៃនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់ទីផ្សារតំបន់និងពិភពលោក។ ជារួមប្រទេសទាំង២ បានអភិវឌ្ឍខ្លួនទៅជាចំណុចប្រមូលផ្តុំស្បៀង (Food Hub/Basket) សម្រាប់ពិភពលោកមុនកម្ពុជា។ ដូច្នេះត្រូវការវត្ថុធាតុដើមច្រើនពីប្រទេសផ្សេងរួមទាំងកម្ពុជាផងដែរ ដើម្បីផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃរបស់ខ្លួនសម្រាប់នាំចេញ។
ក្នុងពេលខាងមុខនៅពេលកម្ពុជាមានការអភិវឌ្ឍខ្សែច្រវាក់តម្លៃ សមត្ថភាពកែច្នៃ និងហេដ្ឋរចនាសម្ព័ន្ធភស្តភាកម្មពាក់ព័ន្ធបានមួយកម្រិតបន្ថែមទៀត នឹងជំរុញឱ្យមានការស្រូបយកវត្ថុធាតុដើមមកធ្វើការកែច្នៃ ពង្រីកការនាំចេញត្រទៅកាន់ទីផ្សារមានសក្តានុពលមួយចំនួនដូចជាប្រទេសចិន និងបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលជាកត្តាសន្យានុម័តកាត់បន្ថយការនាំចេញផលិតផលកសិកម្មទៅកាន់តីផ្សារប្រទេសជិតខាងទាំង២។
សំខាន់បំផុតនោះ កម្ពុជាបានជួបប្រទះទៅនឹងបញ្ញានៃការដឹកជញ្ជូនទៅកាន់ទីផ្សារក្រៅតំបន់ ដូចបានបញ្ជាក់ជូននៅក្នុងសំណួរទី៤ ខាងលើ រួមទាំងតម្លៃនៃការកែឆ្នៃក្នុងស្រុកមានតម្លៃខ្ពស់ជាងគេបន្តិច បើប្រៀបធៀបទៅនឹងប្រទេសជិតខាងទាំងពីរ ។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានលក្ខណៈភូមិសាស្ត្រប្រហាក់ប្រហែលគ្នា នាំឱ្យមានការអនុវត្តនូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចូលទំនិញកសិផលមានលក្ខណៈទន់ភ្លន់ មិនសូវស្មុគស្មាញ បើធៀបជាមួយលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសទី៣។
៦. មូលហេតុអ្វីបានជាកម្ពុជាបន្តអនុញ្ញាត ឱ្យកសិផលប្រទេសជិតខាងនៅតែបន្តហូរចូលមកកម្ពុជា?
ប្រទេសកម្ពុជាជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុវត្តរបបពាណិជ្ជកម្មសេរី។ ជាមួយនឹងសមាជិកភាពនៃអង្គការតំបន់និងពិភពលោកនេះ មកទល់ពេលបច្ចុប្បន្ន កម្ពុជាបានសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងជ្រៅចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក។
ជាក់ស្តែងកម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគីចំនួន១០កិច្ចព្រមព្រៀងដែលរួមមាន៖ ATIGA (ASEAN Trade in Goods Agreement), AHKFTA (ASEAN-Hong Kong Free Trade Agreement), ACFTA (ASEAN-China Free Trade Agreement), AKFTA (ASEAN-Korea Free Trade Agreement), AIFTA (ASEAN-India Free Trade Agreement), AJCEP (ASEAN-Japan Comprehensive Economic Partnership), AANZFTA (ASEAN-Australia-New Zealand Free Trade Agreement), CCFTA (Cambodia-China Free Trade Agreement), RCEP (Regional Comprehensive Economic Partnership)។
ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាត្រូវគោរពតាមបទដ្ឋាននិងគោលការណ៍នៃការធ្វើពាណិជ្ជកម្មសេរីដែលបានឯកភាពគ្នា។ ការសន្និដ្ឋានថា កម្ពុជាអនុញ្ញាតឱ្យកសិផលនៃប្រទេសជិតខាងហូរចូលមកកម្ពុជា ជាការសន្និដ្ឋានមួយដែលឆ្លុះបញ្ចាំងនូវស្ថានភាពជាក់ស្តែងនៃជញ្ជីងពាណិជកម្មកសិកម្មរវាងកម្ពុជា ជាមួយនឹងប្រទេសជិតខាង។ ដូចតួលេខនាំចេញ៩ខែ ឆ្នាំ២០២១ បានបញ្ជាក់ខាងលើ។ ម្យ៉ាងទៀត ជាការសន្និដ្ឋានមួយបង្ហាញពីកង្វះខាតការយល់ដឹងជាទូទៅស្តីពីរបបទីផ្សារសេរីអនុញ្ញាត ក្រោមឆ័ត្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកាត់បន្ថយលំហូរកសិកម្មពីខាងក្រៅ តាមរយៈការពង្រឹងឧត្តមភាពប្រកួតប្រជែងផលិតផលកសិកម្មរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការហូរចូលពីទីផ្សារក្រៅស្រុក។ ការវិនិយោគនានាក្នុងពេលបច្ចុប្បន្ននេះបាននិងកំពុងអនុវត្តតាមអភិក្រមពង្រឹងខ្សែច្រវាក់តម្លៃជារួម ដែលមានគោលបំណងនាំឆ្ពោះទៅដល់ការផលិតមួយដែលមានស្តង់ដារគុណភាព សុវត្ថិភាពខ្ពស់ ស្របតាមវិធានអនាម័យនិងភូតគាមអនាម័យ និងមានភាពប្រកួតប្រជែងខាងតម្លៃ។
៧. មូលហេតុអ្វីបានជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ?
ទាក់ទងនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបថា នៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម។ វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។ ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះ ដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។
ការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩។ ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ។ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀត ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។
ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំ មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។ ជាមួយគ្នានេះ តម្រូវការជីកសិកម្មក្នុងស្រុកមានក៏ការកើនឡើងច្រើនដែរ។
៨. មូលហេតុអ្វីបានជាកសិករមួយចំនួនមិនបានទទួលសេវាកសិកម្មកន្លងមក?
ចំនួនភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅថ្នាក់ខេត្ត មានចំនួនតិចដែលធ្វើឱ្យការផ្តល់សេវាកម្មដល់កសិករចំនួន ៣ ៥៥៣ ០២១ គ្រួសារ មិនគ្រប់គ្រាន់ និងមិនទាន់ពេលវេលា។ សមត្ថភាព និងជំនាញរបស់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅមូលដ្ឋាននៅមានកម្រិត ក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងបច្ចេកទេសកសិកម្មដល់កសិករ។ កសិករភាគច្រើនជាកសិករដែលមានវ័យចំណាស់ មិនទាន់បានចងជាបណ្តុំ ឬសហគមន៍កសិកម្មនៅឡើយ ហើយមិនអាចប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងបច្ចេកទេសកសិកម្មផ្សេងៗ។ សេវាអ៊ីនធឺណេត មិនទាន់បានគ្របដណ្តប់ទូទាំងប្រទេសយ៉ាងទូលំទូលាយនៅឡើយ។ បញ្ហាកូវីដ-១៩ ជាបញ្ហាចម្បង បានធ្វើឱ្យរាំងស្ទះនូវសកម្មភាពផ្សព្វផ្សាយមួយចំនួនដែលរួមមាន៖
– ការបង្កើននូវសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពសេវាកម្ម បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនកសិករ
– ការចុះតាមដាននិងជំរុញការអនុវត្តកសិករមានការខកខានដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងពុំអាចជួបជុំជាមួយកសិករបានញឹកញាប់
– មិនអាចចុះផ្សព្វផ្សាយដល់កសិករទូទាំងប្រទេស ជាពិសេសសហគមន៍ ឬបណ្តុំកសិករនានាទាន់ពេលវេលា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យមានការប្រើប្រាស់សេវាកម្មផ្សព្វផ្សាយបច្ចេកទេសកសិកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក ហើយការចូលរួមសហការពីដៃគូអភិវឌ្ឍ និងវិស័យឯកជនលើការវិនិយោគសេវាកម្មផ្សព្វផ្សាយកសិកម្មគឺពិតជាមានសារសំខាន់ និងត្រូវជំរុញបន្ថែមទៀតជាចាំបាច់។
៩. មូលហេតុអ្វីបានតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន?
ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាមមានការធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ ដែលខុសពីតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល/គីឡូក្រាម នាពេលសព្វថ្ងៃនេះ។
ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន ២២ ០០០ក្បាល និងនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន ២៧៥ ៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧ ៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។ វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកំសាន្តតាមតំបន់រម្យណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។
បទល្មើសចរាចរសត្វ និងផលិតផលសត្វ ពីប្រទេសជិតខាងគិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណី ក្នុងនេះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូកបង្កកចំនួន ២ករណី។
អគ្គនាយកដ្ឋាននឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ព្រោះកន្លងមកនេះតម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០រៀល/គីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀល/គីឡូក្រាម។ បច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹម៣០០ក្បាល/ថ្ងៃប៉ុណ្ណោះ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តពិនិត្យ និងពិភាក្សារកដំណោះស្រាយអំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៩ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន