Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនទាន់កំណត់ថ្ងៃដង្ហែ ព្រះសពសម្ដេចក្រុមព្រះ មកកាន់កម្ពុជាទេ

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនទាន់ទទួលបានព័ត៌​មាន​ជាក់​​លាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា នៅថ្ងៃណានៅឡើយទេ គឺគ្រាន់តែដឹងថា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ នេះបើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច។

សូមជម្រាបថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០​២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកានេះថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ គណបក្សរបស់លោក មិនទាន់ទទួលបានព័ត៌មាន ពីក្រុមគ្រួសារ របស់សម្ដេចក្រុមព្រះនៅ ឡើយទេ ជុំវិញការយាងដង្ហែព្រះសពរបស់ព្រះអង្គ ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជាវិញនោះ។

លោក ញឿន រ៉ាដែន មានប្រសាសន៍ដូចនេះថា «យើងអត់ទាន់បានទទួលព័ត៌មាន ពីក្រុមគ្រួសារលោក​ទេ ដោយសារតែនៅប្រទេសបារាំង លោកកំពុងរៀបចំនីតិវិធី បែបបទមួយចំនួន ហើយយើងនៅទីនោះ ក៏មានរៀបចំពិធីសាសនាដែរ ចំណែកឯកាលបរិច្ឆេទដឹកព្រះសពលោកយាងមកកម្ពុជា យើងមិនទាន់បានកំណត់ទេ ប៉ុន្តែក្នុងពេលឆាប់ៗនេះ»។

លោកថា សម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំពិធីបង្សុកូលជាប្រចាំថ្ងៃ ដើម្បីឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រហូតដល់ពេលព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែមកកាន់ប្រទេសកម្ពុជាវិញ។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់បន្ថែមថា គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ដូចជាក្រុមគ្រួសាររបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាននិងកំពុងគិតគូរជុំវិញការរៀបចំ ពិធីដង្ហែព្រះសពរបស់ព្រះអង្គ នៅពេលបញ្ជូនដល់ព្រលាន យន្ដហោះភ្នំពេញអន្តរជាតិ នាពេលខាងមុខដែរ។

ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងសោយព្រះទិវង្គតនោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង-ស្ថាប័ននានា ក៏ដូចជាប្រជាពលរដ្ឋផងដែរ បានថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា-បុត្រីរបស់ព្រះអង្គ និងបានបង្ហាញការសោកស្ដាយផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម