ព័ត៌មានជាតិ
កូវីដបំប្លែងខ្លួនថ្មី(អូមីក្រុង)អាចប៉ះពាល់ដល់ដំណើរការហោះហើរខណៈកំពុងមានកំណើនល្អ
នៅថ្ងៃទី ៣០ ខែវិច្ឆិកានេះ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់កម្ពុជាថ្មីថា រយៈពេលមួយខែនេះ ជើងហោះហើរមានការកើនឡើង៦ជើង បើធៀបនឹងខែមុន។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា ជើងហោះហើរនឹងកើនឡើងជាបន្តបន្ទាប់ ប្រសិនបើពុំមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ជាពេសេសនៅដើមឆ្នាំក្រោយ។ លោកថា « មកដល់ពេលនេះភាគច្រើន(វ៉ុលចាស់) ជំនាន់មុនដែលមិនទាន់បើកទូលាយ គឺមានជើងហោះហើរមកពីចិន កូរ៉េ សាំងហ្កាពួរ តែមិនសូវជាច្រើនទេ ដល់ឥឡូវបើកទូលាយ គឺថែម៦ជើងថ្មីទៀត មកពីបាងកក(បីក្រុមហ៊ុន) ម៉ាឡេស៊ី(មួយវ៉ុល) និងហ្វីលីពីន(មួយវ៉ុល)»។ ក្នុងនោះ ជើងហោះហើរកម្ពុជា សឹង្ហបុរីមានការកើនឡើងជារៀងរាល់ថ្ងៃ ពោលគឺសឹង្ហបុរីបានស្នើសុំបន្ថែម១០ជើងទៀត ក្នុង១សប្តាហ៍។

អ្នកនាំពាក្យរូបនេះ បន្ថែមថា ការហោះហើរគឺមានការប្រុងប្រយ័ត្នខ្ពស់ ដោយក្រុមហ៊ុននីមួយៗមានស្តង់ដារនីតិប្រតិបត្តិអប្បរមា(SOP) និងគោរពគោលការណ៍របស់ក្រសួងសុខាភិបាល មុនឡើងយន្តហោះភ្ញៀវទាំងអស់ត្រូវមានឯកសារវិញ្ញាបនបត្រត្រួតពិនិត្យសុខភាពច្បាស់លាស់ ដើម្បីសុវត្ថិភាព និងទប់ស្កាត់ការចម្លងនៃមេរោគកូវីដ-១៩។
ទោះយ៉ាងណា លោក ស៊ិន ចាន់សេរីវុត្ថា បានសង្កាត់ធ្ងន់ថា យោងតាមក្រសួងសុខាភិបាល បានហាមឃាត់អ្នកដំណើរឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ អំឡុងពេលសប្តាហ៍មុនចូលមកកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគបំប្លែងខ្លួនថ្មី(អូមីក្រុង)។ ប្រទេសទាំង១០នេះរួមមាន៖ ប្រទេស Botswann, Eswatini, Lesotho, Mozampinque, Namibia, South Africa, Zimbabwe, Malawi, Angola និងប្រទេស Zambia។
ជុំវិញការបើកជើងហោះហើរនេះ អាស្រ័យទៅលើការវាយតម្លៃរបស់ក្រសួង ឬគណៈកម្មាការប្រយុទ្ធប្រឆាំងកូវីដឈរលើហានិភ័យជាក់ស្តែង ពោលគឺប្រសិនបើហានិភ័យទាប អាចមានយន្តការក្នុងការទប់ទល់ ប៉ុន្តែប្រសិនបើហានិភ័យខ្ពស់ អាចនឹងមានការពិចារណាក្នុងការបិទជាថ្មីម្តងទៀត។ នេះបើតាមប្រសាសន៍របស់លោក ស៊ិន ចាន់សេរីវុត្ថា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការកើនឡើងជើងហោះហើរ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា លើផ្នែកទេសចរសេដ្ឋកិច្ច។ លោកស្រីបន្តថា ការសម្រួលដោះចេញនូវការធ្វើចត្តាឡីស័ក និងរិតត្បិតនានា ដែលប្រមុខរដ្ឋាភិបាល ព្យាយាមកាត់ចេញអស់ហើយនេះ ធ្វើឲ្យភ្ញៀវទេសចរបរទេស ដែលស្រេកឃ្លានក្នុងការចង់ធ្វើដំណើរចូលមកកម្សាន្តនៅកម្ពុជា កាន់តែមានចំនួនច្រើន។ លោកស្រីថា កន្លងមកដៃគូពាក់ព័ន្ធនៅក្រៅប្រទេស រង់ចាំយ៉ាងអន្ទះសាក្នុងការបើកជើងហោះហើរឡើងវិញ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ លើសពីនេះទៀត លោកស្រី ឆាយ ស៊ីវលីន រំពឹងថា ចាប់ពីខែធ្នូទៅ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ដែលជាផ្នែកមួយជួយស្តារវិស័យទេសចរណ៍ និងអាជីវកម្មឡើងវិញ។

ទន្ទឹមនឹងការសាទរចំពោះការកើនឡើងភ្ញៀវទេសចរ ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏មានការព្រួយបារម្ភ ចំពោះការផ្ទុះឡើងនូវជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ដោយលោកស្រី បានសង្កត់ធ្ងន់ថា មេរោគបំប្លែងថ្មីមានអនុភាពខ្លាំងក្លា អាចជាឧបសគ្គក្នុងការបើកប្រទេសឡើងវិញ ពិសេសអាចប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយសារភ្ញៀវធ្វើដំណើរទៅបាន លុះត្រាតែមានសុវត្ថិភាព ប្រសិនបើគ្មានសុវត្ថិភាព ពួកគេនឹងពិចារណាឡើងវិញ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនបរទេសចូលមកកម្ពុជាចំនួន ១២,១៨២នាក់ ក្នុងនោះភ្ញៀវទេសចរចំនួន ៤,៤១០នាក់ ហើយភ្ញៀវដែលមានចំនួនច្រើនជាងគេ គឺមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃជាដើម។ នេះបើតាមរបាយការណ៍បានបង្ហាញកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា របស់មន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍កម្ពុជា៕
អត្ថបទ៖ ទួន សុផល


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ