ព័ត៌មានជាតិ
ការងារបោសសម្អាតមីន ជួយសង្គ្រោះជីវិតមនុស្ស និងផ្ដល់ដីសម្រាប់កសិកម្ម
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រី Tina Redshaw ឯកអគ្គរាជទូត ដែលបានរៀបចំឲ្យមានសិក្ខាសាលានេះឡើង ហើយលោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកស្រីអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១០ ចក្រភពអង់គ្លេសបានផ្តល់ជំនួយមនុស្សធម៌នូវទឹកប្រាក់ប្រមាណជាង ២៤ លានដុល្លារអាមេរិក ជូនអង្គការ HALO Trust, MAG និងអង្គការ NPA សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ការកសាងសមត្ថភាព ការពង្រឹងបទប្បញ្ញត្តិ ការត្រួតពិនិត្យ ការសម្របសម្រួលវិស័យមីន ការរៀបចំផែនការសកម្មភាពមីន និងការត្រួតពិនិត្យការប្រើប្រាស់ដីក្រោយបោសសម្អាតមីនរួច។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលសម្រេចបានរបស់កម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក្រោមកិច្ចសហការរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត ចាប់តាំងពីការបោសសម្អាតមីនមនុស្សធម៌បានចាប់ផ្តើមនៅឆ្នាំ១៩៩២ ព្រមទាំងបានរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមបានប្រមាណ ២.២៨៧ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលប្រយោជន៍ប្រមាណជាង ៧,៣ លាននាក់។
លោកបន្តទៀតថា “ការបោសសម្អាតមីនមិនត្រឹមតែបានជួយសង្គ្រោះជីវិតមនុស្ស និងការពារពិការភាពប៉ុណ្ណោះទេ ថែមទាំងបានប្រែក្លាយដីដែលមានការគំរាម ឲ្យទៅជាដីដែលអាចប្រើប្រាស់បានសម្រាប់កសិកម្ម លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សមិទ្ធិផលដ៏អស្ចារ្យនេះ ប្រសិនបើគ្មានការគាំទ្រនិងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរសពីប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ទេនោះ កម្ពុជានឹងមិនអាចទទួលបានជោគជ័យក្នុងការខិតខំនេះឡើយ រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ស្វីស ន័រវេស កូរ៉េខាងត្បូង កាណាដា នូវែលសេឡង់ អៀរឡង់ បែលហ្សិក ដាណឺម៉ាក សហភាពអឺរ៉ុប បារាំង ហុងគ្រី អេស្ប៉ាញ ហូឡង់ ស៊ុយអែត និងអង្គការសហប្រជាជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ បានអនុវត្តន៍នូវក្របខណ្ឌគន្លឹះជាច្រើន ក្នុងនោះបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលមានចក្ខុវិស័យឆ្ពោះទៅរក “កម្ពុជាគ្មានមីនឆ្នាំ២០២៥” និងត្រូវការទឹកប្រាក់ប្រមាណ ២២៥ លានដុល្លារបន្ថែមទៀត ដើម្បីធ្វើការបោសសម្អាតផ្ទៃដីមានមីនដែលបានស្គាល់អោយអស់ពីកម្ពុជា។
លោកទេសរដ្ឋមន្រ្តី មានជំនឿជឿជាក់ថា ការអនុវត្តនូវវិធីសាស្រ្តនៃការផ្តល់ហិរញ្ញប្បទានបែបថ្មីសម្រាប់វិស័យសកម្មភាពមីន ក្នុងកិច្ចប្រត្តិបត្តិការ និងការកៀរគរធនធាន នឹងអាចជួយឲ្យកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួន ជាមួយនឹងការចំណាយទាបសម្រាប់ការងារបោសសម្អាតមីន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ