ព័ត៌មានជាតិ
អាកាសចរស៊ីវិលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន១០ តាមកំណត់របស់ក្រសួងសុខាភិបាល
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ទៅក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាប្រតិបត្តិករអាកាសចរណ៍ទាំងអស់ ដែលប្រតិបត្តិការចេញ-ចូលប្រទេសកម្ពុជា ស្តីពីការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិកខាងត្បូង តាមកំណត់របស់ក្រសួងសុខាភិបាល នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ។
ការសម្រេចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានធ្វើឡើងដោយយោងទៅលើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថា ដោយយោងទៅលើវ៉ារ្យ៉ង់ នៃមេរោគ COVID-19 បម្លែងថ្មី ដែលមានឈ្មោះថា Omicron ក្រសួងសុខាភិបាលបានសម្រេចហាមប្រាមចូលព្រះរាជាណាចក្រកម្ពុជាជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីសម្រាប់អ្នកដំណើរមកពីប្រទេសអាហ្វ្រិកចំនួនដប់ ឬអ្នកដែលធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយ មុនពេលចូលប្រទេសកម្ពុជា។

ប្រទេសអាហ្វ្រិកទាំងដប់នេះរួមមាន៖ ទី១, បូតស្វាណា (Botswana) ទី២, អេសវ៉ាទីនី (Eswatini) ទី៣, ឡេសូតូ (Lesotho) ទី៤, ម៉ូសំប៊ិក (Mozambique) ទី៥, ណាមីប៊ី (Namibia) ទី៦, អាហ្វ្រិកខាងត្បូង (South Africa) ទី៧, ហ្ស៊ីមបាវ៉េ (Zimbabwe) ទី៨, ម៉ាឡាវី (Malawi) ទី៩, អង់ហ្គោឡា (Angola) និងទី១០, សំប៊ី (Zambia)។
ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានសម្រេចហាមឃាត់ អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣ សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវ អាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជា នូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ហើយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាន។
គួររំលឹកថា ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោកបានរាយការណ៍ថា បានរកឃើញនៅតាមបណ្តាប្រទេសមួយចំនួនលើសកលលោក ហើយអ្នកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកបានសំដែងការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វ៉ារ្យ៉ង់ B.1.1.529 នេះ និងបានកំណត់ឈ្មោះថ្មីនៃវីរុសនេះថា “អូមីក្រុង (Omicron)”។
វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រង់ (Omicron) ដែលមានសមត្ថភាពចម្លងខ្លាំងជាងវីរុសកូវីដ-១៩ប្រភេទ Delta ត្រូវបានរកឃើញដំបូងគេ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពេលនេះកម្ពុជានៅមិនទាន់រកឃើញមានជំងឺនេះឆ្លងមកកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោក ម៉ម ប៊ុនហេង បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារខ្លួន “៣ការពារ ៣កុំ” ឱ្យបានហ្មត់ចត់ ហើយរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅក្បែរអំពីករណីសង្ស័យណាមួយ និងជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ