ព័ត៌មានជាតិ
អាជ្ញាធរស្រុកថ្មគោល ព្រមានចាត់វិធានការលើបុគ្គលម្នាក់ ករណីពុះដីចំណីខ្នងអាងទឹក «ភាស» លក់
អាង «ភាស» ដែលគេស្គាល់ថា ជាអាងទឹកដ៏ធំមួយ នៅជាប់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិទួលទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ អាងនេះត្រូវបានជួសជុល សាង់សង់កែលម្អខ្នងទំនប់ជុំវិញយ៉ាងធំទូលំទូលាយ សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ ប៉ុន្តែស្រាប់តែថ្មីៗ នេះ មានបុគ្គលម្នាក់អះអាងថា ខ្លួនមានដីនៅទីនោះ ហើយបានរៀបចំពុះជាឡូតិ៍លក់ឲ្យប្រជាពលរដ្ឋ ដោយក្នុង ១ឡូតិ៍តម្លៃ ៣ពាន់ដុល្លារ ទៅវិញ។
ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល កាលពីថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសជាសាធារណ: ជូនដល់មហាជនទូទៅទាំងក្នុង និងក្រៅមូលដ្ឋានស្រុកថ្មគោល ឲ្យបង្កើនការប្រុងប្រយ័ត្ន ចៀសវាងចាញ់បោកបុគ្គលខិលខូច ដែលកំពុងដើរតួជាម្ចាស់កម្មសិទ្ធដីមួយកន្លែងយកទៅលក់ដូរ ដែលជាដីចំណីខ្នងអាងភាស ស្ថិតនៅក្នុងភូមិទួលទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ជា សម្បត្តិ បានឲ្យដឹងថា បុគ្គលរូបនោះ មានឈ្មោះ វុន ជុំ ភេទប្រុស អាយុ ៥២ឆ្នាំ និងមានទីលំនៅ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោកព្រមានឲ្យបុគ្គលរូបនោះ ត្រូវបញ្ឍប់សកម្មភាពខុសច្បាប់ជាបន្ទាន់ បើពុំដូច្នេះទេ រដ្ឋបាលស្រុក នឹងចាត់វិធានការតាមផ្លូវច្បាប់។ បុគ្គលឈ្មោះ វុន ជុំ កន្លងមក បានយកដីសាធារណ:របស់រដ្ឋ (ដីចំណីអាងភាស) ទៅពុះជាដីឡូតិ៍ លក់ទៅឲ្យប្រជាពលរដ្ឋមួយចំនួន ដោយក្នុង១ឡូតិ៍ តម្លៃ ៣០០០ដុល្លារអាមេរិក។
តាមរយៈសេចក្ដីប្រកាសជាសាធារណៈ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកានោះ រដ្ឋបាលស្រុកថ្មគោល បានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវបានអនុវញ្ញាតឲ្យមានការទិញ-លក់ទីតាំងខាងលើ ជាដាច់ ខាត។ ការទិញ-លក់ដីឡូតិ៍ នៅលើទីតាំងនេះជាអំពើខុសច្បាប់ មិនអនុញ្ញាតឲ្យការសាងសង់សំណង់ផ្សេងៗ គ្រប់ប្រភេទ។ រីឯសំណង់ ដែលបានសាងសង់រួចហើយ ត្រូវរុះរើចេញឲ្យអស់យ៉ាងយូរត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ជាកំហិត។
លោកអភិបាលស្រុក បានបញ្ជាក់ប្រាប់កម្ពុជាថ្មីបន្ថែមថា «រឿងនេះ ខាងរដ្ឋបាលស្រុក ធ្លាប់បានធ្វើរបាយការណ៍ ដាក់ជូនទៅរដ្ឋបាលខេត្ត តាំងពីលោកអភិបាលចាស់នៅគ្រប់គ្រង ហើយចំពោះបុគ្គលខាងលើ ក៏បានធ្វើរបាយការណ៍ ដាក់ជូនរដ្ឋបាលខេត្តរួចរាល់ដែរ មុននិងចេញសេចក្តីប្រកាសរបស់សាលាស្រុក ជម្រាបដំណឹងដល់ពលរដ្ឋ ដើម្បីស្នើសុំកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធចាត់វិធានការច្បាប់ លើបុគ្គលខាងលើ បើសិនមិនបញ្ឈប់សកម្មភាព»។
សូមជម្រាបថា ការស្តារ និងកែលម្អខ្នងអាងខាងលើនេះ ធ្វើឡើងក្នុងអំឡុង ខែតុលា ឆ្នាំ ២០២០ ខណៈដែលលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងចាស់ បានចុះពិនិត្យជាមួយមន្ត្រីពាក់ព័ន្ធ ក្នុងគ្រាដែលអាងមួយនេះ កំពុងតែជន់លិចជាបណ្ដើរៗ ដោយសារកំណើនទឹកភ្លៀងផ្នែកខាងលើនៅតែបន្តធ្លាក់ចុះ ហើយខ្នងទំនប់អាងតូចទាបផង ទើបបង្កជន់លិចដល់ក្នុងភូមិតែម្តង។
ក្នុងនោះ មន្ទីរជំនាញ បានធ្វើការកាយដីតាមមាត់អាង នៅតាមចំណុចខ្លះៗ ដើម្បីបង្កើតជាចរន្តទឹកហូរ ឲ្យកាន់តែលឿនជាងមុន ដើម្បីជួយសម្រាលបន្ទុកទឹកក្នុងអាង ដែលអាចបង្កឲ្យបាក់ទំនប់កាន់តែធ្ងន់ធ្ងរ និងធ្វើឲ្យប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ នៅរដូវប្រាំងផងដែរ។
យោងតាមមន្ត្រីជំនាញ បានឲ្យដឹងថា អាងទឹកដ៏ចំណាស់ខាងលើនេះ មានសមត្ថភាពស្តុកទឹកបាន ១២លានម៉ែត្រគូប អាចស្រោចស្រពដំណាំស្រូវវស្សាចំនួន ៣.០០០ហិកតា និងស្រូវប្រាំងចំនួន ២.០០០ហិកតា ក្នុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ក្រោយធ្វើការជួសជុលរួចរាល់៕
អត្ថបទ៖ សៅ សារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត