ព័ត៌មានជាតិ
សមាជិកឧត្ដមក្រុមប្រឹក្សា គាំទ្របទបញ្ជាសម្ដេចតេជោ តែខកចិត្តនឹងអាជ្ញាធរមូលដ្ឋាន
សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានសម្ដែងការគាំទ្រ ចំពោះការចេញបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យមន្ត្រីចុះទប់ស្កាត់ និងបង្រ្កាបករណីកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។ ប៉ុន្តែក្រៅពីគាំទ្រ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ២រូប បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនព្រមដោះស្រាយបញ្ហានេះដោយខ្លួនឯង រហូតទាល់តែសម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញបទបញ្ជាទើបនាំគ្នាដោះស្រាយ។

លោក ពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ពីគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១ ខែធ្នូនេះថា ការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យមន្ត្រីចុះទប់ស្កាត់ និងបង្រ្កាបករណីកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាបនោះ គឺជារឿងល្អបំផុតសម្រាប់ការពារទ្រព្យសម្បត្តិជាតិ និងធនធានធម្មជាតិផងដែរ។
ប៉ុន្តែលោក ពេជ្រ ស្រស់ បានបង្ហាញការសោកស្ដាយ។ សោកស្ដាយ ត្រង់ថា អ្នកដែលកាប់ព្រៃលិចទឹក និងវាទទីយកដីនៅទីនោះ គឺជាមន្ត្រី។ លោកថា «អ្នកដែលយកហ្នឹង គឺជាអ្នកអនុវត្តច្បាប់ អ្នកគ្រប់គ្រងអំណាច ហើយខ្លួនជាអ្នកកាន់ការនៅក្នុងតំបន់មួយ ហើយបែរជាយកអំណាចតួនាទីរបស់ខ្លួន ទៅយកដីរដ្ឋ អាហ្នឹងជារឿងមួយ ដែលគួរកើតឡើងទាល់ តែសោះ ប៉ុន្តែទោះបីជាយ៉ាងណា យើងឃើញថា ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យស្រាវជ្រាវអ្នកពាក់ព័ន្ធ ព្រមទាំងដកហូតដីនោះ មករក្សាទុកជាដីរដ្ឋវិញ អាហ្នឹងរឿងមួយដែលធ្វើការទាន់ពេលវេលា»។

សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងយោបល់មួយរូបទៀត គឺលោក ម៉ម សូណង់ដូ ដែលជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យផងនោះ បានមានប្រសាសន៍ថា ការចេញបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ គឺជាការដែលល្អសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ មិនខុសពីលោក ពេជ្រ ស្រស់ នោះទេ លោក ម៉ម សូណង់ដូ បានថ្លែងថា មិនគួរឲ្យកើតមានករណីកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាបនោះឡើយ។
លោក ម៉ម សូណង់ដូ បានលើកឡើងថា «ខ្ញុំគិតឃើញថា ធម្មតាមិនត្រូវមានបញ្ហាហ្នឹង មករំខានសម្ដេចតេជោទេ ពី ព្រោះយើងមាន អភិបាលខេត្ត យើងមានលេខាធិការ យើងមានមន្ទីរសុរិយោដី យើងមានក្រសួងយុត្តិធម៌។-ល-។ បើអ្នកទាំងអស់ហ្នឹង ធ្វើកិច្ចការរៀងៗខ្លួនទៅ អាបញ្ហាហ្នឹងវាមិនមកដល់សម្ដេចទេ»។

ទាំងលោក ពេជ្រ ស្រស់ និងលោក ម៉ម សូណង់ដូ ដែលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាពេលកន្លងមកបានចុះទៅសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងករណីដីធ្លីនេះដែរ និងបានធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីមានចំណាត់ការដោះស្រាយផងដែរ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានចេញសារជាសំឡេងមួយ ដោយបានចេញបទបញ្ជា ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបករណីលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីទទួលបានបទបញ្ជានេះភ្លាម លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំភ្លាមៗ និងបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ នៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប។ ក្នុងនោះ ក្រុមការងារអន្តរក្រសួង បានរកឃើញមានករណីលួចកាប់ព្រៃលិចទឹក និងវាទទីយកដីជាច្រើនហិកតា និងបានហូតយកមកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?