ព័ត៌មានជាតិ
ទីលានចាក់សំរាមខេត្តព្រះសីហនុមានស្តង់ដារខ្ពស់ផ្ទុកសំរាមបានជិត១លានតោន
«ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ»។ នេះបើតាមការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីចុងខែវិច្ឆិកា។

ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រង និងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល ៥ឆ្នាំ ដោយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអាចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ។ តាមការគណនា អាចផ្ទុកសំរាមជិត ១លានតោន។

យោងតាមឯកឧត្តម នេត្រ ភក្ត្រា នៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះមានយ៉ាងហោច ៦ នឹងត្រូវដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះ គ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើការជាមួយដៃគូបន្ថែមទៀត ដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើម ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

ក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំ សំណល់សំរាមមានប្រមាណ ៤ លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ – ៤០០ តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះ មាន ៦៥ ភាគរយ គឺជាសំរាមសំណល់សរីរាង្គ , ២០ ភាគរយជាសំណល់ ប្លាស្ទិ ក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។
លោក នេត្រ ភក្ត្រា ជំរុញឱ្យមានការញែកសំរាមតាមបច្ចេកទេស និងធ្វើការកែច្នៃទៅតាមប្រភេទរបស់វា ដើម្បីកាត់បន្ថយការយកសំណល់សំរាមមកទាំងអស់មកចាក់នៅលើទីលាន ព្រោះសំណល់សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើញែកតាមប្រភេទ និងយកទៅកែច្នៃ។
លោកថា ក្នុងកំណើនសំរាមប្រចាំឆ្នាំចន្លោះពី ១០ ទៅ ១៥% នោះអាចនឹងធ្វើឱ្យ ទីលានចាក់សំរាមដែលគ្រោងចាក់រយៈពេល ៥ ឆ្នាំ ប្រែប្រួល និងអាចប្រើប្រាស់មិនបានគ្រប់ពេលវេលាកំណត់ ព្រោះកំណើនសំរាម កើនឡើង ហើយការដកហូតយកទៅកែច្នៃនៅមានកម្រិត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តព្រះសីហនុ បានលើកឡើងថា ទីលានចាក់សំរាមអូរតាសេក ក្នុងខេត្តព្រះសីហនុ ក្នុង មួយថ្ងៃ សំរាមដែលប្រើប្រាស់ចោលផ្អែកតាមការគណនាស្ថានភាពជាក់ស្តែងបរិមាណសំរាម យកមកចាក់ទីលានក្នុងរយៈពេល ២៥ ថ្ងៃ (ចាប់ពីថ្ងៃទី០៥-៣០ ខែវិច្ឆិកា) មានចំនួន ១០ ៥៧៤ តោន ដែលគិតជាមធ្យម មានសំរាមប្រមាណ ៤០០ តោន ក្នុងមួយថ្ងៃ។ អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ