ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ សម្របសម្រួលបញ្ចប់ទំនាស់ផ្លូវចេញចូល របស់ពលរដ្ឋក្នុងស្រុកក្រគរដោយគ្មានអ្នកចាញ់
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្របសម្រួលបញ្ចប់ទំនាស់ ប្រជាពលរដ្ឋចំនួន ២គ្រួសារ នៅក្នុងស្រុកក្រគរដោយគ្មានអ្នកចាញ់។
សូមជម្រាបថា ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលជាម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ ១១៥ និង៣៩៣ (ភាគី-ខ) ស្ថិតក្នុងភូមិលើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឯកភាពគ្នាជាមួយ ក្នុងការសម្បទានដីទំហំទទឹងផ្លូវ ០,២ម៉ែត្រ លើប្លង់សុរិយោដី ដែលមានទំហំទទឹងផ្លូវ ២,៥ម៉ែត្រ សរុប ២,៧ម៉ែត្រ សម្រាប់ឲ្យប្រជាពលរដ្ឋជាង ៣០គ្រួសារ (ភាគី-ក) បានប្រើប្រាស់ចេញចូលកាន់តែធំទូលាយជាងមុន តាមការព្រមព្រៀង រវាង(ភាគី-ក) និង(ភាគី-ខ) ចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ការឯកភាពរបស់ (ភាគី-ខ) ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នៅសាលប្រជុំធំសាលាខេត្តពោធិ៍សាត់ ស្របតាមយន្តការឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដោយបានការចូលរួមពីលោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលស្តីទី លោកអភិបាលស្រុកក្រគរ លោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងម្ចាស់ក្បាលដីទាំង ២ខាងលើ។
ក្រោយពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានដឹកនាំសម្របសម្រួលនោះរួចមក ភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ ១១៥ និង៣៩៣ (ភាគី-ខ)៖
១-បានទទួលយកតាមកំណត់ហេតុ នៃកិច្ចប្រជុំសម្របសម្រួល រវាង (ភាគី-ក) និង (ភាគី-ខ) កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ លើអ័ក្យផ្លូវ ចំនួន ២,៧ម៉ែត្រ គិតតាមប្លង់សុរិយោដី។
២-ភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ ១១៥ (ឈ្មោះ ឆឹម ចរិយា) បានយល់ព្រមរុះរើជញ្ជាំងចាស់ ប្រវែង ៦ម៉ែត្រ និងភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ ៣៩៣ (ឈ្មោះ ប្រាក់ ភារម្យ) បានយល់ព្រមរុះរើរបងឈើ ដើម្បីធ្វើផ្លូវចូលឲ្យបានធំទូលាយ។
៣-លោកអភិបាលខេត្ត ក៏សន្យានឹងធ្វើផ្លូវបេតុងចូលច្រកផ្លូវនេះ ប្រវែង ១០ម៉ែត្រ ដែលមានទទឹង ២,៧ម៉ែត្រ តាមការព្រមព្រៀង។
៤-ភាគីម្ចាស់ប្លង់កម្មសិទ្ធិលើក្បាលដីលេខ ១១៥ និង ៣៩៣ បានស្នើដល់អាជ្ញាធរឲ្យទទួលស្គាល់ដីនេះ ជាលក្ខណៈសម្បទាន មិនមែនជាដីរំលោភបំពាន លើប្រជាពលរដ្ឋជាង ៣០គ្រួសារ (ភាគី-ក)នោះទេ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ម្ចាស់ប្លង់កម្មសិទ្ធិក្បាលដីលេខ ១១៥ និង ៣៩៣ (ភាគី-ខ) ចំពោះការស្រុះស្រួលឯកភាពគ្នា ក្នុងការចូលរួមសម្បទានដីរបស់ខ្លួន ដើម្បីបញ្ចប់ទំនាស់ខាងលើ ជាមួយប្រជាពលរដ្ឋជាង ៣០០គ្រួសារ (ភាគី-ក) និងសូមឲ្យភាគីទាំងអស់បន្តស្រលាញ់រាប់អានគ្នាដូចគ្រួសារតែមួយ មានឈាមជ័រជាខ្មែរតែមួយ សម្រាប់ធ្វើជាគំរូល្អដល់កូនចៅជំនាន់ក្រោយ ជាពិសេសូមឲ្យមានសុខភាពល្អ និងជៀសចាកឆ្ងាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា។ ជាមួយគ្នានោះ លោកអភិបាលខេត្តបានសន្យាថា នឹងចុះទៅអនុវត្តផ្ទាល់នៅទីតាំងដីនោះ។
តំណាងប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោក ជាវ តាយ ក្នុងការសម្របសម្រួល ពង្រីកផ្លូវច្រកចូលខាងលើ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនោះលោកអភិបាលខេត្ត ក៏បានធ្វើការសម្របសម្រួល ដោះស្រាយករណីទំនាស់ដីធ្លីមួយករណីផ្សេងទៀត រវាងម្ចាស់ដីគោកអាដាំ ជាមួយក្រុមហ៊ុនបូរី ភី.ធី.វី បំណក់ អភិវឌ្ឍន៍លំនៅដ្ឋាន និងទីផ្សារ។ ក៏ប៉ុន្តែភាគីទាំងសង្ខាង មិនទាន់ស្រុះស្រួលឯកភាពគ្នានៅឡើយ និងសូមយកទៅពិគ្រោះយោបល់ ធ្វើការសម្របសម្រួល នៅថ្ងៃក្រោយបន្តទៀត៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ