ព័ត៌មានជាតិ
សត្វត្រចៀកកាំរាប់ម៉ឺនក្បាលរងការគំរាមកំហែងចាប់លក់ធ្វើម្ហូបរៀងរាល់ថ្ងៃ
សត្វត្រចៀកកាំ ជាសត្វបក្សីមានប្រយោជន៍ខ្លាំងនៅកម្ពុជា កំពុងរងការគំរាមកំហែងពីអ្នកប្រកបរបរចាប់លក់ធ្វើជាចំណីអាហារមនុស្ស និងលក់ឲ្យអ្នកធ្វើបុណ្យលាងបាប នៅតាមតំបន់ទីសក្ការមួយចំនួន។

លោក ស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំជាង ៧០០ផ្ទះនៅកម្ពុជា បានប្រាប់កម្ពុជាថ្មីថា សព្វថ្ងៃនេះមានក្រុមអ្នកដើរដាក់លប់ និងម៉ង ចាប់សត្វត្រចៀកកាំយកទៅលក់ធ្វើជាអាហារ និងកន្លែងខ្លះទៀត ចាប់យកទៅអាជីវកម្មលក់តាមតំបន់ទីសក្ការនានា។

ឧបករណ៍របស់អ្នកចាប់សត្វត្រចៀកកាំ មានដូចជា អន្ទាក់ម៉ង ឬលុប និងប្រើសំឡេងជាដើម។ បើតាមការស្រាវជ្រាវរបស់លោក ស៊ុយ កុកធាន ក្នុង១ថ្ងៃៗ នៅតំបន់ស្រុកស្ទោង ខេត្តកំពង់ធំ មានត្រចៀកកាំចន្លោះពី ២ម៉ឺន ទៅ៣ម៉ឺនក្បាល ត្រូវបានពលរដ្ឋប្រកបរបរនេះ ចាប់យកទៅលក់។

ត្រចៀកកាំមួយចំនួនដែលចាប់បាន ត្រូវបានឈ្មួញយកទៅបំពង ឬអាំង លក់ធ្វើជាចំណីអាហារនៅតាមតំបន់ផ្សេងៗ។ ជាក់ស្តែងដូចជានៅផ្សារសិនជូរីផ្លាហ្សាភ្នំពេញ លក់ក្នុង១ចង្កោមមាន ១០ត្រចៀកកាំតម្លៃ ៤,០០០រៀល។ ចំណែកមួយចំនួនទៀត ឈ្មួញលក់ទៅឲ្យអ្នកធ្វើបុណ្យព្រលែងសត្វ ដូចជានៅតំបន់ព្រះអង្គដង្កើ មុខព្រះបរមរាជវាំង និងម្តុំព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាបជាដើម។ ចំពោះបញ្ហានេះ លោក កុកធាន បកស្រាយថា ការធ្វើបុណ្យរបៀបនេះ មិនបានបុណ្យនោះទេ ព្រោះសត្វត្រចៀកកាំទាំងអស់នេះ នៅមានកូនក្នុងសម្បុកដែលត្រូវចិញ្ចឹម។ « អ្នកដែលធ្វើបុណ្យលែងសត្វមិនបានបុណ្យទេ ប៉ុន្តែជាការសាងបាបដែលសម្លាប់កូននៅក្នុងសម្បុករបស់វាទៅវិញទេ»។

លោក ស៊ុយ កុកធាន បានឲ្យដឹងទៀតថា នៅកម្ពុជា ខេត្តដែលសម្បូរសត្វត្រចៀកកាំច្រើន គឺខេត្តនៅជាប់បឹងទន្លេសាប មានដូចជា កំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តនៅជាប់មាត់សមុទ្រផងដែរ។ តាមការសិក្សា សម្បុកត្រចៀកកាំនៅកម្ពុជា មានគុណភាពល្អជាងគេ បើប្រៀបធៀបនឹងប្រទេស ដែលធ្វើអាជីវកម្មសត្វត្រចៀកកាំនេះ។

តាមការប៉ាន់ស្មានក្នុង១ឆ្នាំ អ្នកចិញ្ចឹមត្រចៀកកាំ អាចប្រមូលសម្បុកត្រចៀកកាំ បានចំនួនជាង ៣០តោន។ បើតាមតំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជា បានបញ្ជាក់ថា ក្នុងមួយឆ្នាំ ពិភពលោក ត្រូវការសម្បុកត្រចៀកកាំប្រមាណ ២ពាន់តោន ក្នុងនោះចិននៅខ្វះការផ្គត់ផ្គង់ចំនួន ១ពាន់តោនក្នុង១ឆ្នាំ សម្រាប់សម្បុកដែលកែច្នៃហើយ។ ក្រៅពីនេះ មាននាំទៅតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាលប្រទេសមួយចំនួនទៀត។

លោក ស៊ុយ កុកធាន បានលើកឡើងថា សត្វត្រចៀកកាំជាប្រភេទសត្វព្រៃដែលត្រូវអភិរក្ស។ ប្រទេសដែលចិញ្ចឹមសត្វត្រចៀកកាំយកទឹកមាត់ មានដូចជា ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសដែលមានអាកាសធាតុត្រជាក់ ដូចជាចិនជាដើម។
មុនកើតមានវិបត្តិកូវីដ សម្បុកត្រចៀកកាំលក់បាន១គីឡូចន្លោះពី ៨៥០ដុល្លារទៅ ៩០០ដុល្លារ សម្រាប់សម្បុកដែលមិនទាន់កែច្នៃ។ ក្នុងបរិបទកូវីដនេះ សម្បុកត្រចៀកកាំ លក់បានត្រឹមតែ ១គីឡូតម្លៃ ៦៥០ ទៅ ៧០០ដុល្លារប៉ុណ្ណោះ។ ចំណែកសម្បុកដែលកែច្នៃរួចហើយ តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក កុកធាន។
ចំពោះការសាង់សង់ផ្ទះត្រចៀកកាំបែបស្តង់ដារ ជាមធ្យមត្រូវចំណាយថវិកា ៥ម៉ឺនដុល្លារ ក្នុងទំហំផ្ទះ ៨x១៦ម៉ែត្រ កម្ពស់២ជាន់។ ចំណែកការធ្វើអាជីវកម្មទ្រង់ទ្រាយធំ អាចអស់ចន្លោះពី ១៨ម៉ឺនដុល្លារ ទៅ ៤០ម៉ឺនដុល្លារ។

សម្បុកត្រចៀកកាំជាទំនិញអាទិភាព ដែលប្រមុខរដ្ឋាភិបាលបានដាក់ចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។
លោក ស៊ុយ កុកធាន ព្រួយបារម្ភថា ប្រសិនបើនៅតែមានការចាប់សត្វត្រចៀកកាំសម្លាប់ធ្វើជាចំណីអាហារ ដោយមិនទប់ស្កាត់ទាន់ពេល អាចនឹងខាតបង់ចំណូលជាតិមួយចំនួនធំ ដោយសារខ្វះផលិតផលសម្បុកត្រចៀកកាំផ្គត់ផ្គង់ទីផ្សារ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ចួលជាធរមាន៕ អត្ថបទ៖ ទួន សុផល




-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់