ព័ត៌មានជាតិ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាថា ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យ OHCHR មានលក្ខណៈនយោយូបនីកម្ម
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់លោក Rupert Colville អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ទាក់ទិនការស៊ើបអង្កេតលើជនសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម និងបុគ្គលមួយចំនួនតូច ដោយបានអះអាងថា ជាការអត្ថាធិប្បាយបង្កការភ័ន្តច្រឡំ មានលក្ខណៈនយោបាយូបនីកម្ម ជ្រើសរើសតែមួយជ្រុង និងបុរេវិនិច្ឆ័យ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនពីទីក្រុងហ្សឺណែវ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក អាន សុខខឿន បានលើកឡើងថា អាជ្ញាធរកម្ពុជាពុំដែលព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍អំពីឧក្រិដ្ឋកម្មណាមួយនោះទេ។ ការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយផ្ទៀងផ្ទាត់ជាមួយភស្តុតាង និងសាក្សី បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ។ ប្រសិនបើការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សមានភស្តុតាងដោះបន្ទុករឹងមាំ នឹងត្រូវបានស្វាគមន៍ឱ្យបញ្ជូនភស្តុតាងទាំងនោះ ទៅកាន់អាជ្ញាធរកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ ដោយអនុលោមតាមវិធាន ដែលមានចែង។ លោកថា កិច្ចសហប្រតិបត្តិការពិតប្រាកដ ដែលគ្មានរបៀបវារៈលាក់កំបាំង ត្រូវបានរំពឹងទុកថា នឹងទទួលបានពីទីភ្នាក់ងារទាំងអស់របស់អង្គការសហប្រជាជាតិ ដែលមានតួនាទីជួយគាំទ្រ មិនមែនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកនោះទេ។

លោក អាន សុខខឿន អះអាងថា ការនិយាយយោងរបស់អ្នកនាំពាក្យរូបនេះ ទៅលើសាវតារនយោបាយរបស់ជនជាប់ចោទ បានបង្ហាញពីការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីធ្វើនយោបាយូបនីកម្មលើករណីទាំងនេះ។ លោកថា ការចូលរួមជាមួយគណបក្សនយោបាយ មិនមែនជាអាជ្ញាប័ណ្ណសម្រាប់ល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។ នៅប្រទេសកម្ពុជា បុគ្គលរងការចោទប្រកាន់ ដោយផ្អែកលើមូលដ្ឋាននៃបទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារពួកគាត់ជានរណានោះទេ។ ក្រមព្រហ្មទណ្ឌកម្ពុជាត្រូវបានតាក់តែងដោយមានជំនួយរបស់អ្នកជំនាញមកពីបស្ចិមលោក។ មានករណីជាច្រើនដែលបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពានច្បាប់ ត្រូវបានផ្តន្ទាទោសដោយច្បាប់ និងតុលាការដូចគ្នា។ ជនជាប់ចោទមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដើម្បីបង្ហាញទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ។ ដំណើរការយុត្តិធម៌ព្រហ្មទណ្ឌត្រូវតែវិវឌ្ឍទៅមុខ ដោយគ្មានការរារាំង។
លោក អាន សុខខឿន បញ្ជាក់ដែរថា ជំនួសឱ្យការផ្តោតទៅលើកិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យមួយ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គួរចំណាយធនធានតិចតួចរបស់ខ្លួន ទៅលើបញ្ហាប្រឈមសិទ្ធិមនុស្ស ដែលមាននិន្នាការគួរឱ្យព្រួយបារម្ភ ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍បញ្ជាក់ចុងក្រោយថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចាំបាច់ត្រូវបំពេញអាណត្តិរបស់ខ្លួនដោយអនុលោមតាមសេចក្ដីសម្រេចចិត្ត (លេខ A/RES/48/141) ដែលបានបង្កើតស្ថាប័ននេះឡើង និងបានកំណត់ឲ្យការិយាល័យសិទ្ធិមនុស្សនេះ អនុវត្តមុខងាររបស់ខ្លួនក្នុងវិសាលភាព នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានកាតព្វកិច្ចគោរពអធិបតេយ្យភាពនិងដែនយុត្តាធិការក្នុងស្រុករបស់រដ្ឋនីមួយៗ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ