ព័ត៌មានជាតិ
មកស្គាល់តំបន់កម្សាន្ត ១១ កន្លែងនៅខេត្តកំពង់ធំ ទេសចរច្រើនជិះហួសទៅហួស
ខេត្តកំពង់ធំមានទីតាំងស្ថិតនៅ ចំណុចកណ្តាល ហើយមានភូមិសាស្រ្តជាប់ខេត្តសៀមរាបជាខេត្តទេសចរណ៍ដ៏ធំផុតរបស់ប្រទេសកម្ពុជា។ មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ហើយរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកជាតំបន់ទេសចរណ៍ទាក់ទាញបំផុតរបស់ខេត្តកំពង់ធំ ហើយក៏បានចុះបញ្ជីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
តាមឯកសាររបស់មន្ទីរទេសចរណ៍ដែលកម្ពុជាថ្មីទទួលបាន ខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរសរុប ១១ កន្លែង។
១/ប្រាសាទសំបូរព្រៃគុក
ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមានចម្ងាយប្រហែល ៣០គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦២ និងផ្លូវលេខ ២១៩ ទៅ ស្រុកប្រាសាទសំបូរ។ ប្រាសាទសំបូរព្រៃគុក មានសំណង់ប្រាសាទបុរាណជាច្រើនសាងសង់បែងចែកជាក្រុមៗ ដោយធ្វើឡើងអំពីឥដ្ឋខ្នាតធំ ថ្មភក់ ថ្ម បាយក្រៀម និងហុំព័ទ្ធដោយព្រៃឈើធម្មជាតិធំៗដុះគ្របដណ្តប់។
២/ប្រាសាទគុកនគរ
ស្ថិតនៅ ភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចម្ងាយ ៨១គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦។ ប្រាសាទគុកនគរកសាងឡើងនៅ សតវត្សទី១០-១១ ធ្វើអំពីថ្មបាយក្រៀមនិងថ្មភក់ អាចចូលស្រាវជ្រាវស្វែងយល់អំពីប្រវត្តិនៃការកសាង ប្រាសាទដ៏អស្ចារ្យក្នុងយុគបុរាណខ្មែរ។
៣/ភ្នំសន្ទុក
មានទីតាំងនៅ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងចម្ងាយ ១៧គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ ។ នៅ លើកំពូលភ្នំសន្ទុក ក៏មានប្រាសាទបុរាណរាងជាពីរ៉ាមីតធ្វើអំពីថ្មភក់ ចេតិយបុរាណកសាងនៅ សតវត្សទី ១៥ ព្រះវិហារ ៨ ជ្រុង ស្ថាបនានៅ ក្នុងសតវត្សទី១៩-២០ ស្នាមព្រះពុទ្ធបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មចម្លាក់ព្រះពុទ្ធចូលបរិនិព្វាន និងព្រះពុទ្ធបដិមាជាច្រើនអង្គកសាងក្នុងរាជព្រះបាទពញាធម្មរាជានាឆ្នាំ១៤៧៤-១៤៩៤ កន្លែងទម្លាក់កាក់ផ្សងសំណាងហៅ ថា “ចាន់តារ៉ែ ឬចាន់ចាវ៉ែ” និងព្រះបរមរូបព្រះរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។
ភ្ញៀវទេសចរ អាចឡើងលើកំពូលភ្នំគយគន់ទិដ្ឋភាពព្រៃព្រឹក្សា និងទស្សនាព្រះអាទិត្យរះ នៅពេលព្រឹកព្រលឹម ព្រមទាំងទស្សនាមរតកបុរាណដែលមានបន្សល់ទុករាប់រយឆ្នាំ និងអាចបរិភោគអាហារនៅ អាហារដ្ឋានក្បែរជើងភ្នំ។
៤/បឹងសំរិទ្ធិ
មានទីតាំងនៅ ភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចម្ងាយ ៤២គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦។ រមណីយដ្ឋានកែច្នៃដែលអភិវឌ្ឍដោយឯកជនបានបើកដំណើរការបានប៉ុន្មានឆ្នាំ ពច្ចុប្បន្នក៏បានផ្អាកអាជីវកម្មទៅ វិញ។
៥/ស្ទឹងជីនិត
ជារមណីយដ្ឋានកែច្នៃមានទីតាំងនៅភូមិព្រៃស្រោង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចម្ងាយ ៣៨គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧១។ ទេសភាពផ្ទៃទឹកធំល្ហល្ហេវ ប្រៀបបាននឹងកូនសមុទ្រតូចមួយ និងអាចលេងទឹកហូរធ្លាក់ពីទំនប់បង្អៀរ ជិះទូកកម្សាន្ត សម្រាកលំហែកម្សាន្ត លេងទឹក បរិភោគអាហារ និងជាកន្លែងសម្រាប់បោះតង់។
៦/ទំនប់បង្ហៀរទឹក ៦ មករា
ទំនប់បង្ហៀរទឹក ៦ មករា មានចម្ងាយ ៣២គ.ម ពីទីរួមខេត្តកំពង់ធំ ជាតំបន់រមណីយដ្ឋានកែច្នៃដែលឱ្យភ្ញៀវទេសចរលេងទឹកហូរធ្លាក់ពីទំនប់បង្ហើរមានប្រវែងប្រហែល ២០០ម៉ែត្រ ជិះទូកកម្សាន្តគយគន់ទេសភាព សម្រាក លំហែកម្សាន្ត លេងទឹក និងអាចបរិភោគអាហារ។
៧/រស្មីភូមិពីរគីរីបឹងក្រញោក
មានទីតាំងនៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចម្ងាយ ៨០គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦២ ឆ្លងកាត់ស្រុកប្រាសាទសំបូរ។ តំបន់ទេសចរណ៍ធម្មជាតិនេះ មានភាពទាក់ទាញសម្រាប់ការទស្សនាសត្វស្លាបទឹក និងសត្វព្រៃជាច្រើនប្រភេទ និងស្វែងយល់ពីការប្រមូលផលស្រូវដែលជាប្រពៃណីខ្មែរ និងអាចស្នាក់នៅ ក្នុងផ្ទះ បុរាណខ្មែរដែលមានលក្ខណៈសាមញ្ញ និងបរិភោគអាហារជាមួយអ្នកស្រុកក៏បាន។
៨/ទំនប់បង្ហៀរទឹកអូរមាន
ប្រព័ន្ធធារាសាស្ត្រអូរមាន កសាងដោយគម្រោងស្តារប្រព័ន្ធធារាសាស្ត្ររបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ ហើយបានប្រែក្លាយទៅ ជារមណីយដ្ឋានទេសចរណ៍កែច្នៃ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តសប្បាយ។
រមណីយដ្ឋានទំន់បង្ហៀរទឹកអូរមាន មានទីតាំងស្ថិតនៅ ភូមិរនាម ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមានចំងាយផ្លូវប្រមាណជា ៦០គីឡូម៉ែត្រពីទីរួមខេត្ត។ នៅ ទីនេះ ភ្ញៀវទេសចរនិយមមកអង្គុយលំហែរកាយ គយគន់ទេសភាព ព្រមទាំងងូតទឹកលេងកម្សាន្តយ៉ាងសប្បាយ។
៩/ធ្នស់តាព្រំ
ជាតំបន់ធម្មជាតិ និងប្រវត្តិសាស្ត្រមួយ ស្ថិតនៅ ក្នុងព្រៃស្រោងស្ងាត់ជ្រងំ។ តំបន់នេះមានទីតាំងនៅ ភូមិស្វាយ ឃុំស្រោង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ ទៅ ស្រុកប្រាសាទសំបូរ។ ពេលចូលទៅ ដល់តំបន់នោះ នឹងស្តាប់ឮសំឡេងសត្វបក្សាបក្សីយំ ទស្សនាសត្វស្លាប សម្រាកលំហែកម្សាន្ត លេងទឹកហូរប៉ប្រះនឹងផ្ទាំងថ្មធំៗ។
១០/សំពៅ ត្រៃលោកត្រៃលក្ខណ៍
ជាទីសក្ការបូជា និងប្រារព្ធពិធីសាសនាសម្រាប់ទេសចរសាសនាដែលត្រូវការសិក្សាស្រាវជ្រាវ។ មជ្ឍមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍នេះ មានទីតាំងនៅ ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក។ នៅ ទីនេះ គឺជាទីសក្តារបូជា រូបសំណាកសំពៅ មាសប្រាក់ ព្រះវិហារ ពុទ្ធបដិមា ដែលភ្ញៀវទេសចរនិយមបន់ស្រន់ និងថតរូបកម្សាន្ត។
១១/ស្ទឹងព្រៃប្រស់
ស្ថិតចម្ងាយ ១៦គ.ម ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦។ ជាតំបន់រមណីយដ្ឋានកម្សាន្តដែលភ្ញៀវអាចអង្គុយស្ទួចត្រីលំហែកាយ និងគយគន់មើលទិដ្ឋភាពថ្ងៃរៀបលិច បច្ចុប្បន្នទីនោះបានក្លាយជាចំណត់ឈប់សម្រាកសម្រាប់អ្នកដំណើរ និងរថយន្តទេសចរណ៍គ្រប់ប្រភេទសម្រាកលំហែកាយ ងូតទឹកលេង និងស្រស់ស្រូបអាហារ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ