Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ៖ ភូមិប្រមាណ៥០​%នៅទូទាំងប្រទេស មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ

បានផុស

នៅ

ការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា ភូមិចំនួនប្រមាណ ៥០% នៅទូទាំងប្រទេសកម្ពុជា មិនទាន់មានការផ្គត់ផ្គង់ទឹកស្អាតនៅឡើយទេ ដែលបញ្ហានេះ ក្រសួងកំពុងខិតខំដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមការបញ្ជាក់របស់លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឱ្យដឹងបែបនេះនៅក្នុងជំនួបជាមួយប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមប្រព័ន្ធអនឡាញកាលពីចុងសប្តាហ៍មុន។ លោក បានគូសបញ្ជាក់ថា ដើម្បីអាចសម្រេចបានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចាំបាច់ត្រូវមានហិរញ្ញប្បទានបន្ថែមទៀតសម្រាប់គាំទ្រដល់ប្រតិបត្តិករទឹកស្អាតក្នុងការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវារបស់ខ្លួន។

លោករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ដោយមូលហេតុ​អាកាសធាតុ កំណើនប្រជាជន ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន តម្រូវការប្រើប្រាស់ទឹកមានការកើនឡើងឥតឈប់ គឺក្រសួងកំពុងពិចារណាអនុវត្តនូវគោលនយោបាយមួយ​ចំនួន ដូចជា ការលើកទឹកចិត្តឱ្យប្រតិបត្តិករទឹកស្អាតដែលមានសមត្ថភាពហិរញ្ញវត្ថុ និង មានប្រភពទឹកគ្រប់គ្រាន់ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងពង្រីកបណ្តាញទឹកស្អាត រួមទាំងការលក់ទឹកដុំឱ្យតំបន់ដែលប្រឈមនឹងការខ្វះប្រភពទឹក ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ក៏បាន និងកំពុងគាំទ្រដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership) ហើយក្រសួងក៏កំពុងអនុវត្តគោលនយោបាយគាំទ្រដល់គ្រួសារក្រីក្រតាមរយៈការឧបត្ថម្ភធនភ្ជាប់បណ្តាញ និងការឧបត្ថម្ភធនថ្លៃលក់ទឹកជាដើម។

ជាមួយនេះ ក្រសួងក៏កំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគាំទ្រដល់ការដំណើរការផ្គត់ផ្គង់ទឹកស្អាត ដូចជា ការប្រើប្រាស់ sensors ក្នុងការគ្រប់គ្រងគុណភាពទឹកស្អាត ឬការប្រើ Internet of Thing ។ សម្រាប់ការជួយគាំទ្រដល់ប្រតិបត្តិករទឹកស្អាតផ្សេងទៀត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និង កំពុងផ្តល់ការគាំទ្របច្ចេកទេសតាមរយៈមន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីគាំទ្រដល់អង្គភាពរដ្ឋាករទឹកសាធារណៈក្នុងការបង្កើនប្រសិទ្ធភាពដំណើរការប្រតិបត្តិការអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ។ ក្រសួង ក៏កំពុងពិនិត្យលទ្ធភាពបង្កើតវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលជំនាញសម្រាប់វិស័យទឹកស្អាតផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ជូនភាគី ADB ថា បច្ចុប្បន្ន ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងបង្កើតនូវយន្តការសម្របសម្រួលរវាងស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់រូប។

លោក Srinivasan Palle Venkata ប្រធានប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជម្រាបជូនថាគោលបំណងរបស់បេសកកម្ម ADB គឺដើម្បីស្វែងយល់ថា តើការជួយគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុងវិស័យទឹកស្អាតនៅកម្ពុជាយ៉ាងណាដែរ? ហើយតើអាចរៀនសូត្របានអ្វីខ្លះពីការគាំទ្រនេះ?ចំណុចល្អ និងចំណុចខ្វះខាត? តើបញ្ហាអ្វីខ្លះ ដែលក្រសួងមានបំណងស្នើសុំឱ្យ ADB បន្តជួយគាំទ្រ ក៏ដូចជា បញ្ហាដែល​ជួបប្រទះក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណដល់ADBដែលបានផ្តល់ហិរញ្ញប្បទានជាច្រើនដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា រួមទាំងវិស័យទឹកស្អាតនេះ។ លោក បានបញ្ជាក់ថា គោលនយោបាយទឹករបស់ ADB គឺស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅទីប្រជុំជន​ឱ្យបាន ១០០%នៅត្រឹម ឆ្នាំ២០២៥ ។ ដើម្បីអាចសម្រេចបានគោលនយោបាយនេះក្រសួងត្រូវការជាចាំបាច់នូវការជួយគំាទ្រពីដៃគូអភិវឌ្ឍន៍នានា ក្នុងនោះក៏មានធនាគារអភិវឌ្ឍន៍អាស៊ី ADB ផងដែរ។

គួរបញ្ជាក់ជូនថា ទាក់ទងនឹងការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ADB ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្តគម្រោងចំនួន២ គឺគម្រោងផ្គត់ផ្គង់ទឹក​ស្អាតទីប្រជុំជន (Urban Water Supply Project) ADB លេខ៣២៣២និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ADB លេខ៣៦៣០។ ​មកដល់ពេលនេះ ការអនុវត្តគម្រោងទាំង២ កំពុងដំណើរការ​បានល្អទៅតាម​ផែនការដែលបានគ្រោងទុក ទោះបីជាកន្លងមកមានការយឺតយ៉ាវខ្លះដោយមូលហេតុនៃការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទឹកស្អាត និងក្រសួង ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាមន្ត្រីរបស់គម្រោងមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកនាំពាក្យ ៖ ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា ខ្ពស់ជាងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់

ជីវិតកម្សាន្ដ៣ នាទីutes មុន

ព្រះនាងតូច និង ល្អហួស រួមគ្នាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ

សន្តិសុខសង្គម៣ នាទីutes មុន

ឆ្នាំ២០២៤ ខេត្តក្រចេះមាន​គ្រោះអគ្គិភ័យ ៣០ ករណី ខូចខាតទ្រព្យសម្បត្តិ​ជាង ១៦ ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ នាទីutes មុន

នគរបាលបញ្ជូនជនបរទេសជិត៦០នាក់ដែលដើរចេញពីកាស៊ីណូមួយនៅឧត្តរមានជ័យទៅស្នាក់ការអន្តោប្រវេសន៍

ព័ត៌មានជាតិ១០ នាទីutes មុន

សមាជិកព្រឹទ្ធសភា ស្នើគណៈកម្មាធិការអចិន្ត្រៃយ៍ កោះប្រជុំព្រឹទ្ធសភាពេញអង្គជាវិសាមញ្ញ  

Sokha Hotels

ព័ត៌មានពេញនិយម