ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន
នៅក្នុងជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគីផងដែរ។
តាមលទ្ធផលជំនួប ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសនាល្ងាចនេះបានឲ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើបញ្ហាអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បានអបអរសាទរកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ផងដែរ។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំមេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ាទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀត នូវដំណើរការផ្តល់ជំនួយមនុស្សធម៌។
ទាក់ទងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក វុនណា ម៉ោងល្វីន បានថ្លែងអំណរគុណជំនួយជាថវិកា និងសម្ភារៈ ដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ដែលបានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសមីយ៉ាន់ម៉ា និងឲ្យមីយ៉ាន់ម៉ា បន្តផ្តល់ជំនួយចាំបាច់នានាសម្រាប់ការស្នាក់នៅរបស់ពួកគាត់។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។
ក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ខាងមុខ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង