ព័ត៌មានជាតិ
ទម្លាយព័ត៌មានភ្នំសំពៅ ល្បីសំបូរដូនជីក្មេងៗសាងផ្នួសតជំនាន់
ខេត្តបាត់ដំបង÷ ពលរដ្ឋនិងមហាជនធ្លាប់ឮពីចាស់ៗលើកពីប្រវត្តិភ្នំសំពៅ ដែលថាមានដូនជីក្មេងៗសាងផ្នួសលាងកម្ម ហើយរឿងនេះនៅ តែមានចម្ងល់មិនទាន់មានការពន្យល់ឲ្យច្បាស់លាស់។
ប្រជាជនម្នាក់ឈ្មោះ ពុទ្ធ សំរិទ្ធអាយុ៧៥ឆ្នាំ រស់នៅ ក្នុងក្រុងបាត់ដំបងបានរៀបរាប់ប្រាប់កម្ពុជាថ្មីនៅ រសៀលថ្ងៃទី៧ខែធ្នូនេះថា “អ្វីដែលខ្ញុំនៅ ចាំខ្លះៗដូនជីដែលបច្ចុប្បន្នចូលចិត្តចូលកាន់សីលក្នុងវត្តភ្នំអណ្តើក គឺប្រភពដើមចេញពីភ្នំសំពៅ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo1638870828-1024x682.jpeg)
ព្រឹទ្ធាចារ្យជាចាស់ទុំរូបនេះបានលើកពីប្រវត្តិ ដែលធ្វើឲ្យប្រជាជនខ្មែរក៏ដូចជាមហាជនឆ្ងល់ពាក់ព័ន្ធដូនជីសាងផ្នួសលើភ្នំសំពៅ ដោយនៅ លើភ្នំសំពៅ មានវត្តមួយបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ឈ្មោះថា “វត្តគិរីរម្យ”។ ការសាងសង់វត្តនេះស្របពេលដែលសម័យនោះមានលោកគ្រូចាស់ៗធ្វើកម្មឋានច្រើននៅ តាមល្អាងនិមួយៗលើភ្នំសំពៅ ដើម្បីកាន់សីលកសាងសេចក្តីសុខដល់មនុស្សទូទៅ ។ គ្រានោះហើយដែលមានពុទ្ធបរិស័ទ្ធជាស្ត្រីចាស់ៗ និងវ័យកណ្តាលជាច្រើនបាននាំគ្នាធ្វើបាយម្ហូបអាហារជូនដល់លោកគ្រូទាំងនោះរាល់ថ្ងៃ។ ក្រៅ ពីផ្តល់អាហារស្ត្រីចាស់ៗនិងវ័យកណ្តាល ក៏បានទទួលការទូន្មានផ្លូវល្អដើរតាមកន្លងធម៍ពីលោកគ្រូទាំងនោះរាល់ថ្ងៃដែរ។
ប្រភពបន្តថា លុះស្ត្រីចាស់ៗទាំងនោះបានជ្រាប និងយល់ដឹងនូវការទូន្មានដែលធ្វើឲ្យពួកគាត់មានសេចក្តីសុខដោយស្ងប់ចិត្ត ក៏បានដាក់កាយថ្វាយព្រះជាច្រើននាក់ទាំងវ័យចាស់ ទាំងវ័យកណ្តាលនៅ វត្តលើភ្នំសំពៅ ជាដូនជីតែម្តង។
ក្រោយមកវត្តភ្នំអណ្តើកក្បែរភ្នំសំពៅ ក៏បានកើតឡើង ហើយដូនជីក៏បានចុះមករស់នៅ ក្នុងវត្តថ្មីនេះតែម្តង។ ដោយសារតែអ្នកភូមិស្រុកឃើញបែបនេះ ទើបកូនស្រីមានចិត្តចង់បួសបានអនុញ្ញាតឲ្យបួសក្នុងវត្តភ្នំអណ្តើកតៗគ្នារហូតដល់បច្ចុប្បន្ន។
ស្របជាមួយប្រភពខាងលើ លោកយាយ”ថា”នៅ វត្តភ្នំសំពៅ បានពន្យល់ថា មូលហេតុដែលស្ត្រីបួសជាដូនជីច្រើនក្នុងវត្តភ្នំអណ្តើកគឺមកពីទទួលបាននូវការទូន្មានវិន័យដើរតាមផ្លូវធម៌បានល្អពីលោកគ្រូជាច្រើន ដែលកាន់សីលក្នុងល្អាងកាលពីសម័យនោះ ដូច្នេះហើយទម្លាប់នឹងអនុវត្តតៗគ្នាដល់សព្វថ្ងៃគឺដើមកំណើតកើតចេញពី”វត្តគិរីរម្យ”លើភ្នំសំពៅ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/T-12-16-20-b2-full.jpg)
ភ្នំសំពៅ មានកម្ពស់ប្រមាណ១០០ម៉ែត្រកាំជណ្ដើរឡើងចំនួន១០៣០កាំ និងមានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
ពាក់ព័ន្ធប្រវត្តិខាងលើកម្ពុជាថ្មីមិនអាចសាកសួរជាមួយប្រធានគណះកម្មការវត្តបញ្ជាក់បន្ថែមទេ។ ចំណែកលោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តក៏មិនបានឆ្លើយតប ខណះដែលលោកបានបើកមើលសំនួរកម្ពុជាថ្មីក្នុងប្រព័ន្ធតេលេក្រាម។
បើយោងតាមប្រភពកម្ពុជាថ្មីទទួលបាន នៅលើកំពូលភ្នំសំពៅ មានវត្តមួយឈ្មោះថា”វត្តគិរីរម្យ” ដែលភ្នំនេះមានល្អាងរហូតដល់១២ល្អាងមានដូចជា ១,ល្អាងផ្កាស្លា២,ល្អាងគក់ទ្រូង៣,ល្អាងខ្យល់៤,ល្អាងតែងខ្លួន៥,ល្អាងល្ខោន៦,ល្អាងជ្រៃ៧,ល្អាងពេជ្រ៨,ល្អាងខ្វែង៩,ល្អាងប្រេង១០,ល្អាងស្ថានីយឬល្អាងធំ១១,ល្អាងក្បាលខ្មោច១២,ល្អាងប្រចៀវ។ ក្នុងចំណោមល្អាងខាងលើគេសង្កេតឃើញមាន២ល្អាង ដែលភ្ញៀវនិយមចូលទស្សនាគឺល្អាងផ្កាស្លានិងល្អាងល្ខោន។
ក្បែរភ្នំសំពៅ ក៏សំបូរទៅ ដោយភ្នំផ្សេងៗជាច្រើនទៀត ដែលជាចង្កោមនៃភ្នំសំពៅ ដែលមានជាប់ពាក់ព័ន្ធនឹងរឿងព្រេងនិទានផ្សេងៗពីគ្នាដែលក្នុងនោះរួមមាន ភ្នំក្តោង,ភ្នំក្រពើ,ភ្នំអណ្តើក,ភ្នំទ្រុងមាន់,ភ្នំទ្រុងទា,ភ្នំនាងរំសាយសក់,ភ្នំតាគ្រាមនិងភ្នំសងក្បាល់។
មន្ត្រីនៃមន្ទីរទេសចរណ៍មួយរូបបានឲ្យកម្ពុជាថ្មីដឹងថា ភ្នំសំពៅ មិនត្រឹមតែជារមណីយដ្ឋានធម្មជាតិដ៏មានប្រជាប្រិយភាពតាមរយះល្អាងច្រើនដ៏ត្រជាក់ចិត្តនោះទេ បច្ចុប្បន្នភ្នំនេះក៏ជាកន្លែងកម្សាន្តមួយដ៏ទាក់ទាញក្នុងចំណោមរមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ជាពិសេសភ្ញៀវជាតិអន្តរជាតិចូលចិត្តទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងផងដែរ។ ជាមួយគ្នានេះ ទីនោះក៏កន្លែងធ្វើកម្មដ្ឋានសម្រាប់អ្នកចង់លាងជម្រះភាពសៅ ហ្មង និងទុក្ខកង្វល់ផ្សេងៗ៕
អត្ថបទ៖ សៅ សារិទ្ធ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត