ព័ត៌មានជាតិ
ប្រមុខការទូតអះអាងថា កម្ពុជា នឹងខិតខំជួយដោះស្រាយភូមា តាមនយោបាយឈ្នះ-ឈ្នះ
មានប្រសាសន៍ក្រោយជំនួបជាមួយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅ ថ្ងៃទី ០៧ ខែធ្នូ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ប្រទេសកម្ពុជា រួមជាមួយប្រទេសជាសមាជិកអាស៊ានដទៃទៀត នឹងខិតខំជួយស្វែងរកដំណោះស្រាយ តាមនយោបាយឈ្នះឈ្នះ ឱ្យទទួលបានជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។

ប្រមុខការទូតកម្ពុជាបានអះអាងថា លោករីករាយណាស់ ដែលលោក វុនណា ម៉ោងលីន បានធ្វើដំណើរមកកម្ពុជា ខណៈដែលកិច្ចសន្ទនាត្រង់ទៅត្រង់មក គឺជាមូលដ្ឋានគ្រឹះនៃការងារការទូត។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគីកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់។

លោកបញ្ជាក់ថា “ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំបានពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តមវុនណា និងជម្រាបជូនឯកឧត្តមថា កម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវចំណុចស្នូលនៃមូលបទរបស់អាស៊ាន ស្តីពីការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សម្តែងក្តីសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីទៅមីយ៉ាន់ម៉ា នៅខែមករាខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។

លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។
ក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះមានការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តនៃស្ថានការក្នុងតំបន់នាពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ