ព័ត៌មានជាតិ
ប្រាសាទអង្គរវត្តជាប់លេខ ១ ជាប្រាសាទដ៏ល្បីល្បាញបំផុតនៅអាស៊ីរបស់គេហទំព័រ Touropia
វេបសាយទេសចរណ៍ Touropia បានជ្រើសរើសប្រាសាទអង្គរវត្តជាប្រាសាទដ៏ល្បីល្បាញបំផុតនៅទ្វីបអាស៊ី ដោយផ្ដល់ចំណាត់ថ្នាក់លេខ ១ លើប្រាសាទនានាទាំងអស់នៅក្នុងអត្ថបទ ដែលមានចំណងជើងថា “10 Most Famous Temples in Asia” កាលពីពេលថ្មីៗនេះ។

ក្រសួងទេសចរណ៍ ក៏បានធ្វើការអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រាសាទដ៏ល្បីល្បាញបំផុតក្នុងតំបន់អាស៊ីរបស់វេបសាយទេសចរណ៍ដ៏ល្បីមួយនេះ។
ប្រាសាទអង្គរវត្ត គឺជាទីកន្លែងសាសនាដ៏ធំបំផុតរបស់ពិភពលោក។ ទីនេះ ទេសចរនិយមទៅទស្សនានៅពេលថ្ងៃរះ ពេលព្រះអាទិត្យបានរះចំប្រាង្គប្រាសាទចំកណ្ដាល។
ប្រាសាទអង្គរវត្ត ជានិមិត្តរូបដ៏រុងរឿង នៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង។ ប្រាសាទអង្គរវត្តគឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះ គេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរ ទើបគេស្គាល់។
អង្គរវត្ត ជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញ រន្ទឺ សុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងដើមសតវត្សទី ១២ នៅយសោធរបុរៈ ដោយអធិរាជាណាចក្រខ្មែរឧទ្ទិសដល់ព្រះវិស្ណុ។

តាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ ម៉ឺននាក់ ដំរីជាង ៦ ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង ១០ លានតោន នៅក្នុងទំហំខ្នាត និងភាពស៊ីមេទ្រីឡើងដល់កំពូល ដែលត្រូវបានគេជឿថា ជាប្រាសាទសាសនាដ៏ធំបំផុត ជាស្ថាបត្យកម្មកំពូលក្នុងលោក។
រៀងរាល់ខែកញ្ញា ចន្លោះពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា និងក្នុងខែមីនា គឺព្រះអាទិត្យរះ និងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលចែករយៈពេលយប់ និងថ្ងៃស្មើគ្នា ឬហៅថា (សមរាត្រី) គ្រប់អ័ក្ស នៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែលតំណាងឲ្យហ្វូងតារាត្រាគោ (Draco) កញ្ជុំសកល ដែលមានអាយុកាល ២ លានឆ្នាំ មានចម្ងាយពីផែនដី ១៩ ទ្រីលានគីឡូម៉ែត្រ ដោយស្មើនឹងរង្វាស់កាំរស្មីព្រះអាទិត្យ ២ ឆ្នាំពន្លឺ។
អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី ៧ នៃរយៈទទឹងរបស់ផែនដី ដែលខ្សែនោះជាន់គ្នាជាមួយនឹងប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសា របស់ម៉ិចស៊ិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិរបស់ឈីលី។

ជាងនេះទៀត ប្រាង្គអង្គរ មានលក្ខណៈពិសេស គឺប្រែពណ៌ពីសំរឹទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និងរសៀល និងជាប្រាសាទសង់អំពីថ្ម ដែលនៅគង់វង្សល្អបំផុតរហូតរាប់រយឆ្នាំ គឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយ ចាប់តាំងពីព្រហ្មញ្ញសាសនាបូជា ដល់ព្រះវិស្ណុ រហូតមកដល់ពុទ្ធនិយម។
ប្រាសាទអង្គរ ស្ថិតក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូល នៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូប ជារបស់កម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិ និងដួងព្រលឹងពលរដ្ឋខ្មែរគ្រប់ៗរូប៕
អត្ថបទ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ