Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះការបញ្ជាទិញបន្លែសុវត្ថិភាពពីសហគមន៍ មានការកើនឡើង ៤០ភាគរយ

បានផុស

នៅ

ទោះបីជាប្រទេសកម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏ការបញ្ជាទិញ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាពពីសហគមន៍កសិកម្មតាសីសាមគ្គី នៅក្នុងឆ្នាំ២០២២១នេះ មានការកើនឡើងប្រមាណ ៤០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០កន្លងទៅ។

បើតាម លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មតាសីសាមគ្គី បានមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ក៏ដោយ ក៏សហគមន៍នៅតែអាចបង្កើនចំនួនបញ្ជាទិញ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាព ទៅកាន់ទីផ្សារប្រមាណជាង ៧២០តោន ក្នុងឆ្នាំ ២០២១ ដែលចំនួននេះបានកើនឡើងរហូតដល់ទៅ ៤០% បើធៀបទៅនឹងឆ្នាំ២០២០ និងបានផ្តល់ឱកាសការងារ ជូនដល់សមាជិកបានប្រមាណជាង ១៨០គ្រួសារ និងទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៥០០ដុល្លារក្នុង ១ខែ។

លោកបានបន្តថា សហគមន៍កសិកម្មតាសីសាមគ្គី មានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៧ មានសមាជិកចំនួន ៩២គ្រួសារ (ស្រ្តី ៣៦នាក់) មានភាគហ៊ុនចំនួន ២០០ហ៊ុន និងមានទុនសរុបចំនួន ១០លានរៀល។ បច្ចុប្បន្ននេះ សមាជិកកើនឡើងរហូតដល់ទៅ ១២៩គ្រួសារ (ស្រ្តី ៣៥ នាក់) មានផ្ទៃដីដាំដុះបន្លែ ៣៧ហិកតា មានភាគហ៊ុនចំនួន ៩០១ហ៊ុន ទុនកើនឡើងដល់ទៅ ៥២លានរៀល។

លោកបានបន្តទៀតថា ក្រៅពីនេះ សហគមន៍មានធនធានជាទ្រព្យសម្ភារៈមួយចំនួន សម្រាប់បម្រើក្នុងផលិតកម្ម និងអាជីវកម្មដូចជា៖ រោងដែកស័ង្កសីចំនួន ១ខ្នង សម្រាប់ប្រមូលផ្តុំ និងវេចខ្ចប់បន្លែ ឃ្លាំងត្រជាក់ចំនួន ១កន្លែង សម្រាប់ស្តុកបន្លែ ទូរកញ្ចក់ចំនួន ១ រថយន្តដឹកបន្លែចំនួន ៣គ្រឿង (ចំណុះ ២,៥ តោន ចំនួន ២ និងរថយន្ត ១២កៅអីចំនួន ១គ្រឿង) សម្រាប់ដឹកជញ្ជូនបន្លែទៅកាន់ទីផ្សារ។ ក្រៅពីដាំបន្លែ សហគមន៍ក៏មានសេវាផ្តល់ឥណទាន ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ទីផ្សារ (ទិញ និងលក់បន្លែសុវតិ្ថភាព) និងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់ និងសេវាកម្មផ្សេងៗទៀត។

លោក ណុប នុន បានឲ្យដឹងថា សមាជិកសហគមន៍ទាំងអស់ កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង ២០មុខ រួមមាន៖ ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះ។ល។ អាចផ្គត់ផ្គង់បន្លែ ឲ្យទីផ្សារបានរាល់ថ្ងៃសម្រាប់រយៈពេលពេញ ១ឆ្នាំនូវបន្លែចំនួន ៨មុខ គឺស្ពៃក្តោប ខាត់ណាផ្កា ខាត់ណាដើម ស្ពៃហាង ស្ពៃ ក្រញាញ់ ស្ពៃ ក្រញាញ់ផ្អែមម៉ាទ្បេស៊ី  ស្ពៃតឿ និងស្ពៃចង្កឹះ ក្នុងបរិមាណចន្លោះពី ១-២តោន ទៅកាន់ទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញចំនួន ១០ ហើយទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ១ ៥០០ ០០០រៀលក្នុង ១ថ្ងៃ។

លោកបានបន្ថែមទៀតថា សហគមន៍មានផែនការដាំបន្លែចំនួន ៣មុខបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារគឺប៉េងបោះឆេរីក្រហម និងលឿង ប៉េងបោះហាវៃ និងម្ទេសហាវៃក្រហម និងលឿងផងដែរ ដោយសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការពិសោធន៍ស្រាវជ្រាវ ហើយនៅក្នុងឆ្នាំ ២០២១ សហគមន៍បានចុះកិច្ចសន្យា ផ្គត់ផ្គង់បន្លែសុវត្ថិភាពជាមួយផ្សារ និងភោជនីយដ្ឋានចំនួន ១៩ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។

ក្នុងចំណោមកិច្ចសន្យាផ្លូវការទាំងអស់ សហគមន៍បានចុះកិច្ចសន្យាជាមួយផ្សារ និងក្រុមហ៊ុនចំនួន៧ នៅរាជធានីភ្នំពេញ រួមមានក្រុមហ៊ុនរ៉េមិច (REMIC) ចំនួន ៣៥តោន ផ្សារអាលីម៉ង់ចំនួន ៥តោន និងផ្សារចំនួនប្រាំផ្សេងទៀត ក្នុងបរិ មាណប្រមាណ ១០តោន។ ក្រៅពីនេះ សហគមន៍បានចុះកិច្ចសន្យាមិនផ្លូវការជាមួយផ្សារ និងភោជនីយដ្ឋានចំនួន ១២ ទៀត នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្គត់ ផ្គង់បន្លែសុវត្ថិភាពប្រមាណ ១០តោន/ឆ្នាំ។ សហគមន៍ ក៏បានទទួលទិញបន្លែសុវត្ថិភាពពីសហគមន៍កសិកម្មចំនួន ១០ នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សាររបស់សហគមន៍កសិកម្មទាំងនោះផងដែរ។

លោក ណុប នុន បានបញ្ជាក់ថា ក្រៅពីការដាំដុះបន្លែសម្រាប់ផ្គត់ផ្គង់ទីផ្សារ សហគមន៍បានបង្កើតក្រុមអ្នកបច្ចេកទេស សាងសង់ផ្ទះសំណាញ់ ជូនដល់កសិករនៅទូទាំងប្រទេសចំនួនមួយក្រុម ដែលមានសមាជិកចំនួន ២៥នាក់ ភាគច្រើនជាអ្នកធ្វើចំណាកស្រុកទៅប្រទេសថៃ។ ជាក់ស្តែងនៅឆ្នាំ២០២០-២០២១ សហគមន៍សង់ផ្ទះសំណាញ់បានចំនួន ១១៦ខ្នង ជូនសមាជិក និងកសិករក្រៅសហគមន៍ ក្នុងតម្លៃ ៨ដុល្លារ/ម៉ែត្រ ការ៉េ ផ្ទះសំណាញ់ទំហំ ១០ម x ២៥ម កំពស់ ៤,៥ម គឺមានតម្លៃ ២ ០០០ដុល្លារ។ ក្រៅពីផ្តល់សេវាសាងសង់ផ្ទះសំណាញ់ សហគមន៍បានជួយបង្រៀនបច្ចេកទេសដាំដុះបន្លែ ដល់កសិករផងដែរ។

លោកក៏បានជូនបទពិសោធន៍ថា ដើម្បីទទួលបានស្ថិរភាពតម្លៃ និងស្ថិរភាពទីផ្សារ “កសិករត្រូវដាំបន្លែដែលទីផ្សារត្រូវការ និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ សិក្សាពីតម្រូវការទីផ្សារ ស្វែងរកដៃគូអាជីវកម្ម ប៉ាន់ប្រមាណសមត្ថភាពផ្គត់ផ្គង់ឲ្យទីផ្សារ រៀបចំផែនការនៃការដាំ ដុះ និងប្រមូលផល។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ សហគមន៍សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន ៣គឺ ៖ ទី១៖ បង្កើនសមត្ថភាព ក្នុងការគ្រប់គ្រងសហគមន៍ គ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុត្រូវបាន ពង្រឹងតាមរយៈការបណ្តុះបណ្តាល ពីសំណាក់មន្រ្តីជំនាញបច្ចេកទេស របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នដៃគូផ្សេងៗ ទៀត។

ទី២៖ ទទួលការគាំទ្រហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចំនួន ៣៧ម៉ឺនដុល្លារ និង ១០ម៉ឺនដុលា្លរពី គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច(AIMS)។ តាមរយៈហិរញ្ញប្ប ទាននេះ សហគមន៍បានពង្រីកអាជីវកម្ម កសាងការិយាល័យ ឃ្លាំងស្តុកបន្លែ រថយន្តបំពាក់ដោយទូរត្រជាក់ និងសម្ភារមួយចំនួនទៀតសម្រាប់អនុវត្តការងារ និងពង្រីកអាជីវកម្ម។ ទី៣៖ មានគំនិតផ្តួចផ្តើមក្នុងការពង្រឹងមុខរបរ ដែលមានស្រាប់ និងបង្កើតមុខរបរថ្មី ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនដល់សមាជិក។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកផលិតកម្មកសិកម្មតាមកិច្ចសន្យា បាននិងកំពុងដើរតួនាទីជាស្ពានចម្លង រវាងកសិករ ឬអ្នកផលិតជាមួយវិស័យឯកជន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិ កម្ម តាមរយ:ការធានាបរិមាណផ្គត់ផ្គង់គុណភាព និងសុវត្ថិភាពផលិតផលទីផ្សារនិងតម្លៃ។ មិនតែប៉ុណ្ណោះ ភាគីប្រមូល ទិញ ក៏នឹងជួយជាបច្ចេកទេសផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៣ វិនាទី មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៤៤ វិនាទី មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៥ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម