ព័ត៌មានជាតិ
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF29 នឹងបើកជាផ្លូវការនៅព្រឹកស្អែក
កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF29 ដែលសភានៃសាធារណរដ្ឋកូរ៉េធ្វើជាម្ចាស់ផ្ទះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងភាពធន់ ក្រោយសម័យកូវីដ-១៩” ហើយពិធីបើកកិច្ចប្រជុំនេះជាផ្លូវការ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ស្អែកនេះ។
ចំណែកនៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាការកិច្ចប្រជុំសមាជិកសភាជាស្ត្រី នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៩ ក្រោមប្រធានបទ “ការធ្វើឱ្យបានសម្រេចសមភាពយេនឌ័រ តាមរយៈការបង្កើនការចូលរួម និងភាពជាតំណាងរបស់ស្ត្រី” ហើយកិច្ចប្រជុំបានចាប់ផ្តើមក្រោមការដឹកនាំកិច្ចប្រជុំដោយលោកស្រី ណាំ អ៊ីន ស៊ុន (Hon. Nam In-soon) សមាជិការដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។
លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំនេះ តាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
តាមព័ត៌មានពីរដ្ឋសភា បានឲ្យដឹងថា ប្រតិភូដែលបានចូលរួមផ្ដល់បទអន្តរាគមន៍ ក្នុងកិច្ចប្រជុំសមាជិកសភាជាស្ត្រី បានធ្វើការកត់សម្គាល់ថា វិបត្តិកូវីដ-១៩ បានធ្វើឲ្យមានភាពប្រឈមកាន់តែខ្លាំងឡើងទៅនឹងការរើសអើង និងការព្រងើយកន្តើយចំពោះស្ត្រី ហើយកិច្ចប្រជុំបានជំរុញឲ្យសមាជិកសភា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអន្តរសភា ដើម្បីកសាងសង្គម ដែលកាន់តែមានភាពស៊ាំ និងធន់ជាងមុន ក្នុងរយៈពេលវែង និងរួមគ្នាប្រើវិធីសាស្ត្រដែលឆ្លើយតបទៅនឹងយេនឌ័រ សម្រាប់ដោះស្រាយវិបត្តិនានានៅពេលអនាគត។
កិច្ចប្រជុំក៏បានអះអាងឡើងវិញ នូវអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៧៩ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) 1995 សេចក្តីប្រកាសប៉េកាំង និងវេទិកាសម្រាប់សកម្មភាព និងដំណោះស្រាយនៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ និង២៨ ស្តីពីការសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនៅគ្រប់កម្រិតនៃការសម្រេចចិត្ត និងបានជំរុញឲ្យប្រទេសជាសមាជិកធានា ឲ្យមានការចូលរួមពីតំណាងរបស់ស្ត្រី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ របស់អង្គការសហប្រជាជាតិស្តីពីសមភាពយេនឌ័រ។
តាងនាមគណៈប្រតិភូសភាកម្ពុជា លោកស្រី ឡោក ខេង បានធ្វើការចែករំលែកបទពិសោធន៍ពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅទៅមុខ ដើម្បីសម្រេចបាននូវសមភាពយេនឌ័រ តាមរយៈការបង្កើនការចូលរួម និងភាពជាតំណាងរបស់ស្ត្រី ដោយសារតែកម្ពុជាបានដាក់សមភាពយេនឌ័រជាចំណុចអាទិភាពមួយ ក្នុងចំណោមចំណុចអាទិភាពជាច្រើន ពិសេសរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជួយជំរុញស្រ្តីចូលរួមទាំងក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកស្រី ឡោក ខេង បានលើកឡើងទៀតថា សភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកិច្ចការនារីបានរួមគ្នាដើរតួនាទីដ៏សំខាន់ សហការគ្រប់ភាគីពាក់ព័ន្ធ គ្រប់ស្ថាប័ន គណបក្សនយោបាយ សង្គមស៊ីវិល វិស័យឯកជន ក្រុមគ្រួសារ ជាពិសេសបុរសៗ គឺជាអ្នករួមចំណែកសំខាន់ក្នុងការចូលរួមបញ្ជ្រាបយេនឌ័រលើគ្រប់វិស័យ និងគ្រប់ទីកន្លែង ដោយប្រកាន់ខ្ជាប់ថា “ជួយស្ត្រី គឺជួយខ្លួនយើង” ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ក្នុងការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យអប់រំ សុខាភិបាល និងធុរកិច្ច៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ