ព័ត៌មានជាតិ
១០ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង១៤ម៉ឺននាក់ ថយចុះជាង៨៨ភាគរយ
នៅក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង១៤ម៉ឺននាក់ បានថយចុះជាង៨៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ ដោយសារវិបត្តិជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ជំងឺកូវីដ-១៩ បានរាតត្បាតពេញសកលលោក ហើយវិស័យទេសចរណ៍មានការប៉ះពាល់យ៉ាងខ្លាំង។ ជាក់ស្តែង នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវទេសចរបរទេសចំនួន១៤៤.៤៣៣នាក់ ថយចុះ ៨៨,៦ភាគរយ បើធៀបនឹងឆ្នាំ២០២ ដែលបានទទួលភ្ញៀវទេសចរបរទេសប្រមាណ១,៣លាននាក់ ថយចុះ៨០,២ភាគរយ ធៀបនឹងឆ្នាំ២០១៩។
លោករដ្ឋលេខាធិការ បានបញ្ជាក់ដែរថា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥) កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ ដោយចែកជា៣ ដំណាក់កាលទី១. ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំការស្តារឡើងវិញ (២០២០-២០២១)។ ដំណាក់កាលទី២. ការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ (២០២២-២០២៣) និង ដំណាក់កាលទី៣. ការរៀបចំឆ្ពោះទៅអនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។ លោកបានបន្តទៀតថា ក្រសួងទេសចរណ៍បានជំរុញចលនាផ្សព្វផ្សាយ បង្កើនចលនាទេសចរណ៍ផ្ទៃក្នុង សម្របសម្រួលការធ្វើដំណើរ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងសមត្ថភាពជំនាញក្នុងវិស័យទេសចរណ៍ផងដែរ។

ចំពោះសិក្ខាសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”នេះវិញ គឺធ្វើឡើង ក្នុងគោលបំណងកសាងសមត្ថភាព និងផ្តល់នូវចំណេះដឹងលើការងារបដិសណ្ឋារកិច្ច រួសរាយដល់ភ្ញៀវទេសចរនៅតាមច្រកទ្វារអាកាសយានដ្ឋានកងកេង។ ត្រូវធានាឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ច រក្សាសន្តិសុខ សុវត្ថិភាពទេសចរ ពិសេស សម្រាប់ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍គណ:ប្រតិភូចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមលោក ហោ សារុន។

ចំណែក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុវិញ បានបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅ អាជីវកម្មទេសចរណ៍ចំនួន ៧៦៨ទីតាំងត្រូវបានផ្អាកដំណើការ និងមានបុគ្គលិក៧,០០០នាក់ បាត់បង់ការងារ។ លោក បានបន្តថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺកូវីដ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងប្រតិបត្តិស្តង់ដារអប្បរមាក្រសួងទេសចរណ៍ ក៏ដូចជា វិធានការរបស់ក្រសួងសុខាភិបាល រក្សាស្ថិរភាពទេសចរណ៍ឱ្យមានដំណើរការអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងទម្លាប់ថ្មី។ លោកបានចាត់ទុកសិក្ខាសាលាបណ្តុះបណ្តាលនេះ ថាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីក្នុងន័យធានាបានសុវត្ថិភាពពីជំងឺកូវីដ១៩តាមគន្លងថ្មី ស្របពេលដែលរាជរដ្ឋាភិបាល ប្រកាសបើកដំណើរការអាជីវកម្មគ្រប់ប្រភេទឡើងវិញ ដើម្បីធ្វើឲ្យងើបឡើងវិញនូវសេដ្ឋកិច្ច សង្គម។

ដោយឡែក លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ឱ្យដឹងដែរថា សិក្ខាសាលានេះ ពិតជាបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីអន្តោប្រវេសន៍។ ទី១.យល់ដឹងបទពិសោធន៍ក្នុងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវបរទេស និងគណ:ប្រតិភូ ២.ពង្រឹងសេវាកម្មជំនាញ ៣.ការធ្វើអំពើល្អ។ លោកបន្ថែមថា ក្នុងនាមជាមន្ត្រីជំនាញ ត្រូវទទួលខុសត្រូវ និងគិតពីក្រមសីលធម៌ដូចជា គោរពវិន័យកងកម្លាំង សម្លៀកបំពាក់សមរម្យ ពាក្យសម្តីទន់ភ្លន់រាក់ទាក់ ការផ្តល់ពត៌មាន និងការជួយសម្របសម្រួល រៀបចំកន្លែងធ្វើការ និងកន្លែងទទួលភ្ញៀវស្អាត ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះឱ្យដំណើរការល្អនៅតាមច្រកទ្វាអន្តរជាតិទាំងអស់ក្នុងខេត្តព្រះសីហនុ មានដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសកាន់តែល្អបន្ថែមទៀត។

លោក ហោ សារ៉ុន បានស្នើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការងារបង្កើនការប្រុងប្រយ័ត្នចាត់វិធានការប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងប្រទេសកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ