ព័ត៌មានជាតិ
ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៥ ឆ្នាំ២០២១ នៅខេត្តសៀមរាប!
សៀមរាប ៖ នៅសួនច្បារមហាសណ្ឋាគារអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ មានប្រារព្ធធ្វើពិធីអបអរ សាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទឆ្នាំនេះ ( សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស ) គឺមានអត្ថន័យស្មើនឹងការព្រមានដល់ជនល្មើសថា បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្ស ជាដាច់ខាត។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការខេត្ត ដោយមានការនិមន្តនិងអញ្ជើញ របស់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង រាជាគណៈថ្នាក់ទោ និងជាព្រះមេគណខេត្ត និង ព្រះថេរានុត្ថេរៈ អស់លោក លោកស្រី ប្រតិភូតំណាងមកពីបណ្តាខេត្តចំនួន៤ផ្សេងទៀត គឺបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និង អង្គការអន្តរជាតិ និង អង្គការសង្គមស៊ីវិល ជាដៃគូមួយចំនួនទៀត ក៏មានវត្តមានចូរួមផងដែរ។
បន្ទាប់ពីការអាក់ខានក្រោមវិបត្តិនៃជម្ងឺឆ្លងកូវីដ-១៩ កម្មវិធីទិវាជាតិ ប្រឆាំងការជួញដូរមនុស្ស ត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ (ថ្ងៃទី១២ខែធ្នូ ) ដើម្បីធ្វើជាយុទ្ធនាការ បំផុសការយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដើម្បីដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះ និងល្បិចកលថ្មីៗនៃជនល្មើស ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព។ តាមស្ថិតិជំរឿនបច្ចុប្បន្ននេះពលករខេត្តសៀមរាប ដែលបាននឹងកំពុងធ្វើការនៅក្រៅប្រទេស មានជាងពីរម៉ឺននាក់ ទាំងស្របច្បាប់ និងទាំងមិនស្របច្បាប់។
ក្នុងចំនួននេះ គឺជាប្រជាពលរដ្ឋដែលពេញកម្លាំងពលកម្ម និងចាំបាច់ត្រូវពង្រឹងការគ្រប់គ្រង ដើម្បីលើកម្ពស់សក្តានុពលធនធាននៃកម្លាំងពលកម្មទេសន្តប្រវេសន៍។ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានការចូលរួមពីបណ្តាមន្ទីរ-អង្គភាព ជាសមាជិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិនានា បាននឹងកំពុងរួមគ្នាធ្វើសកម្មភាពឥតឈប់ឈរ ប្រកបដោយការលះបង់ខ្ពស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងដែរថា៖ អ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ច និងជួញដូរមនុស្ស ។ ថ្លែងក្នុងពិធីដ៏មានសារសំខាន់នេះនៅខេត្តសៀមរាប លោកស្រី ជូ ប៊ុនអេង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីលះបង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមគ្នាឥតសំចៃ បើទោះបីជាមានឧបសគ្គ ជួបប្រទះបញ្ហាប្រឈម និងការលំបាកធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បានយកតំណាក់កាលរាតត្បាតកូវីដ-១៩ ដោយប្រើដៃម្ខាងទៀតបង្ការទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងបានប្រើជាឱកាសស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសវិស័យទេសចរណ៍ ។
លោកជំទាវក៏ បានបញ្ជាក់ថា ឆ្នាំនេះការប្រារព្វទិវាជាតិ ប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឡើងវិញ ក្រោមប្រធានបទ ( សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស ) គឺស្មើនឹងសារព្រមានដល់ជនល្មើស ថា រាជរដ្ឋាភិបាល នឹងមិនអត់ឱនចំពោះអ្នកប្រព្រឹត្តអំពើជួញដូរមនុស្ស ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ លោកស្រី ក៏បានបង្ហាញផងដែរ នូវមោទកភាពចំពោះខេត្តសៀមរាប ដែលទទួលបានចំណាត់លេខ១ រយៈពេល៤ឆ្នាំជាប់ៗគ្នា លើប្រតិបត្តិការទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្ស។ តែយ៉ាងណាក៏ដោយ លោកស្រីនៅតែបន្តការអំពាវនាវ សូមប្រជាពលរដ្ឋគ្រប់រូប កុំចាញ់បោកការអូសទាញ បោកបញ្ឆោតពីមេខ្យល់ និងជនល្មើស ឲ្យធ្លាក់ចូលទៅក្នុងភាពរងគ្រោះ ដោយអំពើជួញដូរនិងកេងប្រវ័ញ្ចគ្រប់រូបភាព ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងមនុស្សគ្រប់វ័យតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធ័រណេត ការអូសទាញឆ្លងដែនដោយប្រថុយប្រថាន រកការងារ មុខរបរ ឬគូស្រករនៅក្រៅប្រទេស ការទាក់ទាញឲ្យជួលពពោះជំនួស ដើម្បីលក់ ទិញ ទារកនាំឆ្លងដែន និងការលក់ទិញ ឬដកហូតសរីរាង្គជាដើម។
លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឲ្យជនល្មើស ធ្វើការរំលោភបំពាន និងកេងប្រវ័ញ្ចលើមនុស្សផងគ្នា និងបង្កើតជាសម័យកាលនៃទាសភាពបែបថ្មីឡើងវិញនោះទេ និងសូមអំពាវនាវឲ្យមានការចូលរួមពេញទំហឹង ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ចូលរួមសហការ និងគាំទ្រឲ្យបានពេញទំហឹងក្នុងការបង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ និងការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស៕
ដោយ ៖ គឿនវេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់