ព័ត៌មានជាតិ
កម្ពុជា នឹងទទួលបានការអនុគ្រោះអត្រាពន្ធសូន្យភាគរយ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ចូលជាធរមាន
កម្ពុជា បានបន្តចាប់ផ្តើមពិភាក្សាលើរបៀបវារៈស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA)” នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ។
ការចរចាកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយការពិចារណា និងយកចិត្ដទុកដាក់ខ្ពស់អំពីភាពខុសគ្នានៃកម្រិតភាពអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ បន្ថែមទៀតលើទំនិញ ដែលធ្លាប់នាំចេញកន្លងមក និងមុខទំនិញយុទ្ធសាស្រ្ដសំខាន់ៗរបស់កម្ពុជាដទៃទៀត ក្នុងអត្រាពន្ធ 0% ដែលបានស្នើដោយអន្ដរក្រសួង-ស្ថាប័ន វិស័យឯកជន និងសមាគមពាក់ព័ន្ធសំខាន់ៗ។ ក្នុងនោះរួមមាន ទំនិញឧស្សាហកម្ម ដូចជា កង់ ជ័រកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងសង្ហារឹម នំក្រៀម ស្ករស ស្ករអំពៅ ការបូបយួរដៃ វ៉ាលី ខ្សែភ្លើង ខ្សែកាបអេឡិចត្រូនិកអគ្គិសនី សម្ភារៈកីឡា របស់តុបតែងធ្វើពីវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំកំព្យូទ័រ។ សម្រាប់ទំនិញកសិកម្ម រួមមាន៖ ម្រេច គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដំឡូង ផ្សិត មអ្ឃុត ដូង ម្នាស់ ឪឡឹក ទុរេន ត្របែក រមៀត ពោត ថ្នាំជក់ គ្រាប់កាហ្វេ ប្រភេទសាច់ និងទំនិញ វារីវប្បកម្មមួយចំនួនទៀត។
លើសពីនេះទៀត កម្ពុជា ទទួលបានទីផ្សារអត្រាពន្ធ 0% លើទំនិញអាហារកែឆ្នៃពីអង្គ (គុយទាវ នំក្រៀម និងនំស្រួយ ផលិតពីអង្គ) និងប្រភេទទំនិញ កសិកម្មកែឆ្នៃ (សំបុកត្រចៀកកាំ ទំនិញកែឆ្នៃពីត្រី ផ្លែមៀន ទំនិញកែឆ្នៃពីដូងជាដើម។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដ៏មានសារៈសំខាន់នេះ នឹងក្លាយជាកម្លាំងចលករក្នុងការជំរុញ លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា ដែលនឹងផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកសំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសនឹងជំរុញការស្ដារឡើងវិញបានឆាប់រហ័សនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរដែលរងការប៉ះពាល់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
ដើម្បីអាចចូលជាធរមានបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរជូនដំណឹងទៅវិញទៅមក តាមផ្លូវការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន។ ដូចនេះក្នុងគោលបំណងឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមានបាននៅដើមឆ្នាំ២០២២ ដូចការគ្រោងទុក ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះជាការប្រញាប់។
សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងនេះ បានធ្វើឡើងដោយអនុលោមតាមមាត្រាXXIV នៃកិច្ចព្រមព្រៀងទូទៅ ស្ដីពីពន្ធគយនិង ពាណិជ្ជកម្ម(GATT)ឆ្នាំ១៩៩៤ និងមាត្រា V នៃកិច្ចព្រមព្រៀងទូទៅ ស្ដីពីពាណិជ្ជកម្មសេវា (GATS) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុញ្ញាតឲ្យប្រទេសសមាជិតរបស់អង្គការ WTO ធ្វើការចរចា និងចុះហត្លលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលក្ខណៈទ្ចេភាគី ឬពហុភាគី។
លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ សង្ឃឹមថា កម្ពុជា កូរ៉េ នឹងកសាងបានវិបុលភាព ក្នុងការបង្កើតកិច្ចសន្ទនាការទូត និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនៅឆ្នាំ ២០២២ខាងមុខ រវាងប្រទេសទាំងពីរ។ លោកថ្លែងបែបនេះ នៅក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅរាជបណ្ឌិត្យសភាកម្ពុជា៕ ទួន សុផល
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន