ព័ត៌មានជាតិ
កម្ពុជា ខ្ចីបំណុលបរទេសប៉ុន្មានទើបមានហានិភ័យដល់សេដ្ឋកិច្ចជាតិ?
មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា បានខ្ចីបំណុលបរទេសចំនួនជាង ៩ប៊ីលានដុល្លារ(៩០០០លានដុល្លារ)ហើយ ប៉ុន្តែមន្រ្តីជាន់ខ្ពស់រូបនោះថា បំណុលដែលជំពាក់នេះ នៅមានកម្រិតទាបនៅឡើយ។
តើការខ្ចីបំណុលបរទេសកម្រិតណា ទើបហៅថាវ័ណ្ឌក ឬមានហានិភ័យដល់សេដ្ឋកិច្ចជាតិ?
កម្ពុជាថ្មី បានជួបសម្ភាសន៍ជាមួយអ្នកជំនាញសេដ្ឋកិច្ច គឺលោកបណ្ឌិត គី សេរីវឌ្ឍន៍ ដើម្បីធ្វើការអត្ថាធិប្បាយលើបញ្ហានេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការវាស់វែងបំណុលរបស់ប្រទេសមួយ គឺទាញសូចនាករយកមកវាស់ហៅថា បំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប GDP( Gross Domestic Product – GDP)។ លោកបណ្ឌិតពន្យល់ថា GDP របស់កម្ពុជាសព្វថ្ងៃ ២៩ពាន់លានដុល្លារ ហើយពេលនេះកម្ពុជា ទើបជំពាក់បំណុលបរទេស ៩ប៊ីលានដុល្លារ(៩០០០លានដុល្លារដុល្លារ) ដូច្នេះមានន័យថា យើងជំពាក់បំណុលបរទេស ត្រឹមតែ ២៨ភាគរយប៉ុណ្ណោះនៃ GDP។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តដូច្នេះថា« បំណុលកម្ពុជា មិនទាន់ដល់កម្រិតមួយ ដែលជួបការលំបាកទេ យើងខ្ចីលុយគេតែ ១០មក ហើយយើងយកមកផលិតបាន ៣០ មានន័យថា ចំណូលក្នុងមួយឆ្នាំៗ យើងអាចដោះសងគេបាន ដូច្នេះវាជាកម្រិតមួយដែលល្អ យើងអាចប្រើប្រាស់បំណុលនេះមានប្រសិទ្ធភាព»។
ចំពោះកម្រិតហានិភ័យ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា« កម្រិតហានិភ័យលុះត្រាតែយើងជំពាក់បំណុលគេរហូតដល់ ៦០ភាគរយ នៃ GDP ទើបចូលដល់កម្រិតក្រហម»។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រទេសមួយដែលជំពាក់បំណុលគេវ័ណ្ឌក ត្រូវតែដោះបំណុលតាមរយៈការលក់ទ្រព្យសម្បត្តិ ដូចជាការផ្តល់ដីសម្បទានទៅដល់ក្រុមហ៊ុនបរទេសទាំងអស់នោះ ការផ្តល់កោះ ឬផ្តល់តំបន់ណាមួយឲ្យទៅម្ចាស់បំណុលគ្រប់គ្រងរយៈពេល ៩០ឆ្នាំ ជាថ្នូរនៅក្នុងការជួលដី ដើម្បីដោះបំណុល។ ជម្រើសផ្សេងទៀត ប្រទេសជំពាក់បំណុលអាចចរចាជាមួយប្រទេសម្ចាស់បំណុល ក្នុងការបន្ធូរបន្ថយ ឬកាត់ចោល ជាថ្នូរនឹងគោលនយោបាយការបរទេសនានា ជាដើម។
ការអភិវឌ្ឍប្រទេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាតម្រូវការហិរញ្ញវត្ថុដ៏ធំ ដើម្បីជំរុញឲ្យសេដ្ឋកិច្ចរីកម្រើនលឿន គឺត្រូវតែខ្ចីលុយបរទេស ឬខ្ចីលុយប្រជាជនក្នុងស្រុក ដោយរដ្ឋាភិបាលត្រូវជំរុញឲ្យមានទីផ្សារមូលបត្រនៅក្នុងប្រទេសឲ្យដំណើរការ ដើម្បីខ្ចីលុយពីមហាជនអភិវឌ្ឍប្រទេស។
លោកបណ្ឌិត គី សេរីវឌ្ឍន៍« បើសិនជាគ្រួសារម្នាក់យកលុយទៅទិញមូលបត្រ ១០០ដុល្លារ ហើយយើងមាន ១០លាននាក់ទៅទិញ យើងបាន ១,០០០លានដុល្លារហើយ អ៊ីចឹង ១,០០០លានដុល្លារ ក្នុង១ឆ្នាំ យើងយកមកធ្វើផ្លូវបាន ១,០០០គីឡូម៉ែត្រ នេះជាទឹកប្រាក់ដ៏ធំមួយ ដែលរដ្ឋាភិបាលយកមកប្រើជំនួសការខ្ចីពីបរទេស»។
អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកជាឧទាហរណ៍ទៀតថា បើរដ្ឋាភិបាលខ្ចីលុយបរទេសមកធ្វើផ្លូវបាន ៥០០គីឡូម៉ែត្រ មានន័យថា ៥០០គីឡូម៉ែត្រនេះ ជាចរន្តនៃការបង្កើតឲ្យសេដ្ឋកិច្ចដើរបាន ១,០០០លានដុល្លារ ឬ ២,០០០លានដុល្លារទៀត ដូច្នេះលទ្ធភាពនៅតែមានបន្តរហូត ហើយ GDP យើងកើនកាន់តែធំផងដែរ។
កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»ថា បច្ចុប្បន្ននេះ កម្ពុជា បានជំពាក់បំណុលបរទេសមានចំនួនជាង ៩ប៊ីលានដុល្លារ ដែលបំណុលនេះ ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។ លោក ផាន់ ផល្លា បានថ្លែងដូច្នេះថា«ជាការធៀបបំណុលកម្ពុជាទៅជាមួយប្រទេសផ្សេងៗទៀត យើងនៅមានកម្រិតទាបណាស់ យើងអត់ទាន់ដល់កម្រិតមួយដែលគេថា វ័ណ្ឌកដូចបណ្តាប្រទេសមួយចំនួនទេ យើងពុំមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាពសង ព្រោះបំណុលយើងនៅទាប»៕ ទួន សុផល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់