ព័ត៌មានជាតិ
សម្តេច ស ខេង ៖ អំពើជួញដូរមនុស្ស ជាអំពើដ៏សាហាវព្រៃផ្សៃ និងជាទាសករបែបថ្មី
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា អំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថា ជាអំពើដ៏សាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលមិនអាចបណ្តែតបណ្តោយ និងទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ។ អំពើនេះទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន វិស័យ និងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង និងការពារជនរងគ្រោះគ្រប់ប្រភេទគ្រប់វ័យប្រកបដោយសច្ចៈ និងស្មារតីទទួលខុសត្រូវ ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅក្នុងពេលពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលទទួលពលករកំរៀងដែលបានសាងសង់ឡើងអស់ថវិកា ជាង១០ម៉ឺនដុល្លានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សម្តេច ស ខេង បានបញ្ជាក់ថាអគារមណ្ឌលទទួលពលករកំរៀងនេះ គឺជាភស្តុតាងថ្មីនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយប្រើប្រាស់មណ្ឌលនេះ ជាទីតាំងនៃការទទួលពលករដែលវិលត្រឡប់ឲ្យទទួលបាននូវកន្លែងសំចត ការផ្តល់ព័ត៌មាន សេវាកម្មចាំបាច់បន្ទាន់ សេវាបញ្ជូន ក៏ដូចជា ពេលវេលាសម្រាប់ការកំណត់អត្តសញ្ញាណរកជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីបានផ្តល់សេវាសមស្រប និងអាចបញ្ជូនបន្តរកសេវាច្បាប់ សេវាសង្គម និងសេវាសេដ្ឋកិច្ចដទៃទៀតសម្រាប់ជាមធ្យោបាយផ្តល់កិច្ចការពារដល់ជនរងគ្រោះ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/269675013_3110331669245500_5536932291183054944_n-1024x683.jpg)
សម្តេចក្រឡាហោម បានចាត់ទុកថា មណ្ឌលទទួលពលករកំរៀងនេះ គឺជាមណ្ឌលទទួលពលករទី២ របស់រាជរដ្ឋាភិបាល បន្ទាប់ពីមណ្ឌលនៅប៉ោយប៉ែត ។ នៅពេលនេះ កម្ពុជា ក៏កំពុងព្យាយាមរកវិធីសម្រាប់ការគ្រប់គ្រង និងដំណើរការដែលឆ្លើយតបប្រកបដោយប្រសិទ្ធភាព សម្របសម្រួល ប្រមូលទិន្នន័យ ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីផ្តល់សេវាឲ្យបានសមស្រប និងទាន់ពេលវេលា ព្រមទាំង កាត់បន្ថយភាពរងគ្រោះជាថ្មី នៅពេលដែលពលករមានបំណង និងការសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍ ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក៏ដូចជា ជាកន្លែងផ្តល់ប្រឹក្សាយោបល់ក្នុងការផ្តល់ជម្រើសសម្រាប់ការរស់នៅដែលមានសេចក្តីសុខ សេចក្ដីថ្លៃថ្នូរ មានភាពជាម្ចាស់ និងមានសិទ្ធិពេញលេញ ក្នុងការទទួលបានផលប្រយោជន៍ដោយស្របច្បាប់ ទោះបីជានៅក្នុងប្រទេស ក៏ដូចជានៅគ្រប់ទីកន្លែងដែលខ្លួនរស់នៅ ។
សម្តេច ស ខេង ក៏បានបង្ហាញនូវមោទនភាពចំពោះអង្គការដៃគូជាច្រើនដែលបានធ្វើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេស ការងារសេវាកម្ម ឆ្លើយតបទៅនឹងកិច្ចការពារជនរងគ្រោះ និងការបង្ការទប់ស្កាត់ភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងមានគោលដៅការងារនៅតាមបណ្តាខេត្តជាប់ព្រំដែនបានចូលរួមសហការជាមួយមណ្ឌលទទួលពលករកំរៀងនេះ ។ អង្គការដៃគូទាំងនេះ រួមមាន អង្គការសហប្រជាជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) អង្គការសាម៉ារីតាន់ភ័ស (Samaritans Purse)អង្គការ ការីតាសកម្ពុជា(Caritas Cambodia)អង្គការហាហ្គា(Hagar) និងមានអង្គការមួយចំនួនទៀតដែលកំពុងត្រៀមលក្ខណៈក្នុងការចូលរួមសហការបន្តដៃគូក្នុងការផ្តល់សេវា ជូនជនរងគ្រោះទាំងនៅតាមមណ្ឌលថែទាំ ទាំងនៅតាមសហគមន៍ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្រសួងស្ថាប័ន និងរាជធានីខេត្តពាក់ព័ន្ធ ៕
អត្ថបទ ៖ ណារី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ