ព័ត៌មានជាតិ
កម្ពុជា-ថៃ សង្ឃឹមសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ បានបង្ហាញទំនុកចិត្តថា ប្រទេសទាំង២ នឹងអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំលើកទី១១នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (11th JC) រវាងកម្ពុជា និងថៃ នៅរាជធានីភ្នំពេញ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ដន ប្រាម៉ាត់វិណៃ (Don PRAMUDWINAI)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។ រដ្ឋមន្រ្តីការបរទេសទាំង២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១១ ក្រោមមូលបទ “សន្តិភាព វិបុលភាព និងការស្តារឡើងវិញទាំងអស់គ្នា” រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ ក៏ដូចជាលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ លើកទី៣ កាលពីឆ្នាំ២០១៧ផងដែរ។

ភាគីទាំងពីរ (កម្ពុជា-ថៃ) បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជា ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់ និងព្រំដែននៃមិត្តភាព។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ក្នុងការជំរុញការបណ្តុះបណ្តាល និងការចែករំលែកព័ត៌មាន ក្នុងវិស័យសន្តិសុខ ការកាប់ឈើខុសច្បាប់ គ្រឿងញៀន ការជួញដូរអាវុធ និងមនុស្សនៅតាមព្រំដែន។

ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត រដ្ឋមន្ត្រីការបរទេសទាំងពីរ មានទំនុកចិត្តថា នឹងអាចសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ខាងមុខ។ ដើម្បីការងារនេះសម្រេចបានតាមផែនការ គឺរដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ស្ថាប័នពាក់ព័ន្ធស្វែងរកមធ្យោបាយនានា ដែលប្រកបដោយនវានុវត្តន៍ ដើម្បីពង្រីកវិសាលភាព និងស្វែងរកឱកាសបន្ថែមទៀតក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿនការបញ្ចប់អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីទំនិញឆ្លងកាត់ ក៏ដូចជាពិភាក្សាអំពីនីតិវិធីវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចូល និងនាំចេញផលិតផលកសិកម្ម។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការបើកច្រកអន្តរជាតិថ្មីៗ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនកាន់តែរហ័ស និងប្រសើរជាងមុន៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់