ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ៖ វៀតណាមជាទីផ្សារដ៏ធំក្នុងការនាំចេញកសិផលកសិកម្មរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ប្រទេសវៀតណាមជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការនាំចេញកសិផលកសិកម្មដូចជាស្រូវ ដំឡូងមីស្រស់ និងក្រៀម ពោតគ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃម្សិលមិញនេះ លោករដ្ឋមន្ត្រីបានបន្តថា ការនាំចេញកសិផលកសិកម្មនេះ បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀតដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
លោក Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេស និងក្រសួងទាំងពីរ ហើយសមិទ្ធិផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានបង្ហាញយ៉ាងច្បាស់លើទំហំ និងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញនាំចូលផលិតផលកសិកម្មនៃប្រទេសទាំងពីរ ដោយក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១នេះ វៀតណាមបាននាំចូលផលិតផលកសិកម្មកម្ពុជារហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញផលិតផលកសិកម្មវៀតណាមមកកម្ពុជាបានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើការងារមួយចំនួនដើម្បីពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរលើអនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ការជួញដូរឈើនិងសត្វព្រៃឆ្លងដែនខុសច្បាប់ក្នុងអនុវិស័យព្រៃឈើការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វនិងចត្តាឡីស័កសត្វការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល។
ក្រៅពីនេះភាគីទាំងពីរក៏បានពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរមានជាអាទិ៍៖
១. ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតផលកសិកម្ម ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលកសិផលរវាងប្រទេសទាំងពីរ។
២. កិច្ចសហការលើអនុវិស័យព្រៃឈើ ពោលការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើ និងសត្វព្រៃឆ្លងដែនខុសច្បាប់។
៣. ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់។ ការការពារនិងទប់ស្កាត់ជំងឺឆ្លងសត្វរវាងប្រទេសទាំងពីរ និងការអនុវត្តចត្តាឡីស័កសត្វតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។
៤. ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ។ ពង្រឹង និងពង្រីកកិច្ចសហការលើអនុវិស័យជលផលតាមរយៈគម្រោងជំនួយឧបត្ថម្ភរបស់វៀតណាមសម្រាប់អនុវត្តក្នុងឆ្នាំ ២០២២ដោយផ្តល់ការងារបណ្តុះបណ្តាលបច្ចេកទេសវារីវប្បកម្ម។
៥. អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូដើម្បីធានានិរន្តរភាពនៃអនុវិស័យនេះ។ រួមគ្នាគ្រប់គ្រងនិងទប់ស្គាត់ការនាំចេញខុសច្បាប់នៃឈើកៅស៊ូ និងជ័រកៅស៊ូដែលមិនទាន់កែច្នៃ។
ភាគីទាំងពីរបានឯកភាពរួមគ្នារៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ ដើម្បីចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក