ព័ត៌មានជាតិ
សហគ្រាសខ្នាតតូច និងមធ្យមជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជាង៧០ភាគរយដល់ពលរដ្ឋ
សហគ្រាសខ្នាតតូច និងមធ្យម(SME) ត្រូវបានគេចាត់ទុកថា ជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ សហគ្រាសខ្នាតតូច និងមធ្យម ក៏ជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស។ សន្ទុះកំណើនចំនួនសហគ្រាសខ្នាតតូច និងមធ្យម ជាហេតុធ្វើឲ្យការធ្វើចំណាកស្រុករកការងារនៅក្រៅប្រទេស និងអត្រាគ្មានការងារបានថយចុះគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលបណ្តាលឲ្យមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។

យោងតាមធនាគារអភិវឌ្ឍអាស៊ី បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩៩%នៃសហគ្រាសសរុប បានរួមចំណែកជិត៦០ភាគរយនៃផលិតផលក្នុងស្រុក និងបង្កើតការងារជិត ៧០ភាគរយនៃកម្លាំងពលកម្ម។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុ បានថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៨ ឆ្នាំ២០២១ ស្តីពី “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា” នៅថ្ងៃទី ២២ ខែធ្នូថា សហគ្រាសខ្នាតតូច និងមធ្យម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ពិសេសក្នុងចំណោមពលរដ្ឋរស់នៅតាមទីជនបទ។

លោកស្រី បានបន្តថា ការអភិវឌ្ឍ SME ក៏នឹងរួមចំណែកពង្រឹងភាពធននៃសេដ្ឋកិច្ច តាមរយៈការបង្កើតការផ្គត់ផ្គង់ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលទំនិញមួយចំនួនពីបរទេស និងបង្កើតការងារក្នុងស្រុកបន្ថែម។
ទន្ទឹមនឹងនេះ វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់វិស័យ SME យ៉ាងខ្លាំង ស្របពេលដែលភាគច្រើននៃសហគ្រាសទាំងនេះ ស្ថិតនៅក្នុងវិស័យក្រៅប្រព័ន្ធ ធ្វើឲ្យរដ្ឋាភិបាល ពិបាកគ្រប់គ្រងទិន្នន័យ ដើម្បីដាក់ចេញនៅគោលនយោបាយទ្រទង់ និងគាំទ្រការអភិវឌ្ឍ SME ឲ្យបានពេញលេញ។
បើតាមលោកស្រី ជា សេរី វិបត្តិកូវីដ បានពន្លឿនការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងរបៀបទំនាក់ទំនង ដោយក្នុងនោះ ការប្រើប្រាស់បច្ចេកទេសក្នុងផលិតកម្ម ការជួញដូរកាន់តែមានភាពពេញនិយម ដែលទាមទារ SME ត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន ដើម្បីឆ្លើយតបនឹងស្ថានភាពថ្មីនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជា កុកហុង អគ្គនាយករង គអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា នៅក្នុងវិបត្តិកូវីដ-១៩ ក្រសួងបានគាំទ្រថវិកាចំនួន ១៧លានដុល្លារ ដល់មុខរបរក្រៅប្រព័ន្ធ ដែលប្រឈមខ្លាំងសម្រាប់បណ្តុះបណ្តាល និងស្តារអាជីវកម្មឡើងវិញ។ ចំណែកហិរញ្ញប្បទាន SME Bank មានចំនួន ៣៤០លានដុល្លារ សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។ លើសពីនេះទៀត លោក ជា កុកហុង បានសង្កត់ធ្ងន់ថា ទិដ្ឋភាពគោលនយោបាយ មានអនុក្រឹត្យលើកទឹកចិត្តផ្នែកពន្ធដារ លេខ១២៤ ដែលផ្តោតលើវិស័យអទិភាពបួន រួមមាន វិស័យកម្មន្តសាល ការកែច្នៃម្ហូបអាហារ ការផលិតសម្ភារប្រើប្រាស់ផ្គត់ផ្គង់ក្នុងស្រុក វិស័យទេសចរណ៍ និងនវានុវត្តផ្សេងៗទៀត រយៈពេល៥ឆ្នាំ។ លោកថា អនុក្រឹត្យមួយទៀត ចំពោះ SME ដែលនាំចូលសម្ភារ ឬឧបករណ៍គ្រឿងម៉ាស៊ីន ក៏ត្រូវបានលើកលែងពន្ធគយនាំចូលផងដែរ។
លោក ឡោ សត្យា អគ្គនាយករង អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា វិស័យ SME រងផលប៉ះពាល់ធ្ងន់ធ្ងរ ចាប់ពីឆ្នាំ ២០២០មក ពិសេស SME ដែលបម្រើក្នុងវិស័យទេសចរណ៍ និង ក្នុងវិស័យកម្មន្តសាលមួយចំនួនទៀតដូចជា អាជីវកម្មគ្រឿងសង្ហារឹម តុទូ ជាដើម។ ចំណែកផ្នែកចំណីអាហារ មិនមានបញ្ហាអ្វីទេ ដោយសារជាតម្រូវការចាំបាច់។ លោក ឡោ សត្យា បានបញ្ជាក់ដែរថា SME គឺជាឆ្អឹងខ្នងចូលរួមយ៉ាងសំខាន់នៅកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច ជួយអភិវឌ្ឍសង្គម និងបង្កើតការងារដល់ពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ ២០១៩ មុនវិបត្តិកូវីដ ចំនួនសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល សរុបចំនួន ៥២,១៥៥ មូលដ្ឋាន និងផ្តល់ការងារចំនួន ៨២៤,២៤៥ នាក់៕ ដោយ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី