ព័ត៌មានជាតិ
ខេត្តកំពង់ចាម បានត្រៀមអ្វីខ្លះ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ សប្ដាហ៍ក្រោយ?
ការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ ២០២១ នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ខែធ្នូ សប្ដាហ៍ក្រោយនេះ។ ខេត្តកំពង់ចាម បានត្រៀមរួចជាស្រេចសម្រាប់ការប្រឡងដ៏ធំនេះ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ២២ ខែធ្នូ នេះថា មន្ទីរអប់រំ បានប្រជុំជាមួយនាយកវិទ្យាល័យ ដែលជាមណ្ឌលប្រឡងទាំង ១២ ដើម្បីសម្អាតបរិស្ថានខាងក្រៅ ខាងក្នុងបន្ទប់ប្រឡង ព្រមទាំងកន្លែងលាងដៃ និងបន្ទប់អនាម័យ ដើម្បីបង្ការជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ និងប្រភេទជំងឺបំប្លែងថ្មី។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម រូបនេះបានឱ្យដឹងបន្ថែមថា ជាគោលការណ៍មន្ទីរបានត្រៀមតាមអ្វីដែលក្រសួងអប់រំ និងក្រសួងសុខាភិបាល រួមទាំងអគារ និងសម្ភារអនាម័យមួយចំនួន។ ជាមួយគ្នានេះ កាលពីថ្ងៃចន្ទ នៅមន្ទីរអប់រំ បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជន នៅតាមមណ្ឌលប្រឡង ដើម្បីឱ្យបេក្ខជនដឹងឈ្មោះខ្លួនឯងប្រឡងនៅមណ្ឌលណា និងផ្ទៀងផ្ទាត់ ឈ្មោះអក្ខរាវិរុទ្ធ ថ្ងៃខែឆ្នាំកំណើតជាដើម។
លោក លី ម៉េងសាន បានបញ្ជាក់ថា មន្ទីរអប់រំ ក៏បានសហការជាមួយមន្ទីរធម្មការ និងសាសនា ព្រមទាំងមន្ទីរសុខាភិបាល ដោយសម្របសម្រួលជាមួយព្រះចៅអធិការគ្រប់វត្តនៅជិតមណ្ឌលប្រឡង ដើម្បីផ្សព្វផ្សាយ និងជួយផ្ដល់កន្លែងស្នាក់នៅដល់បេក្ខជនដែលមិនមានកន្លែងស្នាក់នៅ។ ចំណែកមន្ទីរសុខាភិបាលបានត្រៀមលក្ខណៈសម្រួលផ្នែកសុខភាព អនាម័យ នៅតាមមណ្ឌលទាំង១២ មានទាំងការវាស់កម្ដៅ បើសិនបេក្ខជនមានកម្ដៅខុសធម្មតា នឹងរៀបចំឱ្យប្រឡងនៅបន្ទប់បម្រុងផ្សេង។

ទាក់ទងការសិក្សា ក្នុងបរិបទសម័យ កូវីដ-១៩ លោកបានឱ្យដឹងថា ថ្វីដ្បិតមានការបិទវិទ្យាល័យមួយចំនួន ប៉ុន្តែមិនបានផ្អាកការបង្រៀន និងការរៀនទេ នេះ សិស្សានុសិស្សនៅខេត្តមកំពង់ចាម បានរៀនពីចម្ងាយតាមរយៈអនឡាន ទូរទស្សន៍ ហើយសម្រាប់សិស្សដែលមិនមានឧបករណ៍សិក្សាពីចម្ងាយ គឺលោកគ្រូអ្នកគ្រូបែងចែកកាលវិភាគបង្រៀនជាបណ្ដុំ ក្នុង១ក្រុម ជាង ១០ នាក់។ ជាមួយគ្នានោះ ចំពោះសិស្ស ឬវិទ្យាល័យ ដែលស្ថិតនៅតំបន់ក្រហម គឺគ្រូបានចែកសន្លឹកឯកសារ និងមេរៀនសង្ខេប ព្រមទាំងពន្យល់បន្ថែមនៅផ្ទះគ្រូផ្ទាល់ ឬនៅផ្ទះមេភូមិ ដើម្បីសម្រួល និងដោះស្រាយបញ្ហាដែលសាកលលោកជួបវិបត្តិជំងឺកូវីដ-១៩។
លោក លី ម៉េងសាន បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ នេះ មានចំនួន ១២ មណ្ឌលប្រឡង នៅក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ។ ក្នុងនោះមាន ៧ មណ្ឌលប្រឡង ប្រើសម្រាប់ ថ្នាក់វិទ្យាសាស្រ្ដសង្គម និង ៥ មណ្ឌល សម្រាប់ ថ្នាក់វិទ្យាសាស្ត្រពិត។ បេក្ខជនសរុបចំនួន ៧ ១១១ នាក់ ក្នុងនោះ ស្រី ៣ ៦៨៩ នាក់។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខាងលើបានផ្ដាំផ្ញើ បេក្ខជនទាំងអស់ បន្តខិតខំសិក្សា និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ បរិភោគ និងសម្រាកឱ្យបានគ្រប់គ្រាន់ និងកុំឱ្យមានបញ្ហានៅថ្ងៃប្រឡង។
សូមបញ្ជាក់ផងដែរថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ ឆ្នាំសិក្សា២០២០-២០២១ នេះ នឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២១ លើ ៧ មុខវិជ្ជា ក្នុងនោះភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ថ្នាក់វិទ្យាសាស្រ្ដ មានវិញ្ញាសា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្រ្ដខ្មែរ រូបវិទ្យា គណិតវិទ្យា។ ថ្នាក់វិទ្យាសាស្រ្ដសង្គម មានវិញ្ញាសា ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិជ្ជា អក្សរសាស្រ្ដខ្មែរ។ បេក្ខជនសរុបមានចំនួន ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់។ មណ្ឌលសំណេរមានចំនួន ២០៤ មណ្ឌល ត្រូវនឹង ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ