ព័ត៌មានជាតិ
រដ្ឋាភិបាលបានចេញវិធានការ ១០ ជុំ ទ្រទ្រង់សេដ្ឋកិច្ចកម្មករ កំឡុងវិបត្តិកូវីដ-១៩
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការជាបន្តបន្ទាប់ចំនួន ១០ ជុំ រួចមកហើយ ដើម្បីទ្រទ្រង់នូវសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពប្រាក់ចំណូល របស់កម្មករនិយោជិតនៅក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩។

ថ្លែងនៅក្នុងជំនួបជាមួយ លោក Patrice Vignes នាយកគ្រប់គ្រងប្រចាំប្រទេស របស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក (foodpanda) នៅព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ លោករដ្ឋមន្ត្រីបានលើកឡើងពីការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យរាំងស្ទះនូវដំណើរការអាជីវកម្មមួយចំនួនធំ។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងការដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការចំនួន ១០ ជុំ រួចមកហើយ ក្នុងនោះសម្រាប់វិស័យការងារ បានអនុវត្តវិធានការដោះស្រាយផលប៉ះពាល់ រួមមាន៖ ការអនុញ្ញាតឱ្យរោងចក្រ សហគ្រាស ដែលរងផលប៉ះពាល់ អាចព្យួរកិច្ចសន្យាការងារ, កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់, និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចមួយចំនួន, ការលើកលែងបង់ភាគទានជាដើម។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីបង្កភាពងាយស្រួលដល់វិស័យឯកជន ក្រសួងការងារ បានដាក់ឱ្យដំណើរការការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរ ទទួលសេវាបានឆាប់រហ័ស កាត់បន្ថយការចំណាយ និងបង្ការហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ព្រមទាំងជួយដល់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យកម្មករនិយោជិតសម្រាប់រោងចក្រ សហគ្រាស។
ជាមួយនេះក្រសួង ក៏បានជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដោយពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ការរៀបចំ និងដាក់ឱ្យដំណើរការរបបប្រាក់សោធន, និងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គមលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនឹងនេះ ក៏កំពុងតែរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដារស្តីពីការដំណើរការ និងគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ផងដែរ។
ពាក់ព័ន្ធនឹងក្រុមហ៊ុន Foodpanda វិញ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានធ្វើការវិនិយោគបង្កើតសេវាបែបនេះនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីចាត់ទុកការវិនិយោគនេះ ពិតជាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀតចូលមកកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់អាហារមកដល់ពលរដ្ឋកម្ពុជាបានយ៉ាងល្អ។

លោកនាយកគ្រប់គ្រងប្រចាំប្រទេស បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់មកលើកម្មករនិយោជិតក្នុងការចាក់វ៉ាក់សាំងជូនដល់ពួកគាត់ ជាពិសេសបុគ្គលិករបស់ foodpanda ក៏ទទួលបានការចាក់វ៉ាក់សាំងពីខាងក្រសួងដែរ អំឡុងបើកយុទ្ធនាការដំបូង “ការចាក់វ៉ាក់សាំងជូន សហជីព និយោជក និងកម្មករនិយោជិត។
លោកនឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត ដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឱ្យមានការគាំទ្រពីអ្នកប្រើប្រាស់សេវាឱ្យកាន់តែច្រើនបន្ថែមទៀត។ លោកបានបន្តថា Foodpanda ចាប់ផ្តើមសេវាដឹកជញ្ជូនគ្រឿងទេស និងដឹកជញ្ជូនម្ហូបអាហារទូទៅ ដោយមានបុគ្គលិកប្រមាណ ៨ ០០០ នាក់ និងត្រូវការកម្លាំងពលកម្មបន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត