ព័ត៌មានជាតិ
វត្ត ៤ កន្លែងនៅខេត្តស្វាយរៀង បេក្ខជនត្រៀមប្រឡង អាចស្នាក់នៅឥតគិតថ្លៃ
ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានឱ្យដឹងថា នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី២៧ធ្នូខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀងបានត្រៀមវត្តអារាមចំនួន ៤ សម្រាប់ឱ្យបេក្ខជនដែលខ្វះលទ្ធភាពបានស្នាក់នៅដោយឥតគិតថ្លៃ។
លោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ធ្នូនេះថា វត្តចំនួន ៤កន្លែងដែលបេក្ខជនអាចស្នាក់នៅពេលប្រឡងរួមមាន វត្តព្រៃឆ្លាក់ វត្តសន្តិភាព វត្តឧបុលតរនារាម និងវត្តថ្មុល។

លោកប្រធានមន្ទីរបានបន្តទៀតថា កាលពីមុនផ្ទុះជំងឺកូវីដ១៩ វត្តទាំងនេះធ្លាប់ជាកន្លែងស្នាក់នៅសម្រាប់បេក្ខជនប្រឡងបាក់ឌុបដែលពេលនោះព្រះសង្ឈមិនត្រឹមតែផ្តល់កន្លែស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់នូវម្ហូបអាហារផងដែរ។ ប៉ុន្តែបច្ចុប្បន្នដោយសារមានបញ្ហាជំងឺកូវីដ១៩ លោកក៏មិនដឹងថាតើព្រះសង្ឈអាចជួយផ្គត់ផ្គង់ម្ហូបអាហារដូវកាលពីមុនទៀតឬយ៉ាងណានោះទេ។
លោក ខៀវ សំអុលបានឱ្យដឹងទៀតថា ចំពោះការផ្ញើកង់ម៉ូតូវិញខាងរដ្ឋបាលខេត្តជាចេញថ្លៃជំនួសបេក្ខជនដោយមន្ទីរបានរៀបចំកន្លែងផ្ញើររួចរាល់ពោលគឺធ្វើយ៉ាងណាមិនឱ្យមានការកកស្ទះឡើយ។
លោកប្រធានមន្ទីរបានបញ្ជាក់ថាសម្រាប់ការប្រឡងបាក់ឌុបនេះខេត្តមានបេក្ខជនដាក់ពាក្យប្រឡងចំនួន៣០០៨នាក់ស្រី១៤៤២នាក់មានមណ្ឌលចំនួន៥ចែកជា១២១បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន២មណ្ឌលស្មើនឹង៣៣បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៣មណ្ឌលស្មើនឹង៨៨បន្ទប់។
លោកបានបញ្ជាក់បន្ថែមថា មណ្ឌលប្រឡងទាំង៥នោះគឺទី១ មណ្ឌលបឋមសិក្សាព្រះសីហនុមាន២៥បន្ទប់មានសិស្ស៦២៥នាក់ ទី២ មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូងមាន ៣២ បន្ទប់មានសិស្ស៨០០នាក់ ទី៣មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើងមាន ៣៤ បន្ទប់មានសិស្ស ៨៥០ នាក់ ទី៤មណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្យការមាន ២០ បន្ទប់មានសិស្ស ៥០០នាក់ និងទី៥មណ្ឌលបឋម២ធ្នូមាន១០បន្ទប់មានសិស្ស២៣៣នាក់។

នៅក្នុងដំណើរការប្រឡងនេះ រដ្ឋបាលខេត្តបានដាក់កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍នៅជុំវិញមណ្ឌលប្រឡងចំនួន ១៣០នាក់ ក្នុងនោះមានមន្ត្រីប៉ូលីស៦៥នាក់ និងមន្ត្រីកងរាជអាវុធហត្ថ៦៥នាក់ព្រមទាំងដាក់រថយន្តសង្គ្រោះបន្ទាន់ចំនួន ៥ គ្រឿងនិងដាក់គ្រូពេទ្យពី៣ទៅ៥នាក់ទៅតាមមណ្ឌលប្រឡងធំតូចដើម្បីត្រៀមជួយសង្គ្រោះបឋមដល់បេក្ខជនមានបញ្ហាសុខភាពស្រាល ពេលដំណើរការប្រឡង។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ធ្នូនេះ ដោយណែនាំឱ្យបេក្ខជនប្រឡងបាក់ឌុបបន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាពជាពិសេសអនុវត្ត៣ការពារ ៣កុំ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គលនិងគ្រួសារ។បង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរតាមដងផ្លូវដោយត្រូវបន្តគោរពច្បាប់ចរាចរណ៍និងបន្តអនុវត្តផែនការបុគ្គលត្រៀមប្រឡងបាក់ឌុបរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលសមតាមការខិតខំប្រឹងប្រែង។
ជាមួយគ្នានេះដែរ លោក រស់ សុវាចា បានណែនាំដល់បេក្ខជនប្រឡងត្រូវញាំ និងគេងឱ្យបានគ្រប់គ្រាន់ព្រមទាំងបរិភោគទឹកឱ្យបានច្រើន ដើម្បីការពារសុខភាពឱ្យបានល្អពិសេសត្រូវតាំងចិត្តឱ្យស្ងប់តាមវិធីដែលខ្លួនចូលចិត្ត ដូចជាតាមការតាំងសមាធិជាដើម និងត្រូវរៀបចំទឹក ម៉ាស់និងអាល់កុលលាងដៃឱ្យរួចរាល់ដើម្បីដាក់តាមខ្លួនយកទៅមណ្ឌលប្រឡងបាក់ឌុប។
សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី២៧ខែធ្នូខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ មានមណ្ឌលចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ