ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបពីរនាក់វិជ្ជមានកូវីដ១៩ ទទួលបានវិញ្ញាសាប្រឡងនៅកន្លែងព្យាបាល
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជួនមន្ត្រីយកវិញ្ញាសាប្រឡងបាក់ឌុបទៅឱ្យបេក្ខជនចំនួន ២នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ ដល់កន្លែងព្យាបាល ដើម្បីឱ្យពួកគេមានឱកាសបានចូលរួមប្រឡងដូចបេក្ខជនផ្សេងៗទៀតដែរ។

ថ្លែងនៅក្នុងពិធីបើកវិញ្ញាសារ នៅមណ្ឌលវិទ្យាល័យព្រះសីសុវត្តិ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ក្រសួងបានបញ្ជួនប្រធាននាយកដ្ឋានកិច្ចការប្រឡងយកវិញ្ញាសាប្រឡងទៅឱ្យបេក្ខជនចំនួន ២នាក់ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនផ្ទាល់ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យបេក្ខជនប្រឡងដែលមានឆ្លងជំងឺកូវីដ១៩ អាចចូលរួមប្រឡងបានតែត្រូវដាក់ឱ្យប្រឡងដាច់ដោយឡែកពីបេក្ខជនផ្សេង។

លោករដ្ឋមន្ត្រីបានបន្តថា បេក្ខជន០២នោះជាកីឡាករការ៉ាត់តេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះមានកីឡាករម្នាក់មានឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។
ថ្លែងក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលីកាលពីយប់ថ្ងៃទី ២៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចអនុញ្ញាតឲ្យសិស្សដែលមានជំងឺកូវីដ១៩ ហើយត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១ អាចប្រឡងបាន ប៉ុន្តែត្រូវប្រឡងដាច់ដោយឡែក ក្នុងមន្ទីរព្យាបាលតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំក៏បានដោះស្រាយករណី ដែលមុននេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សដែលកើតកូវីដ គឺមិនអនុញ្ញាតឲ្យមានការចូលប្រឡង ខ្ញុំបានស្នើឲ្យមានការកែតម្រូវ ហើយអនុញ្ញាតឲ្យមានការចូលប្រឡង ក៏ប៉ុន្តែខ្ញុំក៏សុំស្នើកុំវិទ្យាល័យបាក់ទូកដែលមុននេះ គ្រូនៅវិទ្យាល័យបាក់ទូកមានការស្លន់ស្លោ យើងមិនយកសិស្សទាំង២រូបនេះ ដែលបានចេញទៅប្រកួតកីឡា ដោយមានការចាត់តាំងត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ទៅធ្វើការប្រឡងនៅវិទ្យាល័យបាក់ទូកទេ ប៉ុន្តែយើងនឹងរៀបចំចាត់ចែងឲ្យមានការប្រឡងនៅមន្ទីរពេទ្យតែម្តង»។

លោករដ្ឋមន្ត្រីក្រសួងអប់រំលើកឡើងថា «យើងត្រូវថ្លឹងថ្លែងរវាងការការពារនិងអនាគតរបស់របស់សិស្ស។ អីចឹងបើឱ្យអ្នកកូវីដចូលមកប្រឡងជាមួយគេឯងដែរនាំឱ្យសិស្សនិងគ្រូមានការភ័យខ្លាច។ កត្តាមួយទៀតគឺគាត់ឈឺហើយមិនមែនគាត់ចង់ឈឺអីចឹងបើយើងដាក់បន្ទុកមួយទៀតដល់គាត់ឱ្យធ្លាក់ទៀតអីចឹងបន្ទុកពីរដងដូចនេះហើយបានជាសម្តេចនាយករដ្ឋមន្ត្រីបានដាក់បន្ថែមជាបញ្ជាមួយថាអនុញ្ញាតឱ្យបេក្ខជនឆ្លងកូវីដ១៩ប្រឡងបានតែត្រូវដាក់ដាច់ដោយឡែកពីគេ»។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះករណីផ្សេងៗទៀតប្រសិនបើបេក្ខជនមានឆ្លងជំងឺកូវីដ១៩ ដូចករណីកីឡាករ២នាក់ក្រសួងនឹងរកវិធីដើម្បីការពារកុំឱ្យគាត់មកចូលរួមប្រឡងជាមួយគេផង និងអាចឱ្យគាត់ប្រឡងផង។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថាក្រោយដំណើរការសំណេរគណៈមេប្រយោគត្រូវប្រើស្រោមដៃក្នុងការវេចខ្ចប់សន្លឹកកិច្ចការបេក្ខជន។ដោយឡែកដុំសន្លឹកកិច្ចការដែលបានបញ្ចូលសន្លឹកកិច្ចការរបស់បេក្ខជនមានកម្ដៅលើសពី ៣៧,៥ អង្សាសេ និងបេក្ខជនដែលកំពុងស្ថិតក្នុង កំឡុងពេលចត្តាឡីស័ក និងមានឆ្លងជំងឺកូវីដ១៩ត្រូវវេចខ្ចប់ជាមួយថង់សុវត្ថិភាពដែលបានផ្តល់ជូន និងរម្ងាប់មេរោគផ្ទៃខាងក្រៅថង់ក្រោយពេលវេចខ្ចប់រួច។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការកែវិញត្រូវកែដោយដាច់ដោយឡែកពីគេដែរដើម្បីការពារសុវត្តិភាព។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ