ព័ត៌មានជាតិ
មកស្ដាប់អនុសាសន៍ និងការប្ដេជ្ញារបស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ ដោយមានរបៀបវារៈចំនួន៤។ ក្រៅពីការបោះឆ្នោតជ្រើសតាំងឥស្សរជនចំនួន២រូបជាអនុប្រធានគណបក្ស និងការបោះឆ្នោតផ្តល់ទំនុកចិត្តលើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏បានផ្តល់អនុសាសន៏ និងធ្វើការប្តេជ្ញាមួយចំនួនផងដែរ។ នេះ បើតាមលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/85photo_2021-12-25_17-57-49-5-1024x683.jpg)
លោក សួស យ៉ារ៉ា បានលើកឡើងថា មានអនុសាសន៏ជាច្រើនដែលសម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតនោះ។ លោកថា ផ្អែកលើបទពិសោធន៍ដែលសម្តេច បានធ្វើជាអ្នកដឹកនាំរយៈពេលកន្លងមកនេះ សម្តេច បានផ្ដែផ្ដាំឲ្យថ្នាក់ដឹកនាំទាំងអស់នៅក្នុងគណបក្ស បន្តរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជូនជាតិ និងប្រជាជន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ អ្វីដែលសម្តេច បានមានប្រសាសន៏ ជាពិសេសទៀតនោះ គឺការការពារអាយុជីវិតប្រជាជនក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានចំណាយធនធានដ៏ច្រើន ដើម្បីសង្គ្រោះជីវិតប្រជាជន។ ដូច្នេះ ការការពារជីវិតប្រជាជន គឺជាការងារបឋម ការងារអាទិភាពរបស់គណបក្សប្រជាជន។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/85photo_2021-12-25_17-57-49-7-1024x683.jpg)
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានធ្វើការប្ដេជ្ញាចិត្តជាមួយគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសេដ្ឋកិច្ច និងស្តាជីវភាពប្រជាជនឲ្យបានលឿន ក្រោយវិបត្តិកូវីដ១៩បានបញ្ចប់ទៅ។ ក្នុងនោះ នឹងខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លា ក្នុងការជំរុញសេដ្ឋកិច្ច និងស្តាសេដ្ឋកិច្ចឡើងវិញ។ សម្តេចថា ការជំរុញសេដ្ឋកិច្ចត្រូវការពេលវេលា ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺជារឿងសារៈសំខាន់។ សម្តេច ក៏បានដាក់ចេញនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងលិទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តឲ្យបានទៀងទាត់ នូវការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ក៏ដូចជាការបោះឆ្នោតសភាតំណាងរាស្ត្រ ជាបន្តបន្ទាប់នាពេលខាងមុខ។ ក្នុងនោះ សម្តេច ក៏បានប្ដេជ្ញាធានាឲ្យបានជោគជ័យនូវការបំពេញភារកិច្ចក្នុងឋានៈជាប្រទេសមួយ ដែលមានគុណតម្លៃនៅក្នុងអង្គការសហប្រជាជាតិ ឬនៅក្នុងតំបន់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/85photo_2021-12-25_17-57-49-4-1024x683.jpg)
លោក សួស យ៉ារ៉ា បានលើកឡើងដែរថា អ្វីដែលកម្ពុជា ត្រូវបំពេញភារកិច្ចរបស់ខ្លួន មិនត្រឹមតែជំរុញការចាក់វ៉ាក់សាំងឲ្យបានដល់មហាជន និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែលោក ក៏បានប្តេជ្ញាពង្រឹងនូវតួនាទីរបស់កម្ពុជា ដើម្បីបំពេញភារកិច្ចនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ លោកថា សម្រាប់នៅក្នុងតំបន់ កម្ពុជាបានធ្វើជាប្រធាននៅលើវេទិកាអន្តរជាតិជាបន្តបន្ទាប់ ទាំងឆ្នាំ២០២០ និង២០២១ ដោយមិនគិតពីការរីករាលដាលនៃជំងឺកូវីដ១៩ ហើយថែមទាំងប្តេជ្ញាធ្វើឲ្យទទួលបានជោគជ័យទៀតផង។ ជាពិសេស កិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយអ្វីដែលជាការបន្ត គឺកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាក្នុងឋានៈជាប្រធាន ចាប់ពីខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ ដែលនេះ គឺជាបេសកកម្មមួយដ៏សំខាន់របស់កម្ពុជា។
បើតាមលោកសួយ យ៉ារ៉ាដដែល សម្តេចតេជោ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ធ្វើយ៉ាងណាការពារបាននូវសន្តិសុខ ភូមិឃុំ មានសុវត្ថិភាព ទប់ស្កាត់ចលាចលផ្សេៗ ទប់ស្កាត់ចោរកម្ម ល្បែងស៊ីសង និងការរំខាននានា ដល់សន្តិសុខសង្គម៕
អត្ថបទ ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត