ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ចក្ខុវិស័យការពារជាតិផ្អែកលើស្មារតីសំខាន់២
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា ចក្ខុវិស័យការពារជាតិរបស់កម្ពុជា គឺផ្អែកលើស្មារតី២សំខាន់ៗ។ លោក បានគូសបញ្ជាក់យ៉ាងនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងបើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អះអាងថា ចក្ខុវិស័យនៃវិស័យការពារជាតិរបស់កម្ពុជា គឺការបង្កើនប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការបន្តធ្វើការកែទម្រង់កងទ័ព ដែលជាការងារត្រូវអនុវត្តជាប្រចាំ និងគ្មានទីបញ្ចប់ ដោយផ្អែកលើស្មារតីសំខាន់ចំនួន២ គឺ ទី១. មូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន និងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិ បានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ដំណើរការនៃការកែទម្រង់ គឺមិនត្រូវប៉ះពាល់ដល់មូលដ្ឋាននៃស្មារតីនេះឡើយ ពីព្រោះកងទ័ពជាអាវុធមុខពីរ ដែលអាចជាកម្លាំងក្នុងការការពារសន្តិភាពផង និងបំផ្លាញសន្តិភាពផង ដូចដែលមានសរបញ្ជាក់រួចមកហើយក្នុងដានប្រវត្តិសាស្ត្រកម្ពុជា ជាអាទិ៍វិបត្តិសង្គ្រាមស៊ីវិលក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយរដ្ឋប្រហារយោធា និងការទទួលបានសន្តិភាពក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានកងទ័ពជាប្រតិបត្តិករ។

ទី២. គឺស្មារតីម្ចាស់ការឯករាជ្យលើគ្រប់វិស័យ។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដំណើរការកែទម្រង់ ក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរអំពីការធ្វើទំនើបកម្ម។ “ទំនើបកម្ម គឺជាការកែសម្រួលដើម្បីឱ្យឆ្លើយតបសភាពការណ៍ជាក់ស្តែង” ។ ដូច្នេះ នៅចំពោះមុខ ដំណើរការនៃការធ្វើទំនើបកម្ម គួរផ្តោតទៅលើការកែសម្រួលរចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការផ្តល់សម្ភារគ្រឿងបំពាក់ឱ្យទាន់សភាពការណ៍ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ច ដែលកំពុងប្រែប្រួលទៅតាមការវិវឌ្ឍនៃសង្គម និងបច្ចេកវិទ្យា។
បន្ថែមលើនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធនធានមនុស្សលើមុខជំនាញនេះ ជាការត្រៀមលក្ខណៈអនុវត្តបទបញ្ជា និងសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។

សម្រាប់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះ គឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ លោកថា ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជា តំបន់ទាំងមូលផងដែរ។ ក្នុងន័យនេះ បញ្ជាការដ្ឋានអង្គរក្ស គឺជាកងឯកភាពឈានមុខមួយក្នុងការបំពេញភារកិច្ចស្នូលដ៏សំខាន់ចាំបាច់នេះ ដោយកន្លងមកបានខិតខំធានាបាននូវការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិនានា យ៉ាងមានប្រសិទ្ធភាព។ អង្គភាពនេះ ក៏បានបំពេញភារកិច្ចជាច្រើនទៀត ដូចជាការការពារបូររណភាពទឹកដី ជាពិសេស ការដោះស្រាយវិបត្តិជាយថាហេតុនានា ដែលតម្រូវឱ្យមានអន្តរាគមន៍បន្ទាន់ រួមមាន ការសង្គ្រោះគ្រោះមហន្តរាយ អំពើភេរវកម្ម និងជំងឺរាតត្បាតជាដើម។

និយាយដល់ជំងឺរាតត្បាត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា មកដល់បច្ចុប្បន្ននេះ ការបន្តរាតត្បាតជំងឺកូវីដ១៩នៅលើពិភពលោក និងក្នុងតំបន់ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស ជាមួយនឹងការរកឃើញនៃវីរុសបំប្លែងថ្មីអូមីក្រុង។ យ៉ាងណាក៏ដោយ កម្ពុជាអាចបន្តការទប់ស្កាត់បានល្អ ហើយអត្រាឆ្លងរក្សានៅកម្រិតទាប។ ទាំងនេះ ក៏ដោយសារកត្តា ២ សំខាន់ៗ គឺ ទី១. គឺការចូលរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយ យន្តការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមសភាពការណ៍។
ទី២. កត្តាកំណត់ចម្បងបំផុត គឺកត្តាថ្នាក់ដឹកនាំ។ នៅក្នុងដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានទស្សនវិស័យខ្ពស់ និងការវាយតម្លៃសភាពការណ៍ច្បាស់លាស់ ដោយហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។ លោកថា សំខាន់បំផុត គឺការជ្រើសរើសប្រភេទវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស រហូតបង្កើតបានភាពស៊ាំក្នុងសហគមន៍ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ។

លោក ហ៊ុន ម៉ាណែត បានអះអាងថា ពិតណាស់ កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ដូចប្រទេសដទៃដែរ ដែលនេះ គឺការសោកស្តាយមួយ។ ប៉ុន្តែ បើគ្មានការសម្រចចិត្តត្រឹមត្រូវនោះទេ គឺសោដនាដកម្មអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ ហើយចុងក្រោយ សម្តេចតេជោ ក៏អាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ ដូចដែលអ្វីដែលសម្តេច ធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបប ប៉ុល ពត។ ទាំងនេះ គឺជាវីរភាពរបស់សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏សម្តេច អាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទ ៖ កោះកែវ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា