ព័ត៌មានជាតិ
គិតត្រឹមព្រឹកនេះ មានបេក្ខជនអវត្តមាន ប្រឡងបាក់ឌុបជាង ៤៤០០នាក់ និងមានបញ្ហាសុខភាព ៣៦នាក់
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ មានបេក្ខជនអវត្តមានចំនួន ៤៤៣០នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១១៤ ១៨៣នាក់ នៅទូទាំងប្រទេស និងមានបេក្ខជន មានបញ្ហាសុខភាពចំនួន ៣៦នាក់។
បើតាមក្រសួងអប់រំ បានបន្តថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី ២នេះ មានពីរមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៤ ១៨៣នាក់ ស្រី ៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់។ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ (គិតបូកទាំងអវត្តមានថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២១) ដែលស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស។
ចំណែក បេក្ខជនមានបញ្ហាសុខភាព មានចំនួន ៣៦ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនីចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឲ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាព ដ៏ទៃទៀតចំនួន ៣១នាក់។ ដោយឡែកបេក្ខជន ២នាក់ មានបញ្ហាសុខភាព ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់ មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី ២នេះ។ ជារួមបេក្ខជន ដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។
ក្រសួងអប់រំ បានបន្តទៀតថា ដំណើរការសំណេរព្រឹកថ្ងៃទី ២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ គួរឲ្យកត់សម្គាល់ឡើយ។ បើទោះបីមានភ្លៀងធ្លាក់តិចតួច និងអាកាសធាតុចុះត្រជាក់ នៅតាមមណ្ឌលមួយចំនួន។ ប៉ុន្តែដំណើរការសំណេរ នៅតែមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈកម្ម ការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសង្កេតការពី អង្គភាពប្រឆាំងអំពើពុករលួយ ការចូលរួមសហការពីកងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ជាមួយគ្នានេះដែរ បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌលប្រឡងឡើយ។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបថ្ងៃទី ១ មានបេក្ខជនអវត្តមានចំនួន ៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ ៣,៧ % ក្នុងចំណោមបេក្ខជនសរុបចំនួន ១១៤ ១៨៣នាក់ ស្រី ៦០៣៩៧នាក់ មាន ២០៤មណ្ឌល ៤៦១៦បន្ទប់ និងមានបេក្ខជន មានបញ្ហាសុខភាពចំនួន ២៩ករណី។ ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនីចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់ឲ្យប្រឡង នៅបន្ទប់ដាច់ដោយឡែកចំនួន ៧នាក់ និងបេក្ខជនមានបញ្ហាសុខភាព ដ៏ទៃទៀតចំនួន ២០នាក់៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ