Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ស្នើសម្តេចតេជោ លុបបំណុលថ្លៃភ្លើងជាង២លានដុល្លារ តែសម្តេចថា ចាំសួរអគ្គិសនីសិន

បានផុស

នៅ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឆ្លៀតស្នើសុំសម្ដេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃភ្លើងអគ្គិសនីដែលក្រសួងការពារជាតិបានជំពាក់ដល់ទៅជាង២លានដុល្លារអាមេរិក។ ប៉ុន្តែ សម្តេចតេជោ មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយរង់ចាំសួរនាំ និងពិនិត្យលទ្ធភាពជាមួយអគ្គិសនីកម្ពុជាសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន សម្តេច ទៀ បាញ់ បានស្នើត្រង់ៗផ្ទាល់មាត់ទៅកាន់សម្តេចតេជោសុំឲ្យលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងដែលមានចំនួន៩ពាន់លានរៀល (ប្រមាណជាង ២លានដុល្លារ) ព្រោះ​ការប្រើប្រាស់អគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានតម្រូវការច្រើនស្របទៅតាមការអភិ​វឌ្ឍ និងទំនើបកម្មរបស់កងកម្លាំងយោធា។ ឆ្លើយតបនឹងសំណើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើបន្តទៅអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ ឬទេ?

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសួរនាំឲ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពនៃលុបបំណុលនេះទាំងស្រុង ឬក៏អាចជួយលុបពាក់កណ្ដាល ឬ លុប៧០ភាគរយ​ ហើយក្រៅពីនោះ បំពេញដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ប៉ុន្តែ សម្តេចតេជោ លើកឡើងថា៖ «ខ្ញុំមិនទាន់ឆ្លើយដាច់ណាត់ តែមានរឿងមួយដែលខ្ញុំត្រូវទាមទារមកវិញ ខ្ញុំនឹងចេញបញ្ជា ដើម្បីឲ្យពិនិត្យអំពីបញ្ហាការរៀបចំ ដើម្បីនឹង​បន្ថែមថវិកាការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ ព្រោះតម្រូវការកសាងអាគារនេះមួយ (អាគារក្រសួងការពារជាតិ) តើតម្រូវការនៃការកើនឡើងប៉ុណ្ណា? នេះជាចំណុចរបស់យើង»។

បើតាមសម្ដេចតេជោ ពេលមុន ការប្រើប្រាស់អគ្គិសនីត្រឹមតែ៣០មេកាវ៉ាត់នៅទីក្រុងភ្នំពេញ តែឥឡូវនេះ នៅទីក្រុងភ្នំពេញ បានប្រើប្រាស់អគ្គិសនីច្រើនជាង៣០ មេកាវ៉ាត់ ដោយសារទីក្រុងភ្នំពេញ មានការរីក​ចម្រើនខ្លាំង។ ប៉ុន្ដែ បើដាក់ការសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនីគ្រប់ស្ថាប័ន គឺអាចមានចំណែកសន្សំចៃ នូវថវិកាទាំងនោះ៕

អត្ថបទ ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម