Connect with us

ព័ត៌មានជាតិ

លោកយាយអាយុ ១០១ ឆ្នាំ យំទារឱ្យកូនជូនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

បានផុស

នៅ

លោកយាយ ម៉ែន ឃន អាយុ ១០១ ឆ្នាំ ដែលទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានយំទារឱ្យកូនជូនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ទាប់ពីបានទទួលព័ត៌មាន ពីការផ្សព្វផ្សាយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងពីកូនៗរបស់លោកយាយ បានឱ្យដឹងថា លោកយាយ ម៉ែន ឃន បន្ទាប់ពីទទួលព័ត៌មានបានពីការផ្សព្វផ្សាយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចមក លោកយាយបានឱ្យកូនៗរបស់គាត់ជូនគាត់ទៅចាក់វ៉ាក់សាំង ពេលនោះកូនៗបានប្រាប់គាត់ថា ម៉ែចាស់ហើយមិនបាច់ទេ។ ពេលគាត់ស្ដាប់ឮពាក្យនេះ ស្រាប់តែម្តាយគាត់យំខឹងកូនៗ។ ពេលនោះពួកគាត់ក៏បានដឹកលោកយាយទៅទទួលការចាក់វ៉ាសាំងតាមការស្នើសុំរបស់លោកយាយ ទៅតាមគម្លាតនៃដូសនីមួយៗ និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

ក្នុងនោះបើតាមកូនៗរបស់លោកយាយបានប្រាប់ឱ្យដឹងបន្ថែមថា បន្ទាប់ពីលោកយាយបានទទួលការចាក់វ៉ាក់សាំង តាំងពីដូសទី១ រហូតមកដល់ដូសទី៣ ដែលជាដូសជំរុញរួច មកដល់ពេលនេះសុខភាពរបស់លោកយាយមិនមានបញ្ហាពីផលរំខានរបស់វ៉ាក់សាំងនោះទេ មិនតែប៉ុណ្ណោះលោកយាយថែមទាំងទទួលទានអាហារបានជាងពីមុនទៀតផង និងមានសុខភាពល្អធម្មតា។

លោក គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ។ អំណោយរួមមាន ថវិកាចំនួន ៣ លានរៀល អាវរងា អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកអភិបាលខេត្តបានបន្តថា លោកយាយបានចាក់បានដូសទី ៣ រួចហើយ ចំណែកការសម្រេចចិត្តរបស់លោកយាយ គឺសបញ្ជាក់ឱ្យឃើញថា លោកយាយ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម