ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈអភិវឌ្ឍទៅរកឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធ PACs
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈបានអនុវត្តឌីជីថលូបនីយកម្មក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាពគ្រូពេទ្យជួរមុខនៅពេលព្យាបាលអ្នកជំងឺ ដោយបានសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីដាក់ពង្រាយប្រព័ន្ធ PACs នៅក្នុងមន្ទីរពេទ្យ ។ កិច្ចសហប្រតិបត្តិការនេះ ក៏រួមបញ្ចូលទាំងដំណើរការនៃការអនុវត្ត ការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិត និងការគាំទ្របច្ចេកទេស ផងដែរ ។
ក្នុងយុគសម័យជឿនលឿនផ្នែកបច្ចេកវិទ្យា មន្ទីរពេទ្យនិងគ្លីនិកនានាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឌីជីថលូបនីយកម្មប្រព័ន្ធ IT របស់ខ្លួននៅក្នុងវិស័យសុខាភិបាល ដូច្នេះ ការអភិវឌ្ឍប្រព័ន្ធរក្សាទុកនិងបញ្ជូនទិន្នន័យ គឺជាការចាំបាច់ ។ PACs គឺជាប្រព័ន្ធរក្សាទុកនិងបញ្ជូនរូបភាព (Picture Archiving Communication System) ដែលផ្ដួចផ្ដើមឡើងនៅក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង
សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន មិត្តហ្វូន ដើម្បីផ្ដល់សេវាកម្មឌីជីថលសម្រាប់វិស័យសុខាភិបាល និងផ្ដល់ដល់ប្រទេសទាំងមូលនូវបច្ចេកវិទ្យាទូរគមនាគមន៍និងឌីជីថលឈានមុខគេ ។
យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs ត្រូវបានប្រគល់ជូនមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ កាលពីពេលថ្មីៗនេះ ដើម្បីកែលម្អបច្ចេកវិទ្យាថ្មីសម្រាប់បម្រើការងារស្កែនរូបភាពវេជ្ជសាស្ត្រនៅកម្ពុជា ។ ការប្រើប្រាស់ប្រព័ន្ធ PACs នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់មន្ទីរពេទ្យនិងគ្លីនិក ការគាំទ្រល្អប្រសើរនៅក្នុងការផ្លាស់ប្ដូរព័ត៌មានវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកជំងឺ ដូចជា ៖
សម្រាប់គណៈគ្រប់គ្រង(នាយកដ្ឋានមន្ទីរពេទ្យ, គ្លីនិក)
- ការសន្សំសំចៃចំណាយ ៖ ប្រព័ន្ធ PACs ជំនួសគ្រឿងសម្ភារៈគ្រប់គ្រងដែលផ្អែកលើការបោះពុម្ព ដោយកាត់បន្ថយចំណាយលើការទិញហ្វ៊ីលនិង CD រៀងរាល់ឆ្នាំ ។ ដោយមិនចាំបាច់ត្រូវរក្សាទុកហ្វ៊ីលនិងសម្ភារៈវេជ្ជសាស្ត្រ គេអាចសន្សំសំចៃលើឃ្លាំងនិងលំហទីតាំងសម្រាប់រក្សាទុកហ្វ៊ីល ។
- ការធ្វើការពីចម្ងាយ ៖ អាចពិនិត្យមើលនិងធ្វើរបាយការណ៍ពីចម្ងាយបាន (ការធ្វើរោគវិនិច្ឆ័យពីចម្ងាយ) ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅទីកន្លែងភូមិសាស្ត្រខុសៗគ្នា ចូលមើលនិងប្រើប្រាស់ព័ត៌មាននិងរូបភាពតែមួយជាមួយគ្នាបាន ក្នុងពេលដំណាលគ្នា ។
- ធ្វើទំនើបកម្មនិងកែលម្អលទ្ធផលការងាររបស់ផ្នែកស្កែនរូបភាពរោគវិនិច្ឆ័យ ស្របទៅតាមនិន្នាការបច្ចេកវិទ្យា ៤.០ ព្រមទាំងពង្រឹងសមត្ថភាពគ្រប់គ្រងនិងតាមដាននៅក្នុងមន្ទីរពេទ្យ-គ្លីនិក និងផ្សារភ្ជាប់និងបង្កើនកិច្ចសហប្រតិបត្តិការ ។
- លើកកម្ពស់ភាពវិជ្ជាជីវៈកាន់តែប្រសើរឡើង នៅក្នុងដំណើរការវះកាត់ ដោយជួយលើកស្ទួយកិត្តិនាមយីហោរបស់មន្ទីរពេទ្យនិងគ្លីនិក ។
សម្រាប់គ្រូពេទ្យ ៖
- ការគ្រប់គ្រងអ្នកជំងឺប្រកបដោយភាពឆ្លាតវៃនិងមានភាពល្អិតល្អន់សម្រាប់ការព្យាបាលនីមួយៗ ដោយជួយក្នុងការធ្វើរោគវិនិច្ឆ័យនិងអន្តរាគមន៍បានលឿនរហ័សជាងមុន ។
- ការប្រើប្រាស់បច្ចេកវិទ្យា ៤.០ នៅក្នុងការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ ដោយផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបង្កើតបានលទ្ធផលត្រឹមត្រូវបំផុតសម្រាប់អ្នកជំងឺ ។
- ប្រព័ន្ធទំនាក់ទំនងចែករំលែករូបភាពបានលឿននិងត្រឹមត្រូវ ដោយបង្កើតជាដំណើរការប្រកបដោយអន្តរកម្ម និងជួយដល់ការធ្វើរោគវិនិច្ឆ័យនៅក្នុងក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ និងគ្លីនិក ។
- កាត់បន្ថយការចំណាយផ្នែកច្បាប់ដោយសារការបាត់ហ្វ៊ីល ការខ្វះភាពវិជ្ជាជីវៈជាមួយអ្នកជំងឺ ។
សម្រាប់អ្នកជំងឺ ៖
- ការងាយស្រួលប្រើប្រាស់កំណត់ត្រាដែលមានការអនុញ្ញាត ដើម្បីពិនិត្យមើលព័ត៌មានរូបភាព និងលទ្ធផលរោគវិនិច្ឆ័យទាំងអស់ពីវេជ្ជបណ្ឌិតក្នុងអំឡុងពេលពិនិត្យពិគ្រោះជំងឺនិងការព្យាបាល ។
- ការការពារនូវរាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងរូបភាពនិងការធ្វើរោគវិនិច្ឆ័យ ដោយសារតែព័ត៌មានទាំងនេះត្រូវបានបំប្លែងជាកូដប្រកបដោយសុវត្ថិភាព ធានាបាននូវភាពលឿនរហ័សក្នុងការទាញយកព័ត៌មានសម្រាប់ការដំណើរការរូបភាព ។
- សម្រាប់ការធ្វើរោគវិនិច្ឆ័យកាន់តែប្រសើរឡើង រូបភាពត្រូវបានទាញយកតាមស្តង់ដារ Dicom ដោយរូបភាពច្បាស់ល្អ និងមានទម្រង់ជារូបភាព 3D ។
- កាត់បន្ថយការទទួលរងចំហាយធាតុវិទ្យុសកម្មពីឧបករណ៍ X-ray ដោយសារតែការកាត់បន្ថយបាននូវការស្កែនឡើងវិញច្រើនដងច្រើនសារ។
- មិនចាំបាច់ចំណាយពេលរង់ចាំដើម្បីបោះពុម្ពហ្វ៊ីល; ពេលវេលាពិនិត្យនិងធ្វើរោគវិនិច្ឆ័យត្រូវបានកាត់បន្ថយ ។
- លុបបំបាត់ការលំបាករបស់អ្នកជំងឺនៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងតាមដានជំងឺ ដោយសារតែត្រូវកាន់ហ្វ៊ីល ឬឌីសរូបភាពទៅជាមួយ ។
វេជ្ជបណ្ឌិត ចាន់ សុភ័ស្ត អនុប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈគឺជាមន្ទីរពេទ្យដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលស្ម័គ្រចិត្តប្រើប្រាស់ប្រព័ន្ធ PACs នេះមុនគេបង្អស់ ។
លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត ថ្លែងយ៉ាងដូច្នេះថា ៖ «យើងបានសង្កេតឃើញថា ប្រព័ន្ធនេះស្រួលប្រើនិងមានសារប្រយោជន៍ច្រើនណាស់សម្រាប់ការបណ្ដុះបណ្ដាលគ្រូពេទ្យថ្មីនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈយើង ។ ហើយសម្រាប់ឆ្នាំ២០២២នេះ យើងគ្រោងដំឡើងមុខងារច្រើនថែមទៀតនៃប្រព័ន្ធ PACs នេះ នៅតាមនាយកដ្ឋាននានា ដើម្បីពួកគេអាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាស្កែនទំនើបនេះ និងអាចរក្សាទុករបាយការណ៍វេជ្ជសាស្ត្រ ទិន្នន័យនិងព័ត៌មានរោគវិនិច្ឆ័យសំខាន់ៗរបស់អ្នកជំងឺ ឲ្យមានសុវត្ថិភាព។»
យោងតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ PACs មិនត្រឹមតែជួយធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវពេលវេលាដំណើរការព្យាបាលប៉ុណ្ណោះនោះទេ ប៉ុន្តែ ថែមទាំងជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង មិត្តហ្វូន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ទៀតផង ។
មុខងារថ្មីៗទៀតនាពេលខាងមុខ នឹងធ្វើឲ្យប្រព័ន្ធនេះកាន់តែងាយស្រួលប្រើថែមទៀត និងកាត់បន្ថយថ្លៃចំណាយរបស់មន្ទីរពេទ្យបានយ៉ាងច្រើន ជាពិសេស ជួយគាំទ្រមន្ទីរពេទ្យក្នុងអំឡុងពេលនៃស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនេះ ។ ជាមួយនឹងមុខងារ AI នៅពេលចាប់ផ្ដើមអនុវត្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នាឆ្នាំ២០២២ខាងមុខនេះ ប្រព័ន្ធនេះនឹងផ្ដល់លទ្ធផលកាន់តែប្រសើរនិងត្រឹមត្រូវសម្រាប់ការធ្វើរោគវិនិច្ឆ័យអ្នកជំងឺ ។ មុខងារ AI នេះ អាចពិនិត្យលើឯកសាររាប់ពាន់នៃលទ្ធផលស្កែនពីមុនៗ ដើម្បីរកមើលព័ត៌មានលម្អិត និងបង្កើតបានជារបាយការណ៍វេជ្ជសាស្ត្រមួយដែលច្បាស់លាស់និងលឿនរហ័សជាងមុន។ ប្រព័ន្ធនេះក៏មានបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបជាងគេបំផុតនៅកម្ពុជា ផងដែរ ។
នៅពេលអនាគត ប្រព័ន្ធ PACs នឹងធ្វើបច្ចុប្បន្នកាន់តែប្រសើរឡើងជាមួយនឹងកម្មវិធីបន្ថែម Tele-hospital ដោយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈដើរតួនាទីជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ PACs ផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូពេទ្យតាមខេត្តជាច្រើនទៀត ឲ្យក្លាយជាអ្នកជំនាញផ្នែក PACs ។ បន្ទាប់មក គ្រូពេទ្យតាមខេត្តអាចស្នើសុំជំនួយបន្ទាន់ភ្លាមៗពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈដើម្បីជួយគាំទ្រនិងធ្វើរោគវិនិច្ឆ័យករណីបន្ទាន់នានា ដោយមិនចាំបាច់ត្រូវធ្វើដំណើរចម្ងាយឆ្ងាយដែលប្រើរយៈពេលយូរ ដូច្នេះសន្សំសំចៃពេលវេលាទាំងសម្រាប់អ្នកជំងឺ ទាំងគ្រូពេទ្យ ៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា