ព័ត៌មានជាតិ
២ សប្ដាហ៍ មានអ្នកដំណើរពីសិង្ហបុរី ជាង ១ ពាន់នាក់ ចូលតាមអាកាសយានដ្ឋានសៀមរាប
រយៈពេលជិត ២ សប្ដាហ៍ ពោលគឺចាប់តាំងពីការបើកដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានអ្នកដំណើរ ជាវិនិយោគិន និងភ្ញៀវទេសចរ ចំនួនជាង ១ ពាន់នាក់ មកពីប្រទេសសិង្ហបុរី។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែធ្នូ នេះថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍សាំងហ្គាពួរអ៊ែរឡាញ ធ្វើការហោះហើរមកកម្ពុជា ដោយចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជារៀងរាល់ថ្ងៃ ឬ៧ ជើង ក្នុង១សប្ដាហ៍ ដែលក្នុងមួយជើងៗ មានអ្នកដំណើរពី ៦០ ទៅ ៧០នាក់។ ដូចនេះរយៈពេលជិត ២ សប្ដាហ៍ នៃការបើកការហោះហើរនេះ គឺមានអ្នកដំណើរ ឬអ្នកវិនិយោគ និងអ្នកទេសចរប្រហែល ១ ពាន់នាក់។

លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍បញ្ជាក់ថា ពីមុននៅក្នុងដំណាក់កាលអនុវត្តវិធានការសុខាភិបាល និងតម្រូវឱ្យធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលអ្នកដំណើរមកពីក្រៅប្រទេសក្នុង១ថ្ងៃ តែពី ១០០ ទៅ ២០០ នាក់។ ប៉ុន្តែចាប់ពីការបន្ធូបន្ថយលក្ខខណ្ឌដល់អ្នកដំណើរចាក់វ៉ាក់សាំង មិនបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកានេះ ឃើញថា កម្ពុជា ទទួលអ្នកដំណើរពីបរទេសរហូតជាង ២ ម៉ឺននាក់ ដែលក្នុងមួយថ្ងៃ គឺអាចទទួលពី ៥០០ ទៅ ៦០០ នាក់។

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញនោះ ការត្រួតពិនិត្យត្រូវបានធ្វើឡើងដោយហ្មត់ចត់បំផុត។ ដោយភ្ញៀវត្រូវតែមានប័ណ្ណចាក់វ៉ាក់សាំងពេញលេញ និងត្រូវមានប័ណ្ណបញ្ជាក់ថាបានធ្វើ PCR ៧២ ម៉ោង មុនមកដល់គោលដៅ និងមានប័ណ្ណប្រកាសសុខភាព។

លោក ក្រុស សារ៉ាត់ បានឱ្យដឹងបន្ថែមថា ជាមួយគ្នានេះភ្ញៀវទេសចរអន្តរជាតិដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ។ បើអវិជ្ជមានគឺអាចធ្វើដំណើរកម្សាន្តបាន បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំនិងព្យាបាល តាមការជ្រើសរើសមន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ។ តែបើលទ្ធផលវិជ្ជមានពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង។

គួររំលឹកថា ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានចេញសេចក្តីប្រកាសព័ត៌មានរួម អំពីការចាប់ផ្តើមបើកដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ជាមួយនឹងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ SIA ដែលបានចុះចតនៅម៉ោង ៩ និង ៤៥ នាទីព្រឹកថ្ងៃទី ១៧ ខែធ្នូនេះ។ ជើងហោះហើររបស់ SIA ទៅកាន់ខេត្តសៀមរាបបានក្លាយជាជើងហោះហើរអន្តរជាតិដំបូងគេ ដែលចុះចតនៅទីនោះ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ បន្ទាប់ពីផ្អាករយៈពេល ២០ ខែ។

ក្រុមហ៊ុនអាកាសចរណ៍ SIA ផ្តល់ជូនជើងហោះហើរភ្ញៀវដែលចាក់វ៉ាក់សាំងពេញលេញ “Vaccinated Travel Lane” ៤ ដងក្នុងមួយសប្តាហ៍ ពីខេត្តសៀមរាបទៅកាន់ប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរដែលត្រូវបានចាក់វ៉ាក់សាំងគឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងប្រទេសសិង្ហបុរីឡើយ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌនៃកម្មវិធីនេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ