ព័ត៌មានជាតិ
សេវាកម្មដឹកជញ្ជូនអ្នកដំណើរ កំពុងមមាញឹកខ្លាំង ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
សេវាកម្មដឹកជញ្ជូនអ្នកដំណើរផ្លូវគោក បាននិងកំពុងមមាញឹកខ្លាំង ខណៈដែលប្រជាពលរដ្ឋចេញដើរលេងកម្សាន្ដច្រើន នៅក្នុងឱកាសពិធីបុណ្យទាននានា ក៏ដូចជានៅថ្ងៃចុងសប្ដាហ៍ ផងដែរ។ លើសពីនេះទៀត បើតាមប្រភពពីក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើរមួយចំនួន បានបង្ហើបឲ្យដឹងថា មកដល់ពេលនេះ រថយន្តក្រុងរបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ កត់ស្ទើរតែពេញអស់ហើយ នៅក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១ ឆ្លងចូល ២០២២នេះ។
លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ៣០ ខែធ្នូនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ នៅខែវិច្ឆិកា គឺមានប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរតាមរថយន្តក្រុង ទៅតាមបណ្ដាខេត្ត និងរមណីដ្ឋាននានា នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ក៏បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានចេញដើរលេងកម្សាន្ដ និងបានធ្វើដំណើរតាមរថយន្តក្រុង ផងដែរ។

លោកបណ្ឌិត ឆឹម ចំណាន មានប្រសាសន៍ថា «ក្រោយពីសម្ដេចតេជោ បានប្រកាសម្ដងទៀត គឺប្រជាពលរដ្ឋ មានការដើរហើរច្រើន តួយ៉ាងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក៏មានការដើរហើរដែរ ប៉ុន្តែប្រជាពលរដ្ឋ មានជម្រើសពីរឥឡូវនេះ ទីមួយគាត់មកទិញសេវាកម្មរថយន្តក្រុង តាមខេត្តក្រុង ហើយជម្រើសទីពីរ គាត់ធ្វើដំណើរតាមលក្ខណៈគ្រួសារ ចឹងខុសប្លែកពីមុនៗ ឆ្នាំមុនមានកូវីដ គឺបុណ្យទាន ឬក៏ចុងសប្ដាហ៍ហ្នឹង គឺគាត់មិនសូវជាប្រើប្រាស់ ជារថយន្តគ្រួសារទេ គឺគាត់ប្រើប្រាស់រថយន្តក្រុងល្អជាង»។
ជាមួយគ្នានេះ ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានបង្ហើបឲ្យដឹងថា នៅក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១ ឆ្លងចូល ២០២២នេះ គឺមានប្រជាពលរដ្ឋជាច្រើន បានកក់សំបុត្ររថយន្តធ្វើដំណើរកម្សាន្ដ ទៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត ឆឹម ចំណាន បានបន្ថែមថា «មកដល់ថ្ងៃនេះ យើងអាចថា ឆ្នាំសកលជិតចូលមកដល់ហើយ គឺក៏មានប្រជាពលរដ្ឋ ធ្វើដំណើរ ខ្លះក៏Booking សំបុត្រ (កក់សំបុត្រ) តាមក្រុមហ៊ុននានា ទៅខេត្តគោលដៅចំនួនមួយចំនួន ដូចជា៖ ខេត្តសៀមរាម, ព្រះសីហនុ, កែប, កំពត, និងខេត្តកោះកុងជាដើម»។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុនរថយន្តក្រុងខ្លះ ត្រូវបានកត់ពេញហើយ និងខ្លះទៀត បាននិងកំពុងកត់ជាបន្តបន្ទាប់ទៀត។ យ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា លោកបណ្ឌិត ឆឹម ចំណាន បានបន្តអំពាវនាវដល់ក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទោះបីជំងឺកំពុងមានការថមថយចុះ នៅក្នុងប្រទេសកម្ពុជា ក៏ដោយ។
ចំណែកឯលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា នៅក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២នេះ គឺក្រុមហ៊ុនរថយន្តក្រុងរបស់លោក ត្រូវបានអតិថិជនជាអ្នកដំណើរកក់ពេញ ស្ទើរតែគ្រប់ផ្លូវទាំងអស់ ជាពិសេសផ្លូវទៅកាន់ខេត្តសៀមរាប, ព្រះសីហនុ, កំពត, កែប, រតនគិរី, និងមណ្ឌលគិរីជាដើម។

ជាមួយគ្នានេះ លោកឧកញ៉ា សួរ វីរៈ ក៏បានឲ្យដឹងដែរថា ចាប់តាំងពីមានការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ចាប់ពីខែវិច្ឆិកាមកដល់ពេលនេះ គឺវិស័យដឹកជញ្ជូនអ្នកដំណើរ មានការកម្រើកឡើងវិញគួរសម។ លោកថា «តាំងពីយើងបើកមកដល់ពេលនេះ ខ្ញុំគិតថា ការធ្វើដំណើររបស់ប្រជាពលរដ្ឋហ្នឹង បើប្រៀបនឹងមុនសម័យកូវីដ ឥឡូវយើងបានប្រហែលជា ៦០ភាគរយ នៃចំនួនភ្ញៀវដែលធ្វើដំណើរ ក្នុងស្រុក»។
នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១ ឆ្លងចូល ២០២២នេះ ត្រូវបានគេរំពឹងថា នឹងមានប្រជាពលរដ្ឋដើរលេងច្រើន បន្ទាប់ពីជំងឺកូវីដ-១៩ មានការថមថយចុះច្រើន គួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដែលជាព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ទ្រុងទ្រាយធំនៅក្នុងប្រទេសកម្ពុជា ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ