ព័ត៌មានជាតិ
សាលារៀន នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ងាកមកប្រើប្រព័ន្ធឌីជីថល
ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងទូរគមនាគមន៍ពីក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា សាលារៀនមួយចំនួននៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះ បានងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) សម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀន។
ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (School Information System – SIS) ត្រូវបានណែនាំនៅក្នុងសិក្ខាសាលាមួយនៅខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ដោយក្រុមហ៊ុន មិត្តហ្វូន និងមន្ត្រីមកពីមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តទាំងពីរ ។
ចាប់ពីពេលនេះទៅ លោកគ្រូអ្នកគ្រូនិងសិស្សមកពីសាលារៀននានានៅទូទាំងខេត្តទាំងពីរអាចប្រើប្រាស់កម្មវិធី SIS តាមអនឡាញពីទីកន្លែងណាក៏បានតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដើម្បីគ្រប់គ្រងកិច្ចការសាលានិងការសិក្សារបស់សិស្ស ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ប្រព័ន្ធអប់រំតាមអនឡាញ៖
-ផ្តោតលើសិស្សានុសិស្ស៖ ងាយស្រួលប្រើ បំពេញតម្រូវការសិក្សាអតិបរមារបស់សិស្ស បំពាក់ដោយមុខងារដ៏ងាយស្រួលជាច្រើនដូចជា អាចឲ្យសិស្សធ្វើការផ្លាស់ប្ដូរគ្នា ធ្វើអត្ថាធិប្បាយ និងប្រាស្រ័យទាក់ទងគ្នាជាមួយគ្រូ នៅពេលវេលាណាក៏បាន ហើយការប្រឡងអាចដាក់ពិន្ទុបានយ៉ាងឆាប់រហ័ស ។
-គ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព៖ សិស្សអាចរៀបចំកាលវិភាគសម្រាប់មុខវិជ្ជាណាមួយដែលពួកគេចូលរៀន មានភាពបត់បែន ដើម្បីផ្ដោតទៅលើវិធីសាស្ត្រសិក្សាខុសៗគ្នា ដោយផ្អែកលើចំណេះដឹង ជំនាញ និងតម្រូវរបស់សិស្សម្នាក់ៗ ។
-មានប្រសិទ្ធផល៖ ការសិក្សាតាមអនឡាញសន្សំសំចៃថ្លៃចំណាយលើការអប់រំសរុបបានដល់ទៅពី ៥០% ទៅ ៧០% សម្រាប់ទាំងការបង្រៀន និងទាំងការរៀនរបស់សិស្ស ដោយពួកគេមិនចាំបាច់ត្រូវការកាតាប ឧបករណ៍សិក្សា និងការចំណាយធ្វើដំណើរទៅកាន់ថ្នាក់រៀនឡើយ ។
-រៀបចំបរិយាកាសសិក្សា ឲ្យស្របទៅតាមការចង់បានជាក់លាក់របស់សិស្ស ។ បរិយាកាសសិក្សាបែបប្រពៃណី ដូចជាការរៀននៅថ្នាក់រៀន ជានិច្ចកាល រៀបចំឡើងតាមរបៀបចាស់ពីមុន ដែលរឹតត្បិតសក្ដានុពលនិងផ្នត់គំនិតច្នៃប្រឌិតរបស់សិស្សជាច្រើន ។
-ការប្រមូលព័ត៌មាន និងការតាមដាន ដែលធ្វើឡើងដោយស្វ័យប្រវត្តិដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សាលារៀននិងនាយកដ្ឋានអប់រំរបស់រដ្ឋ ក្នុងការវាយតម្លៃនិងរៀបចំយុទ្ធសាស្ត្រដែលលើកកម្ពស់និងអភិវឌ្ឍកម្មវិធីអប់រំ កម្មវិធីសិក្សា និងការងារគ្រប់គ្រង ។
-ដោះស្រាយបញ្ហាខ្វះគ្រូ នៅតាមសាលារៀនតាមខេត្ត និងគាំទ្រដល់សិស្សនិងទាក់ទាញសិស្សថ្មីៗបន្ថែមទៀត ។ ជាធម្មតា គ្រូម្នាក់អាចបង្រៀនដោយផ្ទាល់ដល់សិស្សពី ៣០ នាក់ ដល់ ៦០ នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែ ជាមួយនឹងការសិក្សាតាមអនឡាញ គេត្រូវការតែគ្រូម្នាក់ ឬពីរនាក់រួមគ្នា សម្រាប់ការបង្រៀនដល់សិស្សជាច្រើននាក់ អាចនិយាយថា ខ្ទង់រយនាក់ ពាន់នាក់ ឬដល់លាននាក់ថែមទៀតផង ។
-វិធីសាស្ត្ររៀនដែលមានភាពបរិស្ថានមេត្រី ដូចជា ការរៀនតាមប្រព័ន្ធអនឡាញប្រើប្រាស់ថាមពលអគ្គិសនី ៩០% តិចជាង និងបង្កើតសំរាម ៨០% តិចជាងបរិយាកាសរៀនតាមបែបប្រពៃណី ។ លើសពីនេះទៀត សាលារៀនបោះពុម្ពសៀវភៅ ឬក្រដាសមេរៀនតិចតួចបំផុត ឬសឹងតែគ្មានតែម្ដង និងចូលរួមចំណែកកាត់បន្ថយការកាប់ព្រៃឈើដើម្បីផលិតក្រដាស ដែលនេះជាការរួមចំណែកដល់ការការពារបរិស្ថាន ។
-មិនត្រូវការឧបករណ៍សិក្សា ពីព្រោះគេប្ដូរពីសៀវភៅមេរៀនជាក្រដាសទៅជាមួយសៀវភៅបែប
ឌីជីថល និងរក្សាទុកនៅលើប្រព័ន្ធ ដើម្បីប្រើប្រាស់ អាន និងដោនឡូតនៅពេលណាក៏បានដែរ ។ សម្ភារៈសិក្សាទាំងអស់មានបច្ចុប្បន្នភាពលើខ្លឹមសារភ្លាមៗ នៅពេលណាមានការកែប្រែ ខុសពីសៀវភៅក្រដាសដែលចាំបាច់ត្រូវបោះពុម្ពជាថ្មី ហើយសិស្សត្រូវទិញសៀវភៅចេញថ្មីជានិច្ច ។
-សន្សំសំចៃពេលវេលាបានច្រើនបំផុត គឺចំណេញពេលវេលាពី ២៥% ទៅ ៦០% សម្រាប់ទាំងគ្រូ ទាំងសិស្ស បើប្រៀបធៀបនឹងការរៀនតាមបែបប្រពៃណីនៅតាមថ្នាក់រៀន ។ សម្រាប់សិស្ស ពួកគេមានពេលវេលាច្រើនជាងមុនសម្រាប់រៀនមុខវិជ្ជាចាំបាច់ៗ និងធ្វើឲ្យខ្លួនឯងរៀនបានប្រសើរជាងមុន ។
លោក កុក ស៊ីជឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ប្រព័ន្ធ SIS បានបង្កភាពងាយស្រួលកាន់តែច្រើនសម្រាប់ទាំងគ្រូ និងទាំងសិស្ស ។
លោក កុក ស៊ីជឿន ថ្លែងយ៉ាងដូច្នេះថា៖ «ប្រព័ន្ធ SIS ជួយឲ្យគ្រូនិងរដ្ឋបាលសាលាអាចគ្រប់គ្រងការងាររបស់ខ្លួនបានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព ។ ហើយសិស្សក៏អាចប្រើប្រាស់វាសម្រាប់ការសិក្សាតាមអនឡាញបានផងដែរ ដោយសន្សំសំចៃបានទាំងពេលវេលានិងទាំងថវិកា» ។
ប្រព័ន្ធ SIS ឬហៅថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន គឺជាកម្មវិធីអប់រំបែបឌីជីថលមួយ ដែលអភិវឌ្ឍដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីវិសាលភាពសេវាអ៊ីនធឺណែតគ្របដណ្ដប់ទូទាំងប្រទេស និងបង្កើតឡើងសម្រាប់សាលារៀនទាំងអស់នៅទូទាំងប្រទេស ។
គ្រូ សិស្ស អាណាព្យាបាល និងរដ្ឋបាលនិងនាយកសាលា អាចប្រើប្រាស់កម្មវិធីឌីជីថលនេះ ដើម្បីស្វែងរកនិងប្រើប្រាស់ព័ត៌មានទាំងអស់ ដែលពួកគេត្រូវការសម្រាប់កិច្ចការរបស់ខ្លួន ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់សាលារៀន ដោយគ្រាន់តែពួកគេមានអ៊ីនធឺណែតប្រើប្រាស់គឺជាការស្រេច ។
លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងអំឡុងពេលកូវីដ-១៩ សាលារៀនជាច្រើនបានត្រូវប្រើប្រាស់ជាទីតាំងចត្តាឡីស័កសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលនាំឲ្យអាក់ខានដល់ដំណើរការរបស់សាលារៀន។ លោក អ៉ិន ពៅសម្បត្តិ បានថ្លែងយ៉ាងដូច្នេះ ៖ «ប្រព័ន្ធ SIS មានសារប្រយោជន៍យ៉ាងខ្លាំងចំពោះសាលារបស់យើង នៅក្នុងកាលៈទេសៈកូវីដ-១៩ ដោយផ្ដល់លទ្ធភាពឲ្យសាលាអាចធ្វើប្រតិបត្តិការទៅបាន ហើយការបង្រៀននិងការរៀនតាមអនឡាញប្រព្រឹត្តទៅដោយរលូននិងងាយស្រួល ដោយគ្រាន់តែប្រើតាមអ៊ីនធឺណែត ។» កន្លងមក ប្រព័ន្ធ SIS បានដាក់ពង្រាយទៅដល់សាលារៀនចំនួន ២៦៥ កន្លែងរួចហើយ នៅទូទាំងប្រទេស ដោយផ្ដល់លទ្ធភាពដល់សិស្សជាង ៣សែននាក់ និងគ្រូជាង ១ ម៉ឺន ៥ ពាន់នាក់ ទទួលផលប្រយោជន៍ពីការរៀន និងការបង្រៀនតាមប្រព័ន្ធឌីជីថលនេះ ។
គិតត្រឹមឆ្នាំ ២០២២ បើតាមក្រុមហ៊ុន មិត្តហ្វូន ប្រព័ន្ធ SIS នឹងត្រូវដាក់ពង្រាយទៅដល់សាលារៀនឲ្យបាន ១០០០ កន្លែង នៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីលើកទឹកចិត្ដដល់សកម្មភាពអប់រំឲ្យកាន់តែសកម្មថែមទៀតនៅតាមខេត្ត សម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈ។ ជាមួយនឹងមុខងារថ្មីបន្ថែមទៀត ដូចជា Digital Book និង E-Library ឥឡូវនេះ សិស្សានុសិស្សកាន់តែមានធនធានច្រើនជាងមុនដើម្បីបម្រើដល់ការរៀនសូត្រនិងការក្រេបជញ្ជក់ចំណេះដឹងរបស់ខ្លួន ពីទីកន្លែងណាក៏បាន៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ