ព័ត៌មានជាតិ
ខេត្តក្រចេះជាប់ដងទន្លេ សំបូរធនធានធម្មជាតិ ទេសចរឆ្ងាយជិតចង់ស្គាល់
ខេត្តក្រចេះស្ថិតនៅជាប់ដងទន្លេមេគង្គ ហើយជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍។ ភាពស្រស់ត្រកាល និងភាពសំបូរបែបនៃធនធានធម្មជាតិ បានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តសម្រាកលំហែកាយ និងចង់ដឹងចង់ស្គាល់តំបន់ដែលមានទេសភាពល្អស្អាតនៅក្នុងខេត្តនេះ។
លោកចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យកម្ពុជាថ្មីដឹងថា នៅក្នុងខេត្តក្រចេះមានតំបន់រមណីយដ្ឋានទេសចរណ៍សរុបចំនួន ២០កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមាន ០៥កន្លែង រមណីយដ្ឋានធម្មជាតិមាន ១១កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១កន្លែង កែច្នៃចំនួន ០៣កន្លែង និងរមណីដ្ឋានបម្រុងទុកចំនួន ០១កន្លែង (សហគមន៍អេកូទេសចរណ៍ទឹកជួរតាចោរក្រហមករ)។
តំបន់ទេសចរណ៍ដ៏ពេញនិយមទាំង ២០ កន្លែងនៅខេត្តក្រចេះមានដូចជា៖
១. រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត

-វត្តសសរ១០០៖ មានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយផ្លូវ ៣៦គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ វត្តសសរ ១០០ ជាកន្លែងគោរពបូជាតាមបែបជំនឿព្រះពុទ្ធសាសនា។ ភ្ញៀវទេសចរទៅកម្សាន្តតែងតែទៅអុជធូបបន់ស្រន់សុំសេចក្តីសុខ និងទស្សនាទិដ្ឋភាពស្រស់ស្អាតនៃព្រះវិហារ ដែលមានដំណាលរឿងពាក់ព័ន្ធនឹង “បុត្រីព្រះបាទចន្ទរាជា(ចេតីយ៍ព្រះនាងក្រពុំឈូក) និងក្រពើនេនធន (វត្តវិហារគោកដែលស្ថិតនៅខាងកើតវត្តវិហារសសរ១០០ ចម្ងាយ៥០០ម៉ែត្រ)។

– ភ្នំសំបុក ៖ មានទីតាំងស្ថិតនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ចម្ងាយផ្លូវ១០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ហើយក៏ជាទីកន្លែងគោរពសក្ការៈបូជា និងធ្វើវិបស្សនាសមាទានសីល។ ម្យ៉ាងទៀតភ្ញៀវទេសចរអាចឈរលើកំពូលភ្នំគយគន់ ទេសភាពជុំវិញនិងដងទន្លេមេគង្គដ៏ស្រស់ស្អាត។

– វត្តវិហារបុរាណរកាកណ្តាល៖ មានទីតាំងស្ថិតនៅភូមិរកាកណ្តាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។ វិហារបុរាណនេះ សាងសង់ពីឈើប្រក់ក្បឿងមានអាយុកាលជាង ២០០ ឆ្នាំ រចនាប័ទតាមបែបបុរាណគួរឲ្យចង់គយគន់ រួមទាំងនៅជិតមាត់ទន្លេអាចស្រូបយកខ្យល់អាកាសធម្មជាតិនៅទីនោះ។
– ភ្នំសុពណ៌កាឡី៖ មានទីតាំងស្ថិតនៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ចម្ងាយ ៤៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ តំបន់រមណីយដ្ឋានមួយនេះ ជាកន្លែងគោរពសក្ការៈបូជា ក៏ដូចជាទីកន្លែងបន្ធូរអារម្មណ៍តានតឹងព្រោះនៅជុំវិញជើងភ្នំរំព័ទ្ធ ទៅដោយផ្ទះប្រជាពលរដ្ឋ និងចម្ការស្រែ ព្រមទាំងដងទន្លេដ៏ស្រស់ស្អាតមានភាពទាក់ទាញ ហើយម្យ៉ាងវិញទៀតក៏មានរឿងដំណាលពាក់ព័ន្ធទៅក្រពើសុពណ៌កាឡីដែលជាឈ្មោះភ្នំនេះផងដែរ។
– ប្រាសាទប្រាំ៖ មានទីតាំងស្ថិតនៅភូមិចង្អង់ ឃុំចង្កង់ ស្រុកចិត្របុរី មានចម្ងាយផ្លូវ១៨គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ទីនេះជាទីតាំងប្រាសាទសាងសង់តាំងពីសម័យចេនឡា បច្ចុប្បន្នប្រាសាទទាំងនេះបាក់បែកនិងកប់ក្នុងដីស្ទើរទាំងស្រុង នៅសល់តែបំណែកតិចតួចតែប៉ុណ្ណោះ។
២. រមណីយដ្ឋានធម្មជាតិ

– អន្លង់ផ្សោត៖ មានទីតាំងស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយផ្លូវ ៦៥ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តទស្សនាសត្វផ្សោតដ៏កម្រក្នុងដងទន្លេមេគង្គ និងអាចទិញវត្ថុអនុស្សាវរីយ៍ រូបចម្លាក់សត្វផ្សោត ឬចម្លាក់ផ្សេងៗដែលជាស្នាដៃផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍នៅតំបន់នេះ។
-រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី៖ មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី មានចម្ងាយផ្លូវ១៦គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចសម្រាកលំហែកាយនៅតាមរោងទឹក ដែលសាងសង់ជាជួរនៅលើផ្ទៃនៃដងទន្លេមេគង្គ ក៏ដូចជាទទួលទានអាហារស្រស់ៗថ្មីៗដ៏មានឱជារស ដែលជាស្នាដៃបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ រួមផ្សំនឹងស្តាប់សម្លេង ទឹកហូរបែបធម្មជាតិពិតៗ។

-កោះយ (កោះព្រហ្មចារី)៖ មានទីតាំងស្ថិតនៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយផ្លូវ ១៧ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ជាកោះដែលស្ថិតនៅខាងលិច នៃរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី។ យើងអាចធ្វើដំណើរទៅទីនោះដោយជិះទូកនៅត្រង់ចំណុចអន្លង់ផ្សោតកាំពីចម្ងាយ១គីឡូម៉ែត្រ។ ទីនោះក៏ជាទីកន្លែងដែលល្អសម្រាប់ពិកនិច ឬ បោះតង់។
-ព្រែកជ្រៃមាំង (ជាតំបន់បម្រុងដែលត្រៀមនឹងចុះធ្វើបច្ចុប្បន្នភាពឡើងវិញ)៖ មានទីតាំងស្ថិតនៅភូមិ ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល មានចម្ងាយ ៩៥គីឡូ ម៉ែត្រពីទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចងូតទឹកកម្សាន្ត ឬទទួលទានអាហារ គយគន់ទឹកធ្លាក់នៅទីនោះ។
– ឆ្នេរខ្សាច់រកាកណ្តាល៖ មានទីតាំងស្ថិតនៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ។ ឆ្នេរខ្សាច់មួយនេះស្ថិតនៅប្របមាត់ច្រាំងទន្លេខាងកើត ភ្ញៀវទេសចរអាចហែលទឹកទទួលទានអាហារ គយគន់ថ្ងៃលិចដ៏ស្រស់ស្អាត។

-តាព្រហ្ម (ជាតំបន់បម្រុងដែលមនី្ទរត្រៀមនឹងចុះធ្វើបច្ចុប្បន្នភាពឡើងវិញ)៖ មានទីតាំងស្ថិតនៅភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ចម្ងាយផ្លូវ៦៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចងូតទឹកកម្សាន្ត ឬទទួលទានអាហារគយគន់ទឹកហូរនៅទីនោះ។
-កោះទ្រង់ ៖ មានទីតាំងស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ចម្ងាយ០១គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ (កោះទល់មុខក្រុងក្រចេះ)។ នៅទីនោះគឺជាសហគមន៍ អេកូទេសចរណ៍ធម្មជាតិ ។ ភ្ញៀវទេសចរអាចស្នាក់នៅ ទទួលទានអាហារក្នុងតំបន់ ជិះកង់ រទេះសេះ រទេះគោ កម្សាន្តជុំវិញកោះ មើលជីវភាពប្រជាជននៅលើកោះ មើលតំបន់អភិរក្ស សត្វជ្រឹង និងដាំកូនឈើនៅទីនោះ។

-កោះផ្តៅ៖ មានទីតាំងស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ មានចម្ងាយ ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចស្នាក់នៅ ទទួលទានអាហារក្នុងតំបន់ និងទស្សនាព្រៃសហគមន៍។
-ទំនប់ជីវ៉ើន៧៩ (ជាតំបន់បម្រុងដែលមនី្ទរត្រៀមនឹងចុះធ្វើបច្ចុប្បន្នភាពឡើងវិញ)៖ មានទីតាំងស្ថិតនៅភូមិរហា ឃុំស្រែចារ ស្រុកស្នួល ចម្ងាយ ៩៤គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ ភ្ញៀវទេសចរអាចហែលទឹកលេង និងទទួលទានអាហារនៅទីនោះ។

-សហគមន៍អេកូទេសចរណ៍កោះសាមសិប៖ មានទីតាំងស្ថិតនៅ ភូមិកោះខ្ញែរ និង់ភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ភ្ញៀវទេសចរអាចជិះទូកមើលទេសភាពជុំវិញកោះ និងមើលសត្វស្លាប ឬបោះតង់នៅលើកោះដ៏ស្រស់ស្អាត។
-សហគមន៍អេកូទេសចរណ៍ តាចោរក្រហមក (កំពុងរៀបចំសិក្សាចងក្រងជាសហគមន៏)៖ មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ព្នៅ ឃុំកោះខ្ញែរ ស្រុកសំបូរ ចម្ងាយ ៩០ គីឡូម៉ែត្រតាមផ្លូវជាតិលេខ៧ ពីទីរួមខេត្តក្រចេះ។ តំបន់នេះភ្ញៀវទេសចរអាចទស្សនាទឹកជួរដ៏ស្រស់ស្អាត ជិះទូកកម្សាន្ត គយគន់មើលសត្វស្លាបច្រើនប្រភេទ ការដើរព្រៃ ព្រមទាំងអាចបោះតង់បាន។
៣. រមណីយដ្ឋានវប្បធម៌ធម្មជាតិ
– ព្រៃគគីរភ្នំព្រះ (ជាតំបន់បម្រុងដែលមនី្ទរត្រៀមនឹងចុះធ្វើបច្ចុប្បន្នភាពឡើងវិញ)៖ មានទីតាំងស្ថិតនៅភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកស្រុកឆ្លូង ចម្ងាយ៣៤ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ តំបន់រមណីយដ្ឋានមួយនេះ ជាកន្លែងគោរពសក្ការបូជា ក៏ដូចជា ទីកន្លែងដែលបន្ធូរអារម្មណ៍តានតឹងដោយគយគន់ទេសភាពជុំវិញជើងភ្នំ។
៤. កែច្នៃ
– កោះសុក្រម៖ មានទីតាំងស្ថិតនៅភូមិដា ឃុំដា ស្រុកចិត្របុរី ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ នៅទីនេះគឺជាបឹងរំលៀចដែលមានប្រភពទឹកធំ ហើយមានរោងអង្គុយ កម្សាន្តគយគន់ទេសភាពបែបធម្មជាតិនៅតំបន់ជុំវិញនោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល