ព័ត៌មានជាតិ
សៀវភៅ ប្រវត្តិប្រាសាទបុរាណខ្មែរ “មគ្គុទ្ទេសក៍អាណាចក្រអង្គរ” ផលិតដោយកូនខ្មែរ កំពុងទទួលបានការគាំទ្រ
សៀវភៅប្រវត្តិប្រាសាទបុរាណខ្មែរ “មគ្គុទ្ទេសក៍អាណាចក្រអង្គរ” ដែលស្រាវជ្រាវសរសេរដោយកូនខ្មែរ ជាភាសាខ្មែរមានចំនួន២ភាគ និងភាសាអង់គ្លេស បានបោះពុម្ពចេញផ្សាយជាផ្លូវការ ហើយក៏កំពុងទទួលបានការគាំទ្រពីប្រិយមិត្តអ្នកអានផងដែរ នេះបើតាមការបញ្ជាក់ពីលោក ហែម សោភ័ន្ត។

លោក ហែម សោភ័ន្ត បានថ្លែងប្រាប់កម្ពុជាថ្មីថា អ្វីៗកើតឡើងពីដើមហេតុរបស់វា ហើយចំពោះការសរសេរសៀវភៅនេះ ក៏ផ្ដើមចេញពីបទពិសោធន៍នៃការងារផងដែរ។ លោកថាដំបូងលោកបានចេញទៅខេត្តសៀមរាប ដើម្បីធ្វើការងារជាមគ្គុទេសទេសចរណ៍ ប៉ុន្តែដោយសារតែការស្វែងរកឯកសារមិនបាន ទើបធ្វើឱ្យលោកប្រឡងធ្លាក់ ប៉ុន្តែខាងក្រុមហ៊ុនបានអនុញ្ញាតឲ្យធ្វើការនៅផ្នែក office រយៈពេលមួយឆ្នាំ ដែលនេះគឺជាឱកាសធ្វើឲ្យលោកស្វែងយល់ពីមគ្គទេសក៍ទេសចរណ៍ ដើម្បីធ្វើការប្រឡងនៅឆ្នាំក្រោយ។ ផ្អែកតាមបទពិសោធន៍ការងារផ្ទាល់ ក៏ដូចជាការស្វះស្វែងស្រាវជ្រាវបន្ថែមផងនោះ ធ្វើឲ្យលោកមានបទពិសោធន៍ច្រើននៅក្នុងជីវិត។

ទោះជាយ៉ាងណា លោក ហែម សោភ័ន្ត បានអះអាងថា នៅពេលលោកសួរនាំទៅកាន់មគ្គុទ្ទេសក៍ទេសចរណ៍ផ្សេងៗ ហាក់ដូចជាមានការលាក់លៀម។ លោកថា ពេលខ្លះលោកបានសួរនាំទៅកាន់ភ្ញៀវទេសចរណ៍ ដែលចូលទៅលេងប្រាសាទអង្គរវត្ត ពួកគាត់បានអះអាងថា ពួកគាត់បានត្រឹមមើលថ្មប្រាសាទ ដោយមិនបានយល់ដឹងស៊ីជម្រៅអំពីការកសាងប្រាសាទអង្គរវត្តនេះទេ ហេតុដូច្នេះហើយទើបលោកមានគំនិតមួយថា ប្រសិនបើខ្លួនឯងអាចធ្វើអ្វីមួយ សម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ លោកខ្លួននឹងធ្វើ។ ដូច្នេះដោយផ្អែកទៅលើការខ្វះឯកសារអាន ខ្វះអ្នកសរសេរ និងការលាក់លៀម ទើបលោកយកបទពិសោធន៍ទាំងនេះ ទើបលោកតាំងចិត្តចងក្រងជាសៀវភៅ ដើម្បីឱ្យកូនខ្មែរបានមើល បានអាន បានដឹងអំពីប្រវត្តិប្រាសាទនានានៅលើទឹកដីខេត្តសៀមរាប។

លោក ហែម សោភ័ន្ត ដែលអះអាងថា បានរៀនចប់មហាវិទ្យាល័យទេសចរណ៍ និងអនុបណ្ឌិតផ្នែក business ម៉ាស្ទ័រអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម អនុបណ្ឌិតរដ្ឋបាលសាធារណៈ បានអះអាងថា នៅឆ្នាំ២០០៩ លោកបាននិពន្ធចប់សៀវភៅមួយ ដែលមានឈ្មោះថា “អាជីពមគ្គុទេសទេសចរណ៍” ហើយចាប់ពីពេលនោះមក លោកមានគំនិតសរសេរសៀវភៅអំពីប្រវត្តិប្រាសាទនានា នៅលើទឹកដីខេត្តសៀមរាប ហើយលោកក៏ចាប់ផ្ដើមប្រមូលឯកសារទាំងឡាយពីបណ្ណាល័យ ពីកន្លែងផ្សេងៗ ផ្សំជាមួយនឹងចំណេះដឹងដែលមាន ចាប់ផ្ដើមសរសេរសៀវភៅនេះឡើង ដោយចាប់ផ្ដើមពីឆ្នាំ២០០៩ ហើយបានបោះពុម្ពនៅឆ្នាំ២០១៤ គឺមានរយៈពេល៥ឆ្នាំ តែរយៈពេល៥ឆ្នាំនេះ គឺបោះពុម្ពបានកែភាគទីមួយប៉ុណ្ណោះ ហើយបោះពុម្ពប្រមាណ៣០០០ក្បាលជាដំបូង ហើយដោយសារតែមានការគាំទ្រពីអតិថិជន ក៏ដូចជាមហាជនក្នុងការទិញសៀវភៅនេះ ធ្វើឲ្យលោកមានដើមទុនក្នុងការបង្វិលបោះពុម្ពជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន។

បើតាមការដឹងពីលោក ហែម សោភ័ន្ត តាំងពីការបោះពុម្ពផ្សាយសៀវភៅនេះឡើងមិនទទួលបានប្រតិកម្មអវិជ្ជមានពីស្ថាប័នណាមួយ ក៏ដូចជាមហាជននោះទេ ទាក់ទងទៅនឹងអត្ថបទប្រវត្តិសាស្ត្រ និងខ្លឹមសារនោះឡើយ។
ទាក់ទងទៅនឹងការបោះពុម្ពសៀវភៅនេះដែរ លោកអះអាងថា ក៏ជាក្តីព្រួយបារម្ភមួយដែរ ដោយសារតែលោកមើលឃើញថា យុវជនមហាជនខ្មែរភាគច្រើនមិនសូវចាប់អារម្មណ៍ នឹងការអានសៀវភៅនោះទេ ដោយសារតែស្ថិតក្នុងបរិបទ នៃបច្ចេកវិទ្យា ប៉ុន្តែលោកក៏គិតដែរថា ពេលខ្លះ សូម្បីតែលោកខ្លួនឯងក៏ពិបាករកសៀវភៅអានដែរ ហើយមានសៀវភៅខ្លះលោកដកស្រង់បានពីរបីចំណុចប៉ុណ្ណោះ ដូច្នេះហើយទើបលោកគិតថា មានប្រជាពលរដ្ឋមួយចំនួនដែលមិនចូលចិត្តអាន ដោយសារតែនៅពេលអានសៀវភៅ មិនតម្រូវទៅតាមអ្វីដែលពួកគាត់ចង់បាន ចង់ដឹង ជាពិសេសទាក់ទងទៅនឹងចំណងជើង ដែលមានពេលខ្លះខ្លឹមសារមិនត្រូវតាមចំណងជើង ដូច្នេះមិនត្រូវតាមអ្វីដែលពួកគាត់ចង់បាន ហើយធ្វើឲ្យមនុស្សមួយចំនួនដែលព្យាយាមសាកល្បង បែរជាមានអារម្មណ៍ខ្ជិលអានទៅវិញ។
ចំពោះសៀវភៅដែលលោកសរសេរនេះ លោកមានក្តីស្រមើស្រមៃមួយ ក៏ដូចជាលើកជាសំណួរសម្រាប់ខ្លួនឯងថា តើគួរសរសេរសៀវភៅបម្រើឱ្យអ្នកណា ? ដូច្នេះលោកគិតថា សៀវភៅនេះ គឺលោកត្រូវតែសរសេរសម្រាប់ប្រជាពលរដ្ឋទូទៅ សម្រាប់កូនក្មេង ឪពុកម្ដាយ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ក៏ដូចជាភ្ញៀវទេសចរ ដូច្នេះនៅពេលលោកយកគោលដៅអតិថិជនបែបនេះ ដោយសរសេរបែបសម្រាយ និងមានរូបភាព គួបផ្សំទៅនឹងអក្ខរាវិរុទ្ធត្រឹមត្រូវផងនោះ ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាមហាជនចាប់អារម្មណ៍ ពីព្រោះមួយខែចុងក្រោយនេះ ការចាប់ផ្តើមទិញសៀវភៅរបស់លោកបានកើនឡើង ហើយអ្នកទិញសៀវភៅមានជាសិស្ស ជានិស្សិត ជាប្រជាពលរដ្ឋ គឺគ្រប់មជ្ឈដ្ឋានតែម្ដង មានទាំងព្រះសង្ឃ និងមន្ត្រីរាជការផងដែរ។
សូមបញ្ជាក់ថា សៀវភៅនេះ ភាគទី១ មានចំនួន២៤៤ទំព័រ និងភាគទី២ មានចំនួន២០០ទំព័រ ហើយជាភាសាអង់គ្លេសមានចំនួន៣១២ទំព័រ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង