ព័ត៌មានជាតិ
ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងមានប្រវែង ១៤៨ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិលរហូតដល់ក្រុងខេមរ ភូមិន្ទខេត្តកោះកុង។គម្រោងនេះរួមមាន៖ផ្លូវ២គន្លងមានប្រវែង១២២.៩គីឡូម៉ែត្រ,ទទឹងផ្លូវ១១ម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែង២៥.១គីឡូម៉ែត្រទទឹងចាប់ពី១៨.៥ម៉ែត្រដល់ ២១.៥ម៉ែត្រ។ ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែងដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង,ចំណុចប្រសព្វស្រែអំបិល,ចំណុចប្រស ព្វផ្លូវបំបែកចូលទៅគិរីសាគរ,ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនីនិងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែ មិថុនា ឆ្នាំ ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ៦៥.១៤ លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។
គួររំលឹកថា ផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០០៨ ។ កាលនោះផ្លូវនេះ ត្រូវបានស្ថាបនាដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)មាន២គន្លងប្រវែងសរុប១៥០គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនថៃក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ក្នុងនោះរាជរដ្ឋាភិបាលថៃក៏បានផ្តល់ ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។ បើតាមមន្រ្តីជំនាញប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)នេះមានអាយុកាលជាមធ្យមពី៥ឆ្នាំទៅ៨ឆ្នាំ ប្រសិន បើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ហើយការសម្រេចសាងសង់ផ្លូវជាតិនេះជា២គន្លងនៅក្នុងអំឡុង ពេលនោះគឺផ្អែកលើចំនួនចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងអ្នកដំណើរឆ្លងកាត់ដែលមានចំនួនតិចនៅឡើយគឺសរុបប្រមាណត្រឹមតែជាង ៥០០គ្រឿង/ថ្ងៃ ប៉ុណ្ណោះរួមមាន៖យានយន្តប្រមាណជាង៣០០គ្រឿងនិងទោចក្រយានយន្តប្រមាណជាង ២០០គ្រឿង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា៖បច្ចុប្បន្ននេះចំនួនចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨ នេះមានកំណើនច្រើនពោលមានសរុបប្រមា ៣,៣៣៩ គ្រឿង ក្នុងមួយថ្ងៃរួមមាន៖យានយន្តប្រមាណ១,៩៦២ គ្រឿងនិងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង ។បន្ថែមពីលើនោះគួបផ្សំជាមួយកំណើនសេដ្ឋកិច្ចការកើន ឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទើបតម្រូវឱ្យផ្លូវជាតិលេខ៤៨នេះត្រូវស្ថាបនាលើកកម្រិតគុណភាព ឡើងវិញដោយក្រាលបេតុងកៅស៊ូ(AC)អ៊ុតកម្រាស់៧សង់ទីម៉ែត្រនិងក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា៤គន្លងចំនួន ២៥.១គីឡូម៉ែត្រ,សាងសង់ស្ពានថ្មីចំនួន ០៤កន្លែងមានប្រវែងសរុប១១៣ម៉ែត្រនិងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែងនិងពង្រីក១២៥កន្លែង)និងលូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់និងបរិក្ខារចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាផ្លូវជាតិលេខ៤៨នេះគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទី២ដែលរួមមាន៖ ខេត្តព្រះសីហនុ ខេត្ត កែប ខេត្តកំពតនិងខេត្តកោះកុងដែលជាតំបន់ឧស្សាហកម្មទេសចរណ៍ធម្មជាតិនិងតំបន់មាត់សមុទ្រ ។ ខ្សែផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរ ការសាងសង់និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តប៉ៃលិនមកកាន់តំបន់ឆ្នេរកម្ពុជាហើយផ្លូវនេះនឹងត្រូវបានចាត់ទុកថាជាសរសៃឈាមសេដ្ឋកិច្ចដ៏ មានសក្តានុពលរបស់កម្ពុជាក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសជាពិសេសកំពង់ផែទឹកជ្រៅនៅ ក្រុងព្រះសីហនុសំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគនិងការដឹកជញ្ជូនដំណាំកសិផលនិងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។
ផ្លូវជាតិលេខ៤៨ នឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃប្រទេសកម្ពុជានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដែលរំពឹងថា នឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះផងដែរ។ បន្ថែមពីលើនេះផ្លូវមួយខ្សែនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយ វ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គGMS (R10)ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ៕ ដោយ៖ណារី




-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង